អនុប្រធានគណបក្សសង្រ្គោះជាតិចង់កំណត់អាណត្តិនាយករដ្ឋមន្រ្តី
ចុះផ្សាយនៅថ្ងៃ៖
លោកកឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិបានថ្លែងថា គណបក្សរបស់លោកនឹងកំណត់អាណត្តិនាយករដ្ឋមន្រ្តីតែពីរអាណត្តិប្រសិនបើគណបក្សរបស់លោកជាប់ឆ្នោតដឹកនាំប្រទេសឆ្នាំ២០១៣នេះ។ រីឯមន្ត្រីគណបក្សប្រជាជនកម្ពុជាវិញបានឆ្លើយបកវិញថា ប្រជាពលរដ្ឋអ្នកបោះឆ្នោត ជាអ្នកសម្រេចកិច្ចការនេះ។
លោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សដែលបានក្លាយទៅជាអនុប្រធានគណបក្សសង្រ្គោះជាតិផ្លូវការតាមរយៈសមាជវិសាមញ្ញគណបក្សសិទ្ធមនុស្សកាលពីព្រឹកមិញនេះបានថ្លែងកាលពីម្សិលមិញថា ប្រសិនបើគណបក្សសង្រ្គោះជាតិឈ្នះឆ្នោតដឹកនាំប្រទេសឆ្នាំ២០១៣នេះ គណបក្សសង្រ្គោះជាតិនឹងធ្វើការកែប្រែរដ្ឋធម្មនុញ្ញដើម្បីកំណត់អាណត្តិនាយករដ្ឋមន្រ្តីត្រឹមតែពីរអាណត្តិប៉ុណ្ណោះ។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ននេះ មិនបានចែងកំណត់អាណត្តិនាយករដ្ឋមន្ត្រីទេ។
ប៉ុន្តែសម្រាប់លោកកឹម សុខា លោកមានបំណងចង់កំណត់អាណត្តិនាយករដ្ឋមន្រ្តីត្រឹមតែ១០ឆ្នាំប៉ុណ្ណោះ។ លោកកឹម សុខាបានពន្យល់ថា ប្រសិនបើមានការកំណត់អាណត្តិ អ្នកដឹកនាំមិនសូវហ៊ានប្រព្រឹត្តិកំហុសទេ ពីព្រោះខ្លាចពេលបាត់បង់អំណាច អ្នកដឹកនាំរូបនោះអាចត្រូវបានច្បាប់នាំយកមកកាត់ទោស។
លោកកែម ឡី អ្នកវិភាគសង្គមនយោបាយឯករាជ្យនៅក្នុងប្រទេសកម្ពុជាបានអត្ថាធិប្បាយនៅថ្ងៃអាទិត្យនេះថា ការកំណត់អាណត្តិនាយករដ្ឋមន្ត្រីគឺជាគំនិតល្អ។ ល្អនៅត្រង់ថា អ្នកណាក៏ដោយ នៅពេលដែលដឹកនាំយូរពេក ធ្វើការយូរពេកនៅក្នុងអាជីពណាមួយនោះ ពួកគេមិនសូវមានគំនិតថ្មីៗទេ។ ផ្ទុយទៅវិញ ធ្វើអោយពួកគេមានបក្សពួកកាន់តែច្រើនឡើង។ លោក កែម ឡីធ្វើការកត់សម្គាល់ឃើញថា មេដឹកនាំអង្គការធំៗ ដូចជា អង្គការ UNDP UNESCO ឬ UNICEF ត្រូវបានគេផ្លាស់ប្តូរស្ទើររៀងរាល់មួយអាណត្តិម្តង ពោលគឺលោកកម្រឃើញពួកគេដឹកនាំពីរអាណត្តិជាប់គ្នាណាស់។
ឆ្លើយតបទៅនឹងការធ្វើអត្ថាធិប្បាយរបស់លោកកឹម សុខា លោក ឈាង វ៉ុន សមាជិកសភាគណបក្សប្រជាជនកម្ពុជាបានថ្លែងថា គណបក្សលោកកឹម សុខា អាចកែប្រែរដ្ឋធម្មនុញ្ញបាន លុះត្រាតែគណបក្សនេះអាចរកសំឡេងបាន ២ភាគ៣នៅក្នុងរដ្ឋសភាជាតិ។ បើរកមិនបានទេ គឺជាការបរាជ័យនៅក្នុងការប៉ុនប៉ងកែប្រែរដ្ឋធម្មនុញ្ញ។ លោក ឈាង វ៉ុន បានបន្តបញ្ជាក់ទៀតថា យើងមិនកំណត់អាណត្តិនាយករដ្ឋមន្ត្រីទេ យើងទុកអោយប្រជាជនជាអ្នកកំណត់វិញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ