នុយក្លេអ៊ែរ​

រោងចក្រ​​​​នុយក្លេអ៊ែរ​​​ក្នុង​​​​​​ពិភពលោក​​​​នឹង​​​​​បន្ត​កើន​​​ចំនួន​​​ យ៉ាងហោច​​​​ដល់​​​​ឆ្នាំ២០៣០​​​​​​

មជ្ឈមណ្ឌល​នុយក្លេអ៊ែរ ​នៅបែលហ្ស៊ិក
មជ្ឈមណ្ឌល​នុយក្លេអ៊ែរ ​នៅបែលហ្ស៊ិក @wikipedia.org

រោងចក្រ​នុយក្លេអ៊ែរ​ក្នុងពិភពលោក​នឹង​បន្ត​កើនចំនួន យ៉ាងហោច​ក៏​ដល់ឆ្នាំ​២០៣០ដែរ ពិសេស​នៅ​ទ្វីបអាស៊ី។ នៅឆ្នាំ​២០៣០ អំណាច​​​ផលិត​ថាមពល​ ​​អាចកើនឡើង​យ៉ាងតិច​១,៩ភាគរយ។​ ​នេះជា​ការសន្និដ្ឋានបែប​ប្រុងប្រយ័ត្ន ​​​​របស់​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​​​AIEA បើទោះ​ជា​នៅ​អឺរ៉ុប​ ចំនួន​​រោងចក្រ​នុយក្លេអ៊ែរ​​​បាន​ថយចុះ ក្រោយ​មាន​​មហន្តរាយ​​នៅ Fukushima​ក៏ដោយ។ 

ផ្សាយពាណិជ្ជកម្ម

យោងតាម​ការសិក្សា​ចុះផ្សាយនៅថ្ងៃសុក្រ​នេះ ​​ដោយ​ទីភ្នាក់ងារ​ថាមពល​ប​រមាណូ​អន្តរជាតិ ​AIEA ​គិតដល់​ឆ្នាំ២០៣០ ​រោងចក្រ​នុយក្លេអ៊ែរ​នឹង​បន្ត​​កើនចំនួន ក្នុងពិភពលោក។​ រោងចក្រ​នុយក្លេអ៊ែរ​ក្នុងពិភពលោក ​នឹង​ធ្វើការ​ផលិតថាមពល​​ ​​​​​រហូត​​ដល់ ​៣៩០,២ gigawatts (GW) ប្រៀប​នឹង​ឆ្នាំ២០១៥ ដែល​​បរិមាណ​ផលិត​មាន​​​ត្រឹម​តែ​​​៣៨២ GW ។ ​

ទោះ​បែបនេះ​ក្តី ក៏​តួលេខ​​​នេះ​នៅ​​​មានដែនកំណត់។ ដោយឡែក​ មូលហេតុ​ដែ​ល​នាំអោយ​គេសាង​សង់រោងចក្រ​បន្ថែម​ ក្នុងពេល​​១៥ឆ្នាំ​ទៅមុខ​ ​ក៏ដោយសារ​តែ​រោងចក្រ​នុយក្លេអ៊ែរ​ជាច្រើន​​​​​ក្នុងពិភពលោក​ ​​មាន​អាយុកាល​ចំណាស់ទៅ​​ហើយ។ ក្នុងពិភពលោក​ ​សព្វថ្ងៃនេះ មាន​ប្រតិករ​​នុយក្លេអ៊ែរ​​កំពុង​ដំណើរការ​​ចំនួន​​៤៥០។ ក្នុងនោះ ​ប្រតិករ​ជាងពាក់កណ្តាល​ បាន​ដំណើរការ​​ជាង​៣០ឆ្នាំហើយ។​ ​

ទោះ​​​​មាន​​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ​នៅ​ហ្វ៊ួគូស្ហ៊ីម៉ា​ ប្រទេស​ជប៉ុន ​​ឆ្នាំ​២០១១​​ ក៏​ប្រទេស​​​​ដូចជា​​​ចិន រឺ​ក៏​កូរ៉េខាងត្បូង នៅ​តែ​បន្ត​អភិវឌ្ឍន៍​ឧស្សហកម្ម​​​នុយក្លេអ៊ែរ​របស់ខ្លួន។ រោងចក្រ​នុយក្លេអ៊ែរ​នៅ​ចុងបូព៌ា ដែល​សព្វថ្ងៃ​​​​ផលិត​បានថាមពល​​​​​ជិត ​​៩៤ GW ​ អាច​​ផលិត​ដល់ជាង​ជាង​១៣២ GW សម្រាប់​១៥ឆ្នាំទៅមុខ។ រោងចក្រ​នៅ​មជ្ឈិមបូព៌ា​និង​អាស៊ីខាងត្បូង​​ក៏បង្កើន​ការផលិត​ដូចគ្នា ក្នុង​​ពេលខាងមុខ។  

នៅ​អឺរ៉ុប​ រុស្ស៊ី ​កំពុង​សង់​ប្រតិករ​ចំនួន​៧ ហើយ​បេឡារុស​វិញ​សង់ប្រតិករ​២ដែរ។ ដោយឡែក​​ បើ​​យោងតាម​ទីភ្នាក់ងារថាមពល​បរមាណូអន្តរជាតិ បើ​គិតជារួម​​​ ការផលិត​នៅ​តាម​​រោងចក្រ​​​នុយក្លេអ៊ែរនៅ​អឺរ៉ុប​ខាងកើត​ ​​អាច​​​ថយចុះ​វិញ​បន្តិច គឺ​ថយដល់​៤៩,៩ GW ប្រៀប​នឹង​​តួលេខ​១១២,៧ GW បច្ចុប្បន្ន។​ នៅ​អឺរ៉ុបខាងលិច និង​នៅ​អាមេរិក​ខាងជើង​​វិញ ក៏​នឹង​មាន​ការ​​ថយចុះ​ទៅវិញដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI