ប្រធានគណៈកម្មការសេដ្ឋកិច្ចរដ្ឋសភាស្នើឲ្យបង្កកប្រាក់ខែតំណាងរាស្ត្របក្សប្រឆាំង
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានសរសេរលិខិតជូនប្រធានរដ្ឋសភា ដើម្បីសុំគោលការណ៍ បង្កកប្រាក់ខែ ក្រុមអ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ចំនួន ១១ រូប។ លោក ជាម យៀប អះអាងថា តំណាងរាស្ត្របក្សប្រឆាំងទាំង ១១ រូបនោះ បានលាលែងចេញពីគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដើម្បីក្លាយជាសមាជិកគណៈកម្មការនាយក នៅគណបក្សសង្គ្រោះជាតិ។
កាលពីថ្ងៃទី៧ឧសភា លោក ជាម យៀប តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានសរសេរលិខិតមួយច្បាប់ ដាក់ទៅកាន់ប្រធានរដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីស្នើសុំជាគោលការណ៍ ឲ្យរដ្ឋសភាបង្កកប្រាក់ខែរបស់តំណាងរាស្ត្រគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ១១ រូប។
តាមពិត ក្នុងរដ្ឋសភា អាណត្តិទី៤នេះ តំណាងរាស្ត្ររបស់គណបក្សសមរង្ស៊ី មានចំនួន ២៦ រូប និងគណបក្សសិទ្ធិមនុស្ស មាន ៣ រូប។ ក៏ប៉ុន្តែលោកជាមយៀប បានប្រាប់អ្នកកាសែត នៅថ្ងៃព្រហស្បតិ៍នេះថា លោកតាមដានឃើញថា មានតែអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ១១ រូប ប៉ុណ្ណោះ ដែលបានលាលែងចេញពីគណបក្សសមរង្ស៊ី និងសិទ្ធិមនុស្ស ហើយទៅបង្កើតគណបក្សសង្គ្រោះជាតិ។ អ្នកតំណាងរាស្ត្របក្សប្រឆាំង ទាំង ១១ រូបនោះ ត្រូវបានលោកជាមយៀប អះអាងថា បានចាកចេញពីគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដែលមានឈ្មោះជាប់ឆ្នោត នៅរដ្ឋសភា រយៈពេល ៦ ខែ មុនការបោះឆ្នោតជាតិ នៅថ្ងៃ២៨កក្កដា។
លោក ជាម យៀប បញ្ជាក់ថា ការស្នើសុំបង្កកប្រាក់ខែតំណាងរាស្ត្របក្សប្រឆាំងទាំង ១១ រូប ដើម្បីបង្វែប្រាក់ខែនោះ ចូលទៅថវិកាជាតិ ចាប់ពីពេលដែលអ្នកតំណាងរាស្ត្របក្សប្រឆាំងទាំងនោះ ត្រូវបានក្រសួងមហាផ្ទៃ ទទួលស្គាល់ជាគណៈកម្មការនាយក របស់គណបក្សសង្គ្រោះជាតិ។
ដូច្នេះ តាមលោក ជាម យៀប តំណាងរាស្ត្របក្សប្រឆាំងទាំង ១១ រូបនោះ ត្រូវបាត់បង់សមាជិកភាព ជាតំណាងរាស្ត្រ។ នេះបើយោងតាមច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់គណបក្សនយោបាយ ច្បាប់តំណាងរាស្ត្រ និងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា។
យ៉ាងណាក៏ដោយ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងជាអ្នកតំណាងរាស្ត្ររបស់គណបក្សសិទ្ធិមនុស្ស បានចាត់ទុកការប៉ុនប៉ងបង្កកប្រាក់ខែរបស់អ្នកតំណាងរាស្ត្រគណបក្សប្រឆាំង ថា ជារូបភាពគំរាមកំហែង គាបសង្កត់លើបក្សប្រឆាំង។
តាមលោក កឹមសុខា ការស្នើឲ្យបង្កកប្រាក់ខែតំណាងរាស្ត្របក្សប្រឆាំង ដែលទទួលបាន ១០ លានរៀល ស្មើប្រមាណ ២៥០០ ដុល្លារ ក៏ជាការរំលោភច្បាប់រដ្ឋធម្មនុញ្ញផងដែរ ពីព្រោះថា អ្នកតំណាងរាស្ត្រ របស់គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានទៅចូលរួមក្នុងគណបក្សសង្គ្រោះជាតិ ក្នុងពេលសមាជបក្សលើកដំបូង កាលពីថ្ងៃទី៧មេសា ពោលគឺនៅចន្លោះពេល ៦ខែ មុនដល់ថ្ងៃបោះឆ្នោត ថ្ងៃទី២៨កក្កដា។
ជាការកត់សម្គាល់ ក្នុងកិច្ចប្រជុំរដ្ឋសភា កាលពីថ្ងៃ៧ឧសភា មន្ត្រីរដ្ឋាភិបាល និងអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានវាយប្រហារលើក្រុមអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី ដែលបានប្រកាសថា ខ្លួនជាតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ព្រោះថា គណបក្សសង្គ្រោះជាតិ ទើបតែបង្កើត និងមិនមានអាសនៈនៅរដ្ឋសភាទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ