អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប៉ារីស​ប្រារព្ធ​ខួប​១០០​ឆ្នាំនៃសង្រ្គាមលោកលើកទីមួយ

សំឡេង ០៦:០២
បុណ្យឯករាជ្យ​បារាំង ប្រារព្ធ​នៅចំថ្ងៃ​បុណ្យ​១០០​ឆ្នាំ​នៃ​សង្រ្គាម​លោកលើក​ទីមួយ ១៤​កក្កដា ២០១៤
បុណ្យឯករាជ្យ​បារាំង ប្រារព្ធ​នៅចំថ្ងៃ​បុណ្យ​១០០​ឆ្នាំ​នៃ​សង្រ្គាម​លោកលើក​ទីមួយ ១៤​កក្កដា ២០១៤ REUTERS/Thomas Samson/Pool
ដោយ៖ ឈាង បុប្ផា

រដ្ឋាភិបាល​បារាំង​បានជ្រើសរើស​យក​ថ្ងៃ​បុណ្យជាតិ​បារាំង ១៤​កក្កដា ដើម្បី​រំលឹក​ខួប​១០០​ឆ្នាំ​នៃ​ការចាប់ផ្តើម​សង្រ្គាម​ប្រល័យលោក។ សង្រ្គាម​លោក​លើក​ទីមួយ (១៩១៤-១៩១៨)​បាន​ចាប់ផ្តើម​នៅ​អឺរ៉ុប និង​បាន​សម្លាប់​មនុស្ស​ជាង​៩​​លាន​នាក់ ដែល​ភាគច្រើន​ជា​ទាហាន​នៅ​ក្នុង​សមរភូមិ។ នៅ​ឆ្នាំ​២០១៤ រដ្ឋាភិបាល​បារាំង​បាន​អញ្ជើញ​អ្នកតំណាង​ប្រទេស​មកពី​៧៥​ប្រទេស ដែល​មាន​ទាំង​យោធា និង​យុវជន ដើម្បី​ចូលរួម​ក្នុង​ខួប​១០០​ឆ្នាំ​នៃសង្រ្គាម​លោកលើក​ទីមួយ ក្នុង​ទីក្រុង​ប៉ារីស។

ផ្សាយពាណិជ្ជកម្ម

ទាហាន​បារាំង​ជើងគោក ជើងអាកាស និង​ជើងទឹក និង​ក្រុមទាហាន​បរទេស​មក​ពី ៧៥ ប្រទេស​បាន​ចូលរួម​ដើរ​ព្យុហយាត្រា ចំណែក​ក្បួន​រថយន្ត រថពាស​ដែក រថក្រោះ និង​ទ័ពសេះ រាប់រយ​បរ​ទៅមុខ​យ៉ាងសង្ហារ នៅក្រោម​ក្រសែភ្នែក​របស់​ទស្សនិកជន  នៅលើ​វិថីChamps Elysées សំដៅ​វេទិកា​របស់ លោក​ប្រធានាធិបតី​បារាំង ហ្វ្រង់ស័រ ហូឡង់ ដែល​ស្ថិតនៅ​ទីលាន​La Concorde។

 
ជារៀងរាល់ឆ្នាំ ប្រទេស​បារាំង​រៀបចំ​បុណ្យ​ជាតិ ដើម្បី​រំលឹក​ដល់​បដិវត្តិ​បារាំង ១៤កក្កដា ១៩៧៨។ នៅថ្ងៃ​១៤​កក្កដា ប្រជាជន​បារាំង​ធ្លាប់​បាន​ធ្វើ​បដិវត្ត​រំដោះខ្លួន​ចេញ​ពី​របប​រាជា​និយម។ បុណ្យ​ជាតិ​នេះ​មាន​ប្រជាប្រិយភាព​ខ្លាំង​ណាស់ នៅក្នុង​ប្រទេស​បារាំង។ ប្រជាជន​បារាំង​រាប់ពាន់​នាក់​មក​ពី​គ្រប់ខេត្ត ក្រុង​ចុះឈ្មោះ និង​ធ្វើ​ដំណើរ​មក​ប៉ារីស ដើម្បី​អាចចូល​មើល​ក្បួន​ព្យុហយាត្រា ដ៏​មាន​របៀប និង​សំបូរបែប នៅលើ​ដងវិថី​ដ៏​ស្រស់ស្អាត​ជាងគេ​ក្នុង​ទីក្រុង​ប៉ារីស គឺ​Champs Ellysée។

រដ្ឋាភិបាល​បារាំង​ទំនង​ចង់ឆ្លៀត​ឱកាស​យក​បុណ្យជាតិ​ដែល​មាន​ប្រជាប្រិយភាព​ដើម្បី​រៀបចំ​ពិធី​​រំលឹក ខួប​១០០ ឆ្នាំ​នៃ​សង្រ្គាម​លោក​លើកទីមួយ និង​បាន​អញ្ជើញ​អ្នកតំណាង​ប្រទេស​ចំនួន​ ៨០ ឲ្យ​ចូលរួម។ តាមអ្នកវិភាគ ដោយរៀបចំ​កម្មវិធី​ខួប​១០០​ឆ្នាំ​នៃ​សង្រ្គាម​លោក​លើក​ទីមួយ រដ្ឋាភិបាល​បារាំង​មិន​ត្រឹម​សាង​កេរ្តិ៍​ឈ្មោះ​ក្នុង​នាម​ជា​ប្រទេស​ផ្តួចផ្តើម​គំនិត​រំលឹក​ដល់​សោកនាដកម្ម​នៃ​សង្រ្គាម​លោក​លើកទីមួយ ប៉ុន្តែ រដ្ឋាភិបាល​បារាំង​ក៏អាច​ឆ្លៀត​ឱកាស​នេះ​បង្ហាញ​សមត្ថភាព​ការពារ​ជាតិ​បារាំង តាំង​ពី​កងទ័ព សព្វាវុធ ដល់​ភ្ញៀវ​អន្តរជាតិ។ គួរដឹង​ថា ដូចជា​មហាអំណាច​អាមេរិក ឬ ប្រទេស នៅអឺរ៉ុប ផ្សេង​ទៀត រដ្ឋាភិបាល​បារាំង​ស្វែងរក​អតិថិជន ដើម្បី​ទិញ​យន្តហោះ​ចម្បាំង និង​សព្វាវុធ​របស់ខ្លួន។ ដូច្នេះ​ការឆ្លៀត​បង្ហាញ​កម្លាំង​កងទ័ព និង​ភាពសម្បូរ​បែប​នៃ​សព្វាវុធ​ដល់​ភ្នែក​​ភ្ញៀវ​​អន្តរជាតិ គឺ​ជា​សកម្មភាព​ផ្សព្វផ្សាយ​ដែល​អាច​​ផ្តល់​​ផល​ចំណេញ​​ដល់​​រដ្ឋាភិបាល​បារាំង។

ទាហាន​បារាំង​ និង​បរទេស​ស្លៀក​ឯកសណ្ឋាន​ទាហានដែល​ចូល​ប្រយុទ្ធ​ជួយ​បារាំង នៅ​​ជំនាន់​សង្រ្គាម​លោក​លើក​ទីមួយ ដើរ​ក្នុង​ព្យុហយាត្រា ១៤​កក្កដា ២០១៤
ទាហាន​បារាំង​ និង​បរទេស​ស្លៀក​ឯកសណ្ឋាន​ទាហានដែល​ចូល​ប្រយុទ្ធ​ជួយ​បារាំង នៅ​​ជំនាន់​សង្រ្គាម​លោក​លើក​ទីមួយ ដើរ​ក្នុង​ព្យុហយាត្រា ១៤​កក្កដា ២០១៤ Reuters

អ្នកតំណាងរាប់រយនាក់មកពី៧៥ប្រទេសចូលរួមបុណ្យរំលឹក​ដល់​ទាហាន​រាប់​លាន​នាក់​ដែល​ស្លាប់​នៅក្នុង​សង្រ្គាម​លោក​លើក​ទីមួយ

បុណ្យជាតិ​បារាំង នៅថ្ងៃ ១៤ កក្កដា នេះជា​ថ្ងៃ​បុណ្យ​ពិសេស​ខុសពី​ឆ្នាំមុនៗ ដោយ​រដ្ឋាភិបាល​បារាំង​បាន​សម្រេច​កំណត់​យក​ថ្ងៃនេះ ដើម្បី​រំលឹក​ខួប ១០០ ឆ្នាំ​នៃ​សង្រ្គាម​លោក​លើក​ទីមួយ ដែល​ចាប់ផ្តើម នៅឆ្នាំ ១៩១៤ និង​បញ្ចប់ទៅ នៅឆ្នាំ ១៩១៨។ នេះជា​លើក​ទី​មួយ​ដែល​អ្នកតំណាង​មក​ពី​ប្រទេស​ចំនួន​ពាក់កណ្តាល​ពិភពលោក​បាន​មក​ជួបជុំ​គ្នា នៅ​កន្លែង​តែមួយ ដើម្បី​បា្ររព្ធ​ខួប ១០០ ឆ្នាំ​នៃ​សង្រ្គាម​លោក​លើក​ទី​មួយ។

រដ្ឋាភិបាល​បារាំង​បាន​អញ្ជើញ​មនុស្ស​មក​ពី ៨០​ប្រទេស ប៉ុន្តែ មាន​តែ ៧៥​ប្រទេស ប៉ុណ្ណោះ​បាន​យល់ព្រម​ចូលរួម ក្នុងនោះ​មាន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​រដ្ឋមន្រ្តី​ការបរទេស ហោ ណាំហុង។ កម្ពុជា​ត្រូវ​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ពិធីបុណ្យ​រំលឹកខួប ១០០ ឆ្នាំ ដែល​ធ្វើ​នៅ​ចំ​ថ្ងៃ​បុណ្យជាតិ​បារាំង ព្រោះ​កម្ពុជា ដូច​ប្រទេស​នៅ​អាហ្រ្វិក និង​នៅ​អាស៊ី​ផ្សេងទៀត ធ្លាប់​ស្ថិតនៅ ក្រោម​អាណាព្យាបាល ឬ អាណានិគមកិច្ច​បារាំង។ នៅ​ជំនាន់​សម័យ​សង្រ្គាម​លោក​លើក​ទីមួយ បារាំង​ធ្លាប់​កេណ្ឌ​យក​ប្រជាជន​កម្ពុជា និង​នៅ​អាស៊ី ឬ​អាហ្វ្រិក​ប្រមាណ​ ៤សែន ៣ម៉ឺន​នាក់​ឲ្យ​មកជួយ​ច្បាំង​បារាំង ប្រឆាំង​នឹង​អាល្លឺម៉ង់ ដែល​នៅ​ឆ្នាំ ១៩១៤ បាន​ឈ្លានពាន ចូល​ក្នុង​ទឹកដី​បារាំង។

ការអញ្ជើញ​អ្នកតំណាង​មក​ពី​ប្រទេស​ចំនួន ៧៥ ឲ្យ​មកចូល​រួមរំលឹក​ខួប ១០០ ឆ្នាំ​នៃ​សង្រ្គាម​លោក​លើក​ទីមួយ មិនមែន​ធ្វើឡើង​ដើម្បី​រំលឹក​ថា បារាំង​ជា​ម្ចាស់​អាណានិគមកិច្ច កាល​ពី​អតីតកាលទេ ប៉ុន្តែ ដើម្បី​រំលឹក​ដល់​ការឈឺចាប់ វិនាសកម្ម​របស់​មនុស្ស ដោយសារ​សង្រ្គាម​ប្រល័យលោក។ មួយវិញទៀត រដ្ឋាភិបាល​បារាំង​ក៏​ចង់ រំលឹកគុណ​ដល់ ទាហាន​បារាំង និង​ទាហាន​បរទេស​ដែល​ធ្លាប់​បាន​តស៊ូ​ចូលរួម​ប្រយុទ្ធ​ជាមួយ​ទាហាន​បារាំង​ប្រឆាំង​នឹង​ទាហាន​អាល្លឺម៉ង់។

កងទ័ព​កម្ពុជា​នៅក្នុង​ពិធី​ហែក្បួន​ព្យុហយាត្រា​ថ្ងៃ​បុណ្យ​ជាតិ​បារាំង 14​ កក្កដា
កងទ័ព​កម្ពុជា​នៅក្នុង​ពិធី​ហែក្បួន​ព្យុហយាត្រា​ថ្ងៃ​បុណ្យ​ជាតិ​បារាំង 14​ កក្កដា

មោទនភាពដែលបានចូលរួមក្នុងព្យុហយាត្រាបារាំង
អ្នកតំណាង​កម្ពុជា​មាន ៧នាក់ ដែល​នៅក្នុង​នោះ​មាន​និស្សិត​បួនរូប និង​ទាហាន​មកពី​សាលា​នាយទាហាន​សកម្មពីរ​រូប និង​ពី​ក្រសួង​ការពារ​ជាតិ​មួយ​រូប។ ទាហាន​កម្ពុជា​មាន​កាន់ទង់ជាតិ​កង​យោធពល​ខេមរភូមិន្ទ និង​ដើរក្បួន​តាម​របៀប​កម្ពុជា។ ក្នុង​ក្បួន​ព្យុហយាត្រា គេ​មាន​ភ្លេងស្គ ជារួម សម្រាប់​កងទ័ព​ទាំងមូល ប៉ុន្តែ កងទ័ព​មក​ពី​ប្រទេស​នីមួយៗ ត្រូវ​រក្សា​របៀប ក្បួន ដើរ​របស់​ជាតិ​រៀងៗខ្លួន។ ធ្វើដូច្នេះ គឺ​ដើម្បី​រក្សា​អត្តសញ្ញាណ​ជាតិ​រៀងៗខ្លួន ដើម្បី​បង្ហាញ​ដល់ ភ្ញៀវ​ចូល​ទស្សនា ដែល​មាន​រាប់ពាន់​នាក់ នៅថ្ងៃនេះ។

ចំណែក ក្រុមយុវជន​កម្ពុជា ចូលរួម​ជាមួយ​យុវជន​បរទេស​ប្រមាណ​២៥០​នាក់ មកពី​ប្រទេស ៧៤​ផ្សេង​ទៀត ដើម្បី​បង្កើត​ទស្សនីយភាព​ដែលនិយាយ​ពី​សន្តិភាព។ ការងារ​របស់​ពួកគេ គឺ​ឈរ ឬរាំ​ដើម្បី​បង្កើត​ចេញ​ជា​រូប​សត្វព្រាប។ សត្វព្រាប​រាប់រយ​ក្បាល​ដែល​គេ​នឹង​លែង នៅ​ចុង​បញ្ចប់​កម្មវិធី។

នៅ​បន្ទាប់​ពី​ចប់​កម្មវិធី​ដង្ហែ​ក្បូន នៅព្រឹក​ថ្ងៃ​ចន្ទ​នេះ ប្រជាជន​បារាំង​អាច​ចូល​មើល​ការដាក់​តាំង​ពិព័រណ៌​សព្វាវុធ​ចាស់ៗ ដែល​នៅ​សេសសល់ ពី​សម័យ​សង្រ្គាម​លោក ហើយ​នៅពេល​យប់ នឹង​មាន​កម្មវិធី​ប្រគំតន្រ្តី និង​បាញ់កាំជ្រួច ពីអគារ​Tour Eiffel ដែល​សកម្មភាព​ទាំងអស់​នេះ​រឹតតែ​ធ្វើ​ឲ្យ​ទីក្រុងប៉ារីស​មាន​ពន្លឺ​ចិញ្ចាចចិញ្ចែង ទាក់ទាញ​ក្រុមទេសចរ​បន្ថែម​ទៀត៕

 
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ