អានតួអត្ថបទ
កូឡុំប៊ី-FARC

គ្មាន​ការ​ផ្អាក​ឈប់​បាញ់​គ្នា​រវាង​ទ័ពព្រៃ FARC និង​កម្លំាង​រដ្ឋាភិបាល​នៅ​កូឡុំប៊ី

ពិធី​គោរព​វិញ្ញាណក្ខន្ធ​សព​ប៉ូលិស​កូឡុំប៊ី ៦នាក់ ស្លាប់​ដោយ​ស្នាដៃ​ពួកឧទ្ទាម FARC កាល​ពី​ថ្ងៃ​ចន្ទ ទី២៩ តុលា ឆ្នំា ២០១២
ពិធី​គោរព​វិញ្ញាណក្ខន្ធ​សព​ប៉ូលិស​កូឡុំប៊ី ៦នាក់ ស្លាប់​ដោយ​ស្នាដៃ​ពួកឧទ្ទាម FARC កាល​ពី​ថ្ងៃ​ចន្ទ ទី២៩ តុលា ឆ្នំា ២០១២ AFP/Luis Robayo
១២ នាទី

នៅ​ក្នុង​ប្រទេស​កូឡុំប៊ី សង្រ្គាម​រវាង​ចលនា​ទ័ពព្រៃ FARC និង​កម្លំាង​រដ្ឋាភិបាល​កំពុង​បន្ត​មាន ជិត ២សប្តាហ៍​ក្រោយ​ពី​មាន​ការ​បើក​កិច្ចចរចា​សន្តិភាព​ជា​ផ្លូវការ​រវាង​ភាគី​ជម្លោះ​ទំាង​ពីរ​នៅ​ក្នុង​ទីក្រុង​អូស្លូ ប្រទេស​ន័រវែស។ នៅ​ថ្ងៃ​ចន្ទ ទី២៩ តុលា​ដើម​សប្តាហ៍​នេះ មាន​ស្លាប់​ប៉ូលិស ៦នាក់​នៅ​ក្នុង​ការ​ពួនស្ទាក់បាញ់​ពី​ពួក​ឧទ្ទាម​ទ័ពព្រៃ FARC។ ទង្វើ​នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា កិច្ចចរចា​សន្តិភាព​រវាង​ភាគី​ទំាង​ពីរ​នឹង​មិន​អាច​ចេញ​ជា​លទ្ធផល​អ្វី​ទេ។

ផ្សាយពាណិជ្ជកម្ម

« គេ​ពិត​ជា​មិន​អាច​អត់ទោស​ឲ្យ​ពួក​ទ័ពព្រៃ FARC បាន​ឡើយ » នេះ​ជា​ពាក្យ​សម្តី​របស់​លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​កូឡុំប៊ី បន្ទាប់​ពី​ការ​ស្លាប់​ប៉ូលីស​ចំនួន ៦នាក់​កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ។ យោង​តាម​ទីក្រុង​បូហ្គោតា ប៉ូលិស​ទំាង ៦នាក់​នោះ​ត្រូវ​បាន​ពួក​ឧទ្ទាម FARC ពួន​ស្ទាក់​បាញ់​សម្លាប់​នៅ​តាម​ដង​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​តំបន់​កូកា​ស្ថិត​ប៉ែក​នីរតី​ប្រទេស​ដែល​ជា​ជង្រក​របស់​ពួក​ឧទ្ទាម​ម៉ារ្សនិយម។ គួរ​ជម្រាបជូន​ថា តំាង​ពី​ការ​ប្រកាស​ឲ្យ​ដឹង​អំពី​ទំនាក់ទំនង​លើក​ដំបូង​រវាង​ចលនា​ទ័ពព្រៃ FARC និង​រដ្ឋាភិបាល​ទីក្រុង​បូហ្គោតា​នា​ដំណាច់​ខែ​សីហា​មក មាន​ស្លាប់​ពួក​ឧទ្ទាម​ប្រមាណ​ជា ៥០នាក់​ហើយ និង​ដែល​ភាព​តានតឹង​កំពុង​បន្ត​មាន​ជានិច្ច​រវាង​ភាគី​ទំាង​ពីរ​រហូត​មក​ដល់​ពេល​នេះ។

តំាង​ពី​ក្រោយ​ការ​បើក​ឲ្យ​មាន​កិច្ចចរចា​ជា​ផ្លូវការ​រវាង​ភាគី​ជម្លោះ​ទំាង​ពីរ​នៅ​ក្នុង​ទីក្រុង​អូស្លូ ប្រទេស​ន័រវែស​ជិត ២សប្តាហ៍​មុន ចលនា​ទ័ពព្រៃ FARC បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ព្រួយបារម្ភ​របស់​ខ្លួន​ជុំវិញ​កិច្ចចរចា​សន្តិភាព​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​បូហ្គោតា។ ចំណែក​ភាគី​រដ្ឋាភិបាល​វិញ បាន​ព្យាយាម​និយាយ​ជំនះ​មតិ​ប្រជាជន​កូឡុំប៊ី​ភាគច្រើន​ដែល​មិន​ចង់​ឲ្យ​មាន​ការ​ចរចា​ដោយ​ផ្ទាល់​ជាមួយ​ពួក​ទ័ពព្រៃ FARC និង​កំពុង​រង់ចំា​នូវ​ឆន្ទៈ​ល្អ​របស់​ពួក FARC ដើម្បី​ឈាន​ទៅ​រក​ការ​ចរចា​ដោយ​ផ្ទាល់​ជា​លើក​ទី១។ ការ​ចរចា​ដោយ​ផ្ទាល់​ដែល​នឹង​គ្រោង​ចាប់​ផ្តើម​នៅ​ថ្ងៃទី១៥ វិច្ឆិកា​ខាង​មុខ​ក្នុង​ប្រទេស​គុយបា។ ប្រធានបទ​នៃ​កិច្ចចរចា​ដោយ​ផ្ទាល់​រវាង​ភាគី​ទំាង​ពីរ​នឹង​ផ្តោត​សំខាន់​លើ​ការ​បែងចែក​ដែនដី និង​គំរូ​កសិកម្ម​របស់​ប្រទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ