អានតួអត្ថបទ
អ៊ឺរ៉ុប-អ៊ីរ៉ាក់-ជីហាត

ក្រុង​ប៉ារីស​បើក​សន្និសីទ​អន្តរជាតិ ​ដើម្បី​កំទេច​ពួក​ឧទ្ទាម​អ៊ីស្លាម​ជី​ហាត

ជនជាតិ​អង់គ្លេស David Haines ជាប់​ជា​ចំណាប់​ខ្មាំង​របស់​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម​
ជនជាតិ​អង់គ្លេស David Haines ជាប់​ជា​ចំណាប់​ខ្មាំង​របស់​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម​ REUTERS/Islamic State via Reuters TV
ដោយ៖ អ៊ឹម រចនា
១៦ នាទី

សន្និសីទ​អន្តរជាតិ​មួយ​ ​បើក​ធ្វើ​នៅ​ថ្ងៃ​ចន្ទទី ១៥ កញ្ញា ​នៅ​ទីក្រុង​ប៉ារីស​ ដើម្បី​ពិភាក្សា​ស្វែង​រក​ដំណោះ​ស្រាយ​សម្រាប់​​អ៊ីរ៉ាក់​ និង​បោស​សម្អាត​ពួក​ឧទ្ទាម​អ៊ីស្លាម​ជី​ហាត ​ដែល​ជា​ក្រុម​ជ្រុល​និយម​សាហាវ​ព្រៃផ្សៃ។ ក្រុម​ចំរុះ​អន្តរជាតិ​មួយ ​ដែល​មាន​អាមេរិក​ជា​អ្នក​ដឹក​នាំ ​បាន​ប្ដេជ្ញាចិត្ត​កាន់​តែ​មុតមាំ​ថែម​ទៀត​ ក្នុង​យុទ្ធនា​ការ​កំទេច​ពួក​ឧទ្ទាម​ជី​ហាត​ បន្ទាប់​ពី​ខ្សែ​វីដេអូ​មួយ​បាន​បង្ហាញ​កាលពីថ្ងៃ​សៅរ៍ ទី ១៣​កញ្ញា​បង្ហាញ​ថា ពួក​នេះ​បាន​អារក​ចំណាប់​ខ្មាំង​ទី​៣ ​ដែល​ជា​ជនជាតិ​អង់គ្លេស។

ផ្សាយពាណិជ្ជកម្ម

តំណាង​មកពី​ប្រទេស​ចំនួន​២០​ នឹង​ជួប​ប្រជុំគ្នា​នៅ​ក្នុង​សន្និសីទ​អន្ដរជាតិ​ក្រុង​ប៉ារីស​នៅ​ថ្ងៃ​ចន្ទ ​ទី​​១៥​កញ្ញា​នេះ។ សន្និសីទ​អន្ដរជាតិ​នេះ​ ធ្វើ​ឡើង​ក្នុង​គោល​បំណង​កំណត់​តួនាទី​របស់​សមាជិក​ទាំង​អស់​ នៅ​ក្នុង​ក្រុម​ចម្រុះ​អន្ដរជាតិ​ ថា​តើ​ប្រទេស​ណា ​ត្រូវ​ដើរ​តួ​អ្វី ​នៅ​ក្នុង​យុទ្ធនា​ការ​កំទេច​ពួក​ឧទ្ទាម​អ៊ីស្លាម​ជី​ហាត។​ មាន​ប្រទេស​ជាង​៤០​ហើយ​ ដែល​បាន​ចុះ​ហត្ថលេខា​គាំទ្រ​គម្រោង​របស់​អាមេរិក​ ក្នុង​ការ​កំទេច​ពួក​ជី​ហាត​អ៊ីស្លាម​ នៅ​អ៊ីរ៉ាក់។ ​យ៉ាងណា​ក៏​ដោយ​ វា​មិនមែន​មាន​ន័យ​ថា​ ប្រទេស​ទាំង​អស់​ដែល​ចុះ ​ហត្ថលេខា​គាំទ្រ​ សុទ្ធ​តែ​ចង់​ជួយ​ជា​កម្លាំង​យោធា​​ក្នុង​យុទ្ធនា​ការ​នេះ​ទេ។

ពាក់ព័ន្ធ​នឹង​ក្រុម​ចម្រុះ​អន្ដរជាតិ​ដើម្បី​កំទេច​ពួក​ជី​ហាត ​នៅ​ថ្ងៃអាទិត្យ​ទី​១៤​កញ្ញា ​លោក​ប្រមុខ​ការ​ទូត​អាមេរិក ច​ន ឃឺរី ​ថ្លែង​នៅ​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ ​CBS​ ថា ​មូលដ្ឋាន​នៃ​ការ​ប្រយុទ្ធ​លើក​នេះ ​មាន​អ្នក​ទទួល​ខុសត្រូវ​អស់​ហើយ។ ​លោក​ថា ​មាន​សម្ព័ន្ធ​មិត្ត​មួយ​ចំនួន​យល់​ព្រម​ចូល​រួម​ការ​វាយ​ប្រហារ​តាម​អាកាស​ជាមួយ​អាមេរិក ​ហើយ​ខ្លះ​ទៀត​បាន​សន្យា​ថា​នឹង​ផ្ដល់​កងទ័ព​សម្រាប់​វាយ​ប្រហារ​តាម​ផ្លូវ​គោក។ ​ប៉ុន្តែ ​បើ​តាម​លោក​ឃឺរី ​អាមេរិក​មិន​ទាន់​គិត​ដល់​ការ​វាយ​ប្រហារ​តាម​ផ្លូវ​គោក​នៅ​ឡើយ​ទេ។

ការ​លើក​ឡើង​របស់​ប្រមុខ​ការ​ទូត​អាមេរិក​ពេល​នេះ ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ក្រុម​ឧទ្ទាម​ជីហាត​ បាន​អារក​ចំណាប់​ខ្មាំង​ទី​៣ ​ដែល​ជា​ជនជាតិ​អង់គ្លេស​ឈ្មោះ ​ដេវីដ​ ហែនស៍​។ ​លោក​ប្រធានា​ធិបតី​បារាំង​ បាន​ហៅ​ពួក​ជី​ហាត​នេះ ​ថា​ជា​ពួក​កំសាក។ ​ចំណែក ​លោក​ដេវីដ​ ខាមេរុន​ នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស បាន​ចាត់​ទុក​ឃាត​កម្ម​នេះ ​ជា​អំពើ​ថោក​ទាប​ ដែល​មិន​អាច​អត់​ឱន​ឲ្យ​បាន​ទេ។ ​លោក​បន្ថែម​ថា ​គ្រប់​គ្នា​នឹង​ធ្វើ​គ្រប់​យ៉ាង​ ដើម្បី​កម្ទេច​ពួក​ជីហាត​ និង​ចាប់​ឃាតករ​នោះ​មក​ទទួល​ទោស ​ឲ្យ​សម​ទៅ​តាម​អំពើ​ដែល​ពួក​វា​បានធ្វើ។

ពួក​ជី​ហាត​អ៊ីស្លាម​នៅ​អ៊ីរ៉ាក់ ​ត្រូវបាន​អង្គការ​សហប្រជាជាតិ​ ចោទ​ប្រកាន់​ថា​បាន​បង្ក​ឧក្រិដ្ឋកម្ម​សង្គ្រាម ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ និង​កាប់​សម្លាប់​បោស​សំអាត​ជាតិ​ពិន្ធុ ​និង​សាសនា។ ​មិន​តែ​ប៉ុណ្ណោះ ​ក្រុម​អ៊ីស្លាម​ជីហាត​អ៊ីរ៉ាក់​ បាន​បង្ក​អំពើ​ហិង្សា​នៅ​ស៊ីរី​ដែរ​ ដោយ​បង្កើន​ការ​កាប់​សម្លាប់​បោស​សំអាត​នៅ​តាម​តំបន់​នានា​ដែល​ពួក​អ៊ីស្លាម​ជី​ហាត​ វាយ​ដណ្តើម​កាន់​កាប់​បាន​នៅក្នុង​ប្រទេស​ទាំង​ពីរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ