សមាជិកភាពរបស់ប៉ាឡេស្ទីននៅអ.ស.ប.៖ ដំណើរការនីតិវិធីអាចនឹងចំណាយពេលរាប់ខែ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅថ្ងៃសុក្រ ២៣ កញ្ញា ២០១១នេះ លោកម៉ះមូដ អាបាស់ (Mahmoud Abbas) ប្រធានអាជ្ញាធរប៉ាឡេស្ទីន នឹងជួបជាមួយលោកបាន គីមូន អគ្គលេខាធិការអ.ស.ប. ដើម្បីដាក់ពាក្យជាផ្លូវការសុំចូលជាសមាជិកពេញសិទ្ធិរបស់អ.ស.ប. ទោះបីជាសហរដ្ឋអាមេរិកគំរាមថានឹងប្រើសិទ្ធិវ៉េតូជំទាស់សមាជិកភាពរបស់ប៉ាឡេស្ទីនក៏ដោយ។ តើការទទួលសមាជិកថ្មីរបស់អ.ស.ប.មានដំណើរការនីតិវិធីដូចម្តេចខ្លះ?
យោងតាមមាត្រា ៤ នៃធម្មនុញ្ញអ.ស.ប. ការទទួលសមាជិកថ្មីត្រូវធ្វើឡើងតាមរយៈការបោះឆ្នោត ដោយមហាសន្និបាត (ដែលរួមមានប្រទេសទាំង ១៩៣ ជាសមាជិកអ.ស.ប.) ទៅតាមសំណើរបស់ក្រុមប្រឹក្សាសន្តិសុខ (១៥ប្រទេសជាសមាជិក)។
នីតិវិធីលម្អិតនៃដំណើរការទទួលសមាជិកថ្មី មានចែងក្នុងវិធាននីតិវិធីរបស់អ.ស.ប. ចាប់ពីវិធាន១៣៤ ដល់ ១៣៨។
ជាដំបូង ប៉ាឡេស្ទីនត្រូវដាក់ពាក្យសុំជាផ្លូវការ ទៅលោកបាន គីមូន អគ្គលេខាធិការអ.ស.ប.។ បន្ទាប់មក លោកបាន គីមូន ត្រូវបញ្ជូនពាក្យសុំរបស់ប៉ាឡេស្ទីន ទៅឲ្យក្រុមប្រឹក្សាសន្តិសុខ។ ក្រុមប្រឹក្សាសន្តិសុខត្រូវបង្កើតគណៈកម្មាធិការពិសេសមួយ ដើម្បីសិក្សាលម្អិតលើពាក្យសុំនេះ មុននឹងដាក់ជូនសមាជិកក្រុមប្រឹក្សាសន្តិសុខបោះឆ្នោតអនុម័ត។
នៅក្នុងក្រុមប្រឹក្សាសន្តិសុខ ប៉ាឡេស្ទីនត្រូវមានសំឡេងគាំទ្រយ៉ាងតិច ៩សំឡេង ក្នុងចំណោមសមាជិកទាំង ១៥ ហើយមិនត្រូវមានប្រទេសណាមួយក្នុងចំណោមសមាជិកអចិន្រ្តៃយ៍ (អាមេរិក អង់គ្លេស បារាំង ចិន និងរុស្ស៊ី) បោះឆ្នោតប្រឆាំង (វ៉េតូ)។
ក្នុងករណីក្រុមប្រឹក្សាសន្តិសុខអនុម័តគាំទ្រសមាជិកភាពប៉ាឡេស្ទីន សំណុំរឿងនេះត្រូវបញ្ជូនបន្ត ទៅឲ្យមហាសន្និបាតអ.ស.ប.បោះឆ្នោតអនុម័ត។ ការបោះឆ្នោតអនុម័តនៅមហាសន្និបាតត្រូវធ្វើឡើង ដោយសំឡេងភាគច្រើន ២ភាគ៣ ពោលគឺ យ៉ាងតិច ១២៩សំឡេងគាំទ្រ ក្នុងចំណោមសមាជិកទាំង ១៩៣ប្រទេស។
អាជ្ញាធរប៉ាឡេស្ទីនបានអះអាងថា រហូតមកទល់ពេលនេះ មានប្រទេសយ៉ាងតិច ១២៦ ដែលគាំទ្រសមាជិកភាពប៉ាឡេស្ទីន ក្នុងអ.ស.ប.។ ដូច្នេះ ការបោះឆ្នោតនៅក្នុងមហាសន្និបាតទំនងជាមិនចោទជាបញ្ហានោះទេ។ ក៏ប៉ុន្តែ ឧបសគ្គ គឺនៅឯក្រុមប្រឹក្សាសន្តិសុខ ដែលសហរដ្ឋអាមេរិកគ្រោងនឹងប្រើសិទ្ធិវ៉េតូ។
ដោយដឹងថា ការប្រើសិទ្ធិវ៉េតូលើសមាជិកភាពប៉ាឡេស្ទីនអាចនឹងធ្វើឲ្យអាមេរិកត្រូវទទួលរងនូវការរិះគន់ពីសហគមន៍អន្តរជាតិ និងអាចធ្វើឲ្យខូចទំនាក់ទំនងជាមួយប្រទេសអារ៉ាប់ អាមេរិកកំពុងតែព្យាយាមធ្វើយ៉ាងណាបញ្ចៀសកុំឲ្យមានការបោះឆ្នោតលើសមាជិកភាពប៉ាឡេស្ទីន នៅក្រុមប្រឹក្សាសន្តិសុខ។ ដូច្នេះ គេរំពឹងថា ពាក្យសុំរបស់ប៉ាឡេស្ទីនទំនងជានឹងត្រូវជាប់គាំងក្នុងដៃគណៈកម្មាធិការពិសេសរបស់ក្រុមប្រឹក្សាសន្តិសុខ រយៈពេលរាប់សប្តាហ៍ ឬរហូតដល់រាប់ខែ។ អាមេរិកប្រាកដជាប្រើគ្រប់មធ្យោបាយ ដើម្បីពន្យារពេល មិនឲ្យក្រុមប្រឹក្សាសន្តិសុខធ្វើការបោះឆ្នោតលើសមាជិកភាពរបស់ប៉ាឡេស្ទីនភ្លាមៗនោះទេ ដើម្បីទុកពេលបញ្ចុះបញ្ចូល ឬដាក់សម្ពាធលើអាជ្ញាធរប៉ាឡេស្ទីនឲ្យដកពាក្យសុំនេះចេញវិញ។
ប្រសិនបើគ្មានការគាំទ្រពីសំណាក់ក្រុមប្រឹក្សាសន្តិសុខ ប៉ាឡេស្ទីនមិនមានផ្លូវណាផ្សេងទៀត ដើម្បីចូលជាសមាជិកពេញសិទ្ធិរបស់អ.ស.ប.នោះទេ។ ក៏ប៉ុន្តែ ប៉ាឡេស្ទីនអាចសុំចូលត្រឹមជារដ្ឋសង្កេតការណ៍របស់អ.ស.ប. ដូចជាបុរីវ៉ាទីកង់នាពេលបច្ចុប្បន្ន។
ការសុំចូលត្រឹមជារដ្ឋសង្កេតការណ៍ត្រូវឆ្លងកាត់ការបោះឆ្នោតតែក្នុងមហាសន្និបាតមួយប៉ុណ្ណោះ ដោយមិនចាំបាច់ឆ្លងកាត់ការបោះឆ្នោតក្នុងក្រុមប្រឹក្សាសន្តិសុខនោះទេ។ ដូច្នេះ មិនមានប្រទេសណាមួយអាចប្រើសិទ្ធិវ៉េតូ រារាំងប៉ាឡេស្ទីនមិនឲ្យចូលជាសមាជិកសង្កេតការណ៍របស់អ.ស.ប.បាននោះទេ។
ម្យ៉ាងវិញទៀត នៅក្នុងមហាសន្និបាតអ.ស.ប. ការបោះឆ្នោតអនុម័តទទួលយកសមាជិកសង្កេតការណ៍អាចធ្វើទៅបាន ដោយសំឡេងភាគច្រើន ៥០% + ១ ពោលគឺ ត្រឹមតែ ៩៧សំឡេងប៉ុណ្ណោះ ក្នុងចំណោមសមាជិកទាំង ១៩៣ប្រទេស ខុសពីការសុំចូលជាសមាជិកពេញសិទ្ធិ ដែលទាមទារឲ្យមានការគាំទ្រដោយសំឡេងភាគច្រើន ២ភាគ៣៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ