អានតួអត្ថបទ

ប៉ាគីស្ថាន៖ មុន​បោះឆ្នោត​មួយ​ថ្ងៃ បក្ស​កាន់អំណាច​ ប្រកាស​​ថា​ខ្លួន​នឹង​ឈ្នះ​ឆ្នោត​

ផ្សារ​មួយ​នៅ​ប៉ាគីស្ថាន ដែល​មាន​បដា​ឃោសនា​បក្ស​
ផ្សារ​មួយ​នៅ​ប៉ាគីស្ថាន ដែល​មាន​បដា​ឃោសនា​បក្ស​ REUTERS/Faisal Mahmood
ដោយ៖ ហេង ឧត្តម
១៤ នាទី

ថ្ងៃពុធ ទី២៥កក្កដា​នេះ ប៉ាគីស្ថាន​រៀបចំ​ការ​បោះឆ្នោត​ជាតិ​។ ក្នុង​ចំណោម​ពលរដ្ឋ​ប្រមាណ​២០០លាន​នាក់ គឺ​មាន​មនុស្ស​ប្រមាណ​១០០លាន​នាក់ ដែល​បាន​ចុះ​ឈ្មោះ​​បោះឆ្នោត​។ ការ​បោះឆ្នោតជាតិ​​នេះ គឺ​ពោរ​ពេញ​ដោយ​ក្តី​ព្រួយ​បារម្ភ​ ពីរឿង​សុវត្ថិភាព ​និង​ព្រួយ​បារម្ភ​ពីការ​ជ្រែត​ជ្រែង​របស់​កង​កម្លាំង​ដែល​ស្និទ្ធ​នឹង​បក្ស​កាន់​អំណាច។

ផ្សាយពាណិជ្ជកម្ម

នៅ​ប៉ាគីស្ថាន​  ការ​បោះឆ្នោត​ជាតិ​លើកនេះ មាន​បក្ស​បី​ ដែល​មាន​សន្ទុះ​គាំទ្រ​ខ្លាំង។ ទី១ ​គឺ «គណ​បក្សសម្ព័​ន្ធ​​អ៊ីស្លាម​ប៉ាគីស្ថាន» ដែល​ជា​បក្ស​កាន់​អំណាច​ជា​ច្រើន​អាណត្តិ​មក​ហើយ។ ក៏ប៉ុន្តែមួយ​រយៈ​ចុងក្រោយ គឺ​ក្នុង​ជួរ​រដ្ឋាភិបាល​ជួប​រឿង​អាស្រូវ​ពុក​រលួយ​ច្រើន​។ សូម្បីតែ​អតីត​នាយករដ្ឋមន្ត្រី Nawaz Sharif ក៏ត្រូវ​លាលែង​ពី​តំណែង ហើយត្រូវ​តុលាការ​ចោទ​ប្រកាន់​ ​ដោយសាររឿង​ពុក​រលួយ​ដែរ។

ដូច្នេះ ពលរដ្ឋ​សង្ឃឹម​ទៅលើ​បក្ស​ទី២ដែល​ជា​បក្ស​ប្រឆាំង។ បក្ស​នេះ​មាន​ឈ្មោះថា «ចលនា​ដើម្បី​យុត្តិ​ធម៌» ដឹកនាំ​ដោយលោក អ៊ីមរ៉ាន ឃាន់ (Imran Khan)។ លោក Imran Khan គឺជាអតីតកីឡាករកីឡាគ្រីកេត ដែលបានដឹកនាំក្រុមកីឡាគ្រីកេត​ជម្រើសជាតិ​ប៉ាគីស្ថាន ឲ្យបានពានរង្វាន់ពិភពលោកនៅឆ្នាំ១៩៩២។ កីឡាគ្រីកេតនេះ គឺជានិម្មិតរូប និងជាមោទនភាពខ្លាំងសម្បើមណាស់ របស់ប៉ាគីស្ថាន។ ហេតុដូច្នេះហើយ បានជាលោក Imran Khan មានឈ្មោះល្បី មានអ្នកគាំទ្រច្រើន។

ចំណែកគណបក្សទី៣ គឺគណបក្សប្រជាជនប៉ាគីស្ថាន ដឹកនាំដោយលោកBilawal Bhutto Zardari កូនប្រុសរបស់អតីតនាយរដ្ឋមន្ត្រី គឺលោកស្រី Benazir Bhutto ដែលត្រូវបានគេធ្វើឃាតកាលពីឆ្នាំ២០០៧។ ជា​អ្នក​នយោបាយ​វ័យ​ក្មេង កើត​ក្នុង​ពូជ​ត្រកូលអ្នក​​នយោបាយ​តពូជ​  ជីតា​ និង​ម្តាយ​របស់​លោក សុទ្ធតែ​ជា​អ្នក​នយោបាយ ហើយដែល​ត្រូវ​គេ​ធ្វើ​ឃាតទាំងអស់​។ អ្នក​នយោបាយ​ប្រឆាំង​រូបនេះ រត់​នៅ​និរទេស​ខ្លួន នៅ​អង់គ្លេស​និង​អារ៉ាម​រួម ហើយ​លោក​ចេះ​អង់គ្លេស​ ស្ទើរតែ​ស្ទាត់​ជាង​​ភាសា​ជាតិកំណើត​​របស់​ខ្លួន​ផង។​

នៅ​ក្នុង​យុទ្ធនាការ​ហែ​ក្បួនឃោសនាជា​ចុងក្រោយ ​កាលពីថ្ងៃ​ចន្ទ លោក Imran Khanបាន​អំពាវវនាវ​ឲ្យ​អ្នក​គាំទ្រ​ ងើប​ពី​ព្រឹម​ នៅ​ថ្ងៃ​ពុធ​ ទី​២៥កក្កដានេះ ដើម្បី​ទៅ​បោះឆ្នោត។

ចំណែក​លោក Shahbaz Sharif ដែល​ជា​ប្រមុខ​ដឹកនាំ​បក្សសម្ព័ន្ធ​អ៊ីស្លាម​ប៉ាគីស្ថាន បន្ត​តំណែង​ពីបងប្រុស ក៏បាន​ប្រកាស​ក្តី​សង្ឃឹម​ជាស្រេច​ហើយដែរ ថា បក្ស​កាន់អំណាច​នឹង​​ឈ្នះ​យ៉ាង​​ប្រាកដ​។

គួរ​ជ្រាបដែរ​​ថា ក្នុង​អំលុង​យុទ្ធនាការឃោសនាបោះឆ្នោត​នៅ​ប៉ាគីស្ថាន ​រយៈ​ជាងពីរ​សប្តាហ៍មកនេះ គឺ​មាន​ ​ហិង្សា​និង​អំពើ​ភេរវកម្ម​ ជា​​ច្រើនលើក ដែល​បណ្តាល​ឲ្យ​ម​នុស្ស​១៨០នាក់​ស្លាប់។​ ក្នុង​នោះ ​បេក្ខជន​ឈរ​ឈ្មោះ​ បីនាក់ ក៏​ស្លាប់ ហើយ​និងមាន​​មនុស្ស​រាប់​រយ​​នាក់​រង​របួស។ ហេតុនេះ ដើម្បី​ពង្រឹង​សន្តិសុខនៅ​ថ្ងៃ​បោះឆ្នោត​ថ្ងៃពុធនេះ​ អាជ្ញាធរ​បាន​ដាក់​ពង្រាយ​ទាហានចំនួន​៣៧ម៉ឺន​នាក់ និង​ប៉ូលិស​៤៥ម៉ឺននាក់។ ក៏ប៉ុន្តែ ដោយសារ​កង​ទ័ពដែល​​ស្និទ្ធ​នឹង​បក្ស​កាន់អំណាច​ខ្លាំងពេក ត្រូវ​បាន​អ្នក​សង្កេត​ការណ៍សម្តែង​​ក្តី​ព្រួយ​បារម្ភ ថា​ ទាហាន​កងទ័ព​ទាំងនោះ អាច​លូក​ដៃ​ជ្រៀត​ជ្រែក​​ក្នុង​ដំណើរ​ការ​បោះឆ្នោត​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ