ទស្សនៈព្រឹត្តិការណ៍ខ្មែរ

អភ័យឯកសិទ្ធិ​សភា​គួរ​ត្រូវបាន​ពង្រឹង!

សំឡេង ០៤:៣១
​លោក​ចាន់ ចេង​ អ្នក​តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​ ដែល​ទើប​នឹង​ត្រូវ​សភា​ដក​អភ័យឯកសិទ្ធិ​ថ្មីៗ​នេះ
​លោក​ចាន់ ចេង​ អ្នក​តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​ ដែល​ទើប​នឹង​ត្រូវ​សភា​ដក​អភ័យឯកសិទ្ធិ​ថ្មីៗ​នេះ © លាងដឺលុច

បន្ទាប់ពី​ការដក​អភ័យឯកសិទ្ធិ​សភា​តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី ​ចុងក្រោយ​គឺ​លោក​ ចាន់ ចេង​ កាលពី​សប្តាហ៍​កន្លង​ទៅ​ បញ្ហា​អភ័យឯកសិទ្ធិ​សភា​របស់​អ្នកតំណាងរាស្រ្ត​បាន​ក្លាយ​ជា​ប្រធានបទ​ក្តៅ​មួយ​ទៀត​ សម្រាប់​ឆាក​នយោបាយ​កម្ពុជា។ ​មាន​ការ​រិះគន់​ជាទូទៅ​ថា​ អភ័យឯកសិទ្ធិសភា​អាច​នឹង​ត្រូវ​គេ​ដក​ដោយ​ងាយ​ពេក​ ដែល​ធ្វើ​ឲ្យ​អ្នកតំណាងរាស្ត្រ​មិន​សូវ​មាន​ភាព​កក់ក្តៅ។​ តើ​អ្វី​ទៅ​ជា​អភ័យឯកសិទ្ធិ​សភា?​ តើ​អភ័យឯកសិទ្ធិ​សភា​គួរ​ត្រូវ​បាន​ការពារ​យ៉ាង​ដូចម្តេច​ខ្លះ?

ផ្សាយពាណិជ្ជកម្ម

ការដក​អភ័យឯកសិទ្ធិ​សភា​ពី​លោក ​ចាន់ ចេង​ តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​ដោយ​រដ្ឋសភា​ជាតិ​ កាល​ពីសប្តាហ៍​កន្លង​ទៅ​ ដើម្បី​បើក​ផ្លូវ​ឲ្យ​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ គឺជា​ករណី​ដក​អភ័យឯកសិទ្ធិ​សភា​ចុងក្រោយ​មួយ​ទៀត​ ពី​តំណាងរាស្ត្រ​បក្ស​ប្រឆាំង។ ​ករណី​នេះ​បាន​បង្ក​ឲ្យ​មាន​សង្គ្រាម​ពាក្យ​សម្តី ​និង​សង្គ្រាម​ប៉ាកកា​ផ្ទុះ​ឡើង​ជាថ្មី​ ជុំវិញ​ភាព​ផុយស្រួយ​នៃ​អភ័យឯកសិទ្ធិ​សភា។

អង្គការ​សង្គម​ស៊ីវិល ​ដែល​ធ្វើការ​ផ្នែក​ប្រជាធិបតេយ្យ ​និង​សិទ្ធិមនុស្ស ​បាន​សម្តែង​ការព្រួយបារម្ភ​ អំពី​ការ​ចុះ​ទន់​ខ្សោយ​នៃ​តួនាទី​របស់​តំណាងរាស្ត្រ ​និយាយ​ដោយឡែក​ និង​ការ​ចុះ​ខ្សោយ​តួនាទី​រដ្ឋសភា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​និយាយ​ជារួម។ ​ប្រឈមមុខ​ចំពោះ​បញ្ហា​នេះ​ប្រធាន​ក្រុម​តំណាងរាស្ដ្រ​គណបក្ស​សមរង្ស៊ី ​លោក ​សុន ឆ័យ​ បាន​កោះ​អញ្ជើញ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ឲ្យ​មក​ឆ្លើយ​បំភ្លឺ​ផ្ទាល់មាត់​ នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋសភា​ អំពី​បញ្ហា​នេះ។ ​លិខិត​កោះអញ្ជើញ​នេះ​ត្រូវ​បាន​ប្រធាន​រដ្ឋសភា​ចុះ​ហត្ថលេខា ​និង​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​ឲ្យ​នាយក​រដ្ឋមន្ត្រីហើយ ​កាលពី​ថ្ងៃទី​២៩ធ្នូ។

គួរ​កត់សម្គាល់​ថា​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ ​មាន​តំណាងរាស្ដ្រ​គណបក្ស​សម រង្ស៊ី​ ៤នាក់ហើយ​ ដែល​ត្រូវ​បាន​រដ្ឋសភា​ដក​អភ័យ​ឯកសិទ្ធិ។ ​តំណាងរាស្ត្រ​ទាំង៤​នោះ​រួម​មាន​លោក ​សម រង្ស៊ី ​លោកស្រី​ មួរ សុខហួរ​ លោក​ ហូរ វ៉ាន់ ​និង​ថ្មីៗ​នេះ​គឺ​លោក​ ចាន់ ចេង។ ​គណបក្ស​ប្រឆាំង​បាន​អះអាង​ថា ​ការដក​អភ័យឯកសិទ្ធិ​សភា​ទាំងនេះ​បាន​ធ្វើ​ឡើង​ដោយ​យោង​លើ​ករណី​តូចតាច​ និង​មិន​ច្បាស់លាស់។ ​ប៉ុន្តែ ​សម្រាប់​គណបក្ស​កាន់​អំណាច​វិញ​តំណាងរាស្ត្រ​ទាំងនោះ​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ​ ដែល​ទាមទារ​ឲ្យ​តុលាការ​ត្រូវ​ចាត់ការ​តាម​ផ្លូវ​ច្បាប់។

ជាការ​ពិត​ណាស់ ​អ្នកតំណាងរាស្ត្រ​ត្រូវ​បាន​គេ​ផ្តល់​ជូន​នូវ​សិទ្ធិ​ពិសេស​មួយ​ សម្រាប់​ការពារ​បេសកកម្ម​នយោបាយ​របស់​ខ្លួន​ ដើម្បី​បម្រើ​ផលប្រយោជន៍​ម្ចាស់​ឆ្នោត។ ​សិទ្ធិ​ពិសេស​នោះ​ត្រូវបាន​គេ​ប្រសិទ្ធនាម​ថា​ជា ​«អភ័យឯកសិទ្ធិ»​នេះ​ឯង។ ​អភ័យឯកសិទ្ធិ​សភា​ត្រូវ​បាន​គេ​ប្រៀប​ធៀប​ទៅ​នឹង​អាវក្រោះ​ ដើម្បី​ការពារ​អ្នក​តំណាងរាស្ត្រ​ឲ្យ​រួច​ផុត​ពី​ការ​ចាប់ចង ​ចោទ​ប្រកាន់​ ឬ​ការ​រំលោភ​បំពាន​នានា​ នៅ​ក្នុង​ក្របខណ្ឌ​ការងារ​ស្របច្បាប់​របស់​ខ្លួន។ ​ប៉ុន្តែ ​អភ័យឯកសិទ្ធិ​សភា​មិនមែន​ ដើម្បី​ការពារ​អ្នក​តំណាងរាស្ត្រ​ឲ្យ​រួច​ផុត​ពី​ការ​បំពាន​ច្បាប់​នោះ​ឡើយ។​ នេះ​ជា​អត្ថន័យ​ពិតប្រាកដ​របស់​អភ័យឯកសិទ្ធិ​សភា។

ប៉ុន្តែ ​នៅ​ក្នុង​ការ​អនុវត្តន៍​ជាក់ស្តែង​ ហាក់​គ្មាន​អ្វី​កំណត់​ឲ្យ​បាន​ច្បាស់លាស់​ អំពី​ព្រំដែន​នៃសកម្មភាព​បម្រើ​ផលប្រយោជន៍​ម្ចាស់​ឆ្នោត ​និង​សកម្មភាព​ល្មើស​ច្បាប់​ឡើយ។ ​អ្វីៗ​ហាក់​អាស្រ័យ​ទៅលើ​តែ​ការ​បកស្រាយ​រៀងៗ​ខ្លួន។ ​ក្នុង​បរិបទ​នេះ​ មានតែ​ស្ថាប័ន​តុលាការ​ទេ ​ដែល​ជា​អ្នក​រក​ខុស​ត្រូវ។ ​ប៉ុន្តែ ​នៅ​ពេល​ដែល​ប្រព័ន្ធ​តុលាការ​ត្រូវ​គេ​មើល​ឃើញ​ថា​ នៅ​មិន​ទាន់​រឹងមាំ​ និង​មិនទាន់​ឯករាជ្យ​ពិតប្រាកដ​គួរ​ឲ្យ​ទុក​ចិត្ត​បាន​នោះ ​យុត្តិធម៌​ប្រាកដ​ជា​នឹង​ស្ថិត​នៅចំពោះ​មុខ​សញ្ញា​សួរ​ជា​មិនខាន។ ​រឿងរ៉ាវ​ដែល​បាន​និង​កំពុង​កើត​មាន​ឡើង​ជា​បន្តបន្ទាប់​ ជុំវិញ​អភ័យឯកសិទ្ធិ​សភា​ នៅ​ពេល​នេះ​ ជា​ឧទាហរណ៍​ជាក់ស្តែង។ ​នៅ​ពេល​ដែល​តុលាការ​ចោទ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ថា​បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់​ គណបក្ស​ប្រឆាំង​ខ្លួនឯង​ចាត់ទុក​ត្រឹម​ការប្រព្រឹត្ត​ ដើម្បី​ការពារ​ប្រយោជន៍​អ្នក​បោះ​ឆ្នោត​តែ​ប៉ុណ្ណោះ។

យ៉ាងណា​ក៏ដោយ ​ដើម្បី​ឲ្យ​អភ័យឯកសិទ្ធិ​មាន​តម្លៃ​ពិតប្រាកដ​របស់​វា ​មាន​ទង្វើ​មួយចំនួន​គួរ​តែ​ត្រូវ​បាន​កែ​តម្រូវ។​ ជាក់ស្តែង​ មុន​នឹង​ឈាន​ដល់​ការដក​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​ណាម្នាក់​ គួរ​មាន​ការ​ស៊ើបអង្កេត​ និង​ដេញ​ដោល​គ្នា​ឲ្យ​បាន​ខ្លាំង​ក្លា ​និង​ដោយ​តម្លាភាព​ ដើម្បី​រក​ឲ្យ​ឃើញ​ថា​ អ្នក​តំណាងរាស្ត្រ​នោះ​ពិត​ជា​មាន​កំហុស​ធ្ងន់ធ្ងរ​មែន​ឬក៏អត់​ ពោលគឺ​ រដ្ឋសភា​ខ្លួន​ឯង​ត្រូវ​ខិតខំ​ឲ្យអស់​លទ្ធភាព​ ដើម្បី​ការពារ​អភ័យឯកសិទ្ធិ​សមាជិក​របស់​ខ្លួន។​ ការ​ដក​ហូត​អភ័យឯកសិទ្ធិ​ដោយ​ងាយៗ​ពេក ​គឺ​ជា​ការ​បង្ហាញ​រូបភាព​ជាស្វ័យប្រវត្តិ​ថា ​អភ័យឯកសិទ្ធិ​សភា​គ្មាន​តម្លៃ​អ្វី​ឡើយ។ ​ទន្ទឹម​នឹង​នោះ​ដែរ​ អ្នក​តំណាងរាស្ត្រ​គ្រប់​រូប​ក៏​ត្រូវតែ​បង្ហាញ​ពីការ​គោរព​ច្បាប់​ឲ្យបាន​ខ្ជាប់ខ្ជួន​ ដើម្បី​ជា​គំរូ​ដល់​មហាជន​ផង​ និង​ដើម្បី​ចៀសវាង​បញ្ហា​ផង។ ​នេះ​គឺ​ជា​មធ្យោបាយ​ឆ្ពោះ​ទៅ​រក​ភាព​សុខដុម​រមនា​នៃ​នយោបាយ​ប្រទេស​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI