សញ្ញា​គ្រោះថ្នាក់ នៅក្នុង​មជ្ឈដ្ឋាន​នយោបាយ​ជុំវិញ​រឿង​ព្រំដែន

សំឡេង ០៤:០១
ជម្លោះ​ព្រំដែន​ខ្មែរ​ថៃ​កាន់តែ​ធ្ងន់ធ្ងរ គ្មាន​ច្រកចេញ ដោយ​ថៃ​នៅតែ​ទាមទារ​ឲ្យ​កម្ពុជា​ដក​ទ័ព​ចេញ​ពី​តំប​ន់​៤,៦​គីឡូម៉ែត្រ​ជុំវិញ​ប្រាសាទ​ព្រះវិហារ
ជម្លោះ​ព្រំដែន​ខ្មែរ​ថៃ​កាន់តែ​ធ្ងន់ធ្ងរ គ្មាន​ច្រកចេញ ដោយ​ថៃ​នៅតែ​ទាមទារ​ឲ្យ​កម្ពុជា​ដក​ទ័ព​ចេញ​ពី​តំប​ន់​៤,៦​គីឡូម៉ែត្រ​ជុំវិញ​ប្រាសាទ​ព្រះវិហារ

បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ​ប្រទេស​ហូឡង់​សុំ​ឲ្យ​បកស្រាយ​ឡើង​វិញ​នូវ​សាលក្រម​ឆ្នាំ​១៩៦២​ស្តីពី​បញ្ហា​ព្រះវិហារ​គេ​សង្កេត​ឃើញ​មាន​ការវិវឌ្ឍន៍​ខ្លះៗ​គួរ​ឲ្យ​កត់សម្គាល់​នៃ​ព្រឹត្តិការណ៍​នយោបាយ​ក្នុង​ប្រទេស ជាពិសេស​ក្នុង​ចំណោម​មជ្ឈដ្ឋាន​អ្នកនយោបាយ។ ​អ្នកខ្លះ​អបអរ​សាទរ​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល ​អ្នកខ្លះ​រិះគន់​ និង​អ្នកខ្លះ​ទៀត​ជំរុញ​ទៅ​រក​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​វិញ។ ​ព្រឹត្តិការណ៍​គួរឲ្យ​ភ្ញាក់​ផ្អើល​មួយ​ទៀត​គឺ​មាន​ក្រុម​នយោបាយ​ខ្មែរ​មួយ​បាន​លេច​ឡើង​ក្នុង​ចំណោម​ក្រុម​អាវលឿង​ថៃ។ ​តើ​ការវិវឌ្ឍន៍​នយោបាយ​ចុងក្រោយ​នេះ​ជា​សញ្ញា​បែបណា​សម្រាប់​ប្រទេស​កម្ពុជា?

ផ្សាយពាណិជ្ជកម្ម

ជម្លោះ​ព្រំដែន​ជាមួយ​ថៃ​បាន​និង​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ជនជាតិ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​ និង​គ្រប់​ទិសទី។ ​នេះ​គឺជា​រឿង​ធម្មតា​ពីព្រោះ​វា​ទាក់ទង​នឹង​បញ្ហា​ជាតិ​ដែល​ពលរដ្ឋ​ខ្មែរ​គ្រប់​គ្នា​ឈឺឆ្អាល​ក្នុង​ឋានៈ​ជា​ជាតិសាសន៍​មួយ​ដែល​ទទួល​រង​ការ​រំលោភ​បំពាន​ពី​ប្រទេស​ជិតខាង។

ក្រុម​អ្នក​តាមដាន​ជម្លោះ​កម្ពុជា​ថៃ ​បាន​ឃើញ​ការវិវឌ្ឍន៍​ថ្មីៗ​មួយចំនួន​បាន​កើត​ឡើង ចាប់​តាំង​ពី​ជម្លោះ​នៅ​ព្រះវិហារ កាល​ពី​ថ្ងៃទី​១៥​កក្កដា​ឆ្នាំ​២០០៨​ រហូត​ដល់​ជម្លោះ​នៅ​តំបន់​ប្រាសាទ​តាមាន់ ​និង​តាក្របី​ក្នុង​ខេត្ត​ឧត្តរមានជ័យ ​ដែល​ចាប់ផ្តើម កាលពី​ថ្ងៃ​ទី​២២​មេសា​ថ្មីៗ​នេះ។ កាលពី​ដំបូង​ឡើយ​សាធារណមតិ​ហាក់​បាន​យល់​ស្រប​គ្នា​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដាក់​បញ្ហា​ព្រះវិហារ​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ​ឬក៏​ទៅ​តុលាការ​ទីក្រុង​ឡាអេ​ឲ្យ​បកស្រាយ​សាលក្រម​ឆ្នាំ១៩៦២​ឡើងវិញ​ដើម្បី​បញ្ចប់​ការឈ្លានពាន​របស់​ថៃ​ដោយ​អំណាច​ផ្លូវ​ច្បាប់។ ​រដ្ឋាភិបាល​ក៏​យល់​ពីសារៈ​សំខាន់​នេះ​ដែរ​ដោយ​បាន​ត្រៀម​លក្ខណៈ ជាស្រេច ​ប៉ុន្តែ ​រដ្ឋាភិបាល​មិន​បាន​ដាក់​បញ្ហា​នេះ​ទៅ​តុលាការ​ឡាអេ​ភ្លាមៗ​ឡើយ ដោយ​រង់ចាំ​ដំណោះស្រាយ​ទ្វេភាគី​តាម​សំណើ​របស់​ថៃ​សិន។

ឥឡូវ​នេះ ​នៅ​ពេល​ដែល​ស្ថានការណ៍​កាន់តែ​ឡើង​កម្តៅ ​ហើយ​ដោយ​អស់​សង្ឃឹម​នឹង​ការចរចា​ទ្វេភាគី​ រដ្ឋាភិបាល​ក៏​រុញ​បញ្ហា​ឈ្លានពាន​របស់​ថៃ​ដល់​តុលាការ​ក្រុង​ឡាអេ​ដូចការ​គ្រោងទុក។ រដ្ឋាភិបាល​បាន​សុំ​ឲ្យ​តុលាការ​អន្តរជាតិ​នេះ​អន្តរាគមន៍​ពីរ​យ៉ាង៖ ទី១​គឺ​សុំ​ការបកស្រាយ​ឡើង​វិញ​នូវ​សាលក្រម​ឆ្នាំ​១៩៦២​ស្តីពី​បញ្ហា​ព្រះវិហារ​ជាមួយ​ថៃ ​និង​ទី២ គឺ​សុំ​ឲ្យ​តុលាការ​ក្រុងឡាអេ​ចាត់​វិធានការ​បន្ទាន់​ដើម្បី​ការពារ​ប្រាសាទ​ពី​ការខូចខាត​ដោយ​គ្រាប់​កាំភ្លើង។​ មុន​នេះ​បន្តិច កម្ពុជា​ក៏បាន​ប្តឹង​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​រួច​ហើយ​ដែរ។ ​ការប្រើប្រាស់​យន្តការ​អន្តរជាតិ​ទាំងពីរ​បាន​ទទួល​ការអបអរ​ជាទូទៅ។

ប៉ុន្តែ​ ចុងក្រោយ​នេះ​ ការវិវឌ្ឍន៍​នយោបាយ​ផ្ទៃក្នុង​កម្ពុជា​ហាក់​មាន​និន្នាការ​ប្រែប្រួល​គួរឲ្យ​កត់សម្គាល់។ ​ក្នុង​ខណៈ​ពេល​ដែល​តុលាការ​ក្រុង​ឡាអេ​កំពុង​ចាត់ការ​តាម​សេចក្តី​ស្នើ​របស់​រដ្ឋាភិបាល​កម្ពុជា ​គណបក្ស​ សម រង្ស៊ី ​កំពុង​ជំរុញ​រដ្ឋាភិបាល​ឲ្យ​ងាក​ទៅ​រក​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែល​គណបក្ស​នេះ​ចាត់ទុក​ជា​គន្លឹះ​សំខាន់​ជាងគេ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​កម្ពុជា​ថៃ។ ​ទន្ទឹម​នឹង​នោះ​ដែរ​ ក៏មាន​លេច​ឡើង​នូវ​ក្រុម​អ្នកនយោបាយ​ប្រឆាំង​ថ្មី​មួយ​ក្រុម​ទៀត​បាន​ចេញ​មុខ​ទៅ​ចាប់ដៃ​ជាមួយ​ក្រុម​អាវលឿង​ថៃ ហើយ​បាន​បើក​ការវាយប្រហារ​មក​លើ​រដ្ឋាភិបាល​កម្ពុជា​ដោយ​ចោទ​ថា កម្ពុជា​គឺជា​អ្នកបញ្ឆេះ​សង្គ្រាម​ទល់ដែន​ជាមួយ​ថៃ។

ជា​ការពិត ​ជម្លោះ​ឈ្លានពាន​ទឹកដី​ពិត​ជា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​ខ្មែរ​គ្រប់​គ្នា។ ដូច្នេះ​ រាល់​សំណូមពរ ឬ​ប្រតិកម្ម​ទាំងឡាយ​សុទ្ធតែ​ធ្វើ​ឡើង ក្នុង​នាម​ជា​ជនជាតិ​ខ្មែរ និង​ដើម្បី​ការពារ​ផល​ប្រយោជន៍​ខ្មែរ។ ​ម្យ៉ាងទៀត​ ការបែកបាក់​នយោបាយ​ផ្ទៃក្នុង គឺជា​បញ្ហា​ដែល​មិន​អាច​ចៀសផុត​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ ​ប៉ុន្តែ ​អ្វីដែល​គួរ​ចាប់​អារម្មណ៍​នៅ​ពេល​នេះ គឺ​ នៅ​ពេល​ដែល​ខ្មែរ​កំពុង​មាន​សត្រូវ​រួម គឺ​សត្រូវ​ឈ្លានពាន​ទឹកដី​ មជ្ឈដ្ឋាន​នយោបាយ​ហាក់​កំពុង​បង្ហាញ​ពី​ការ​បែកបាក់​គ្នា​កាន់​តែ​ខ្លាំង។

សម្រាប់​ប្រទេស​កម្ពុជា ​ការ​កេង​ចំណេញ​នយោបាយ​ពី​សង្គ្រាម ​ឬ​ពី​ទុក្ខ​វេទនា​របស់​ពលរដ្ឋ​គឺជា​រឿង​ដែល​ទាំង​អស់​គ្នា​ធ្លាប់​បាន​ភ្លក់​រសជាតិ​អស់​ហើយ​។ គឺជា​រសជាតិ​ដ៏​មហា​ល្វីង​ជូរចត់​ដែល​ជា​លទ្ធផល​នៃ​នយោបាយ​បម្រើ​តែ​ផលប្រយោជន៍​បុគ្គល​និង​មនុស្ស​មួយ​ក្រុម​ ហើយ​ជាន់​ពន្លិច​ផល​ប្រយោជន៍​ជាតិ​ទាំង​មូល។ ​ភាពរ៉ាំរ៉ៃ​នៃ​សង្គ្រាម​ស៊ីវិល​ជិត​៣​ទសវត្សរ៍​រហូត​ដល់​ទីបំផុត​ប្រទេស​ជាតិ​បាន​រអិល​ធ្លាក់​ចូល​ក្នុង​របប​វាល​ពិឃាត​ដ៏​អាក្រក់​បំផុត នៅ​ក្នុង​លោក​គឺ​ជា​បទពិសោធន៍​ជា​ប្រវត្តិសាស្ត្រ​ដែល​មិន​អាច​បំភ្លេច​បាន។

ដោយ​ហេតុ​ថា ​ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​យើង​យ៉ាង​ច្បាស់​បែប​នេះ​ ការបែកបាក់​គ្នា​នៅ​ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​ជាតិ​ជួប​ប្រទះ​សង្គ្រាម​ឈ្លានពាន គឺជា​សញ្ញា​គ្រោះថ្នាក់​ដែល​គួរ​ប្រុង​ប្រយត័្ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI