អានតួអត្ថបទ

​សហគ្រាសបច្ចេកវិទ្យា​​​​​រ៉ូបូ​ទូន្មាន​​​​​​ពី​​​គ្រោះថ្នាក់​នៃ​​​​អាវុធរ៉ូបូ​​ដែល​​អាច​​សម្លាប់​​​ជនស្លូតត្រង់​មិនរើសមុខ​​​​

មហាសេដ្ឋី​អាមេរិក លោក​Elon Musk ព្រមាន​ពីគ្រោះថ្នាក់ នៃ​​​​​​អាវុធ​ស្វ័យប្រវត្តិបំពាក់​​លើ​រ៉ូបូ ដែល​អាច​សម្លាប់​ជនស្លូតត្រង់ មិនរើស​មុខ។​
មហាសេដ្ឋី​អាមេរិក លោក​Elon Musk ព្រមាន​ពីគ្រោះថ្នាក់ នៃ​​​​​​អាវុធ​ស្វ័យប្រវត្តិបំពាក់​​លើ​រ៉ូបូ ដែល​អាច​សម្លាប់​ជនស្លូតត្រង់ មិនរើស​មុខ។​ REUTERS/Mario Anzuoni
ដោយ៖ ព្រំ សឿន សូលីណា
១៤ នាទី

ប្រធាន​​បណ្តា​ក្រុមសហគ្រាស​​​រ៉ូបូ ​ជាង​១០០នាក់​​បាន​សរសេរ​លិខិត​ទៅ​អង្គការ​សហ​ប្រជាជាតិ ​សុំអោយ​ពិចារណា និង​ប្រុងប្រយ័ត្ន​​​​ចំពោះគ្រោះថ្នាក់​បង្កឡើង​ដោយ​​​​​​​អាវុធ​ស្វ័យប្រវត្តិ​​​​ដែល​គេបំពាក់​លើ​រ៉ូបូ​ ដែល​​​គេ​ដាក់ងារ​​អោយ​ថា "រ៉ូបូ​ឃាតករ"រឺ​ក៏ "រ៉ូបូពិឃាត"។ មូលហេតុ​គឺដោយសារប្រភេទ​​​​អាវុធ​រ៉ូបូ​​​​​បែបនេះ​ ដែលគេប្រើ​ក្នុង​ជម្លោះ​យោធា​ អាច​សម្លាប់​មនុស្ស​ស្លូតត្រង់​បាន​រហ័ស​បំផុត ​​មិនអាច​ស្មានដល់។

ផ្សាយពាណិជ្ជកម្ម

មេដឺកនាំ​​សហគ្រាស​​​បច្ចេកវិទ្យា​​រ៉ូបូ​ បាននាំគ្នា​​​សរសេរ​លិខិតមួយច្បាប់ ​​ផ្ញើ​ទៅអង្គការ​សហប្រជាជាតិ​អោយ​ពិចារណា​អោយ​មែនទែន ពីគ្រោះថ្នាក់​​នៃបច្ចេកវិទ្យា​នៃ​​​អាវុធ​ស្វ័យប្រវត្តិ​បំពាក់​លើ​​​រ៉ូបូ ​ដែល​គេយកទៅប្រើ​ក្នុង​ជម្លោះប្រដាប់អាវុធ ព្រោះថា អាវុធ​រ៉ូបូ​ទាំងនេះ អាចត្រូវ​មេដឺកនាំ​ផ្តាច់ការ រឺ​ក៏​ក្រុមភេរវជន​យកទៅប្រើ​សម្លាប់​មនុស្សស្លូតត្រង់​បាន។ អាវុធ​រ៉ូបូ មាន​លក្ខណៈ​ស្វ័យត មានប្រសិទ្ធភាព​ខ្ពស់។ គេមិនចាំបាច់​ប្រើមនុស្ស​អោយទៅ​ធ្វើសង្គ្រាម​ទេ។ គេបញ្ជា​​​អាវុធ​រ៉ូបូ​ទាំងនេះ ​អោយ​ទៅ​​កំចាត់សត្រូវ ដោយ​មិនចាំបាច់​​មាន​មនុស្ស​ស្លាប់ទេ គឺ​មានតែ​ខាង​ភាគី​សត្រូវ​ប៉ុណ្ណោះដែល​​ត្រូវរ៉ូបូសម្លាប់។ ប៉ុន្តែ អាវុធ​រ៉ូបូ​​ពិឃាត​​ទាំងនេះ​មិនបាន​រើសមុខ​​ប្រជាជន​ស្លូតត្រង់​ទេ វា​អាច​សម្លាប់​មនុស្ស​​​​រហ័ស​បំផុត​ ពិបាក​ស្មានដល់។ ​​

ក្នុងចំណោម​ប្រធាន​​សហគ្រាស​រ៉ូបូ រឺសហគ្រាស​ផលិត​ឧបករណ៍​បច្ចេកវិទ្យា​ពិសេស ដែល​បាន​សរសេរ​លិខិតផ្ញើ​ទៅ​​អង្គការ​សហប្រជាជាតិ គេឃើញ​មា​ន​មហាសេដ្ឋីអាមេរិក លោក​​អេឡុន​ ម៉ាស្ក Elon Musk ជាប្រធាន​​​​សហគ្រាស​​រថយន្ត​ដើរដោយ​ចរន្ត​អគ្គិសនី Tesla។ មេដឺកនាំ​ក្រុម​សហគ្រាស​រ៉ូបូ​ ​លើកឡើង​ពី​ការទទួលខុសត្រូវ​របស់ពួកគេ ក្នុង​ការ​ប្រកាស​សញ្ញា​អាសន្ន​ ពីគ្រោះថ្នាក់​របស់​រ៉ូបូ​ពិឃាត​ទាំងនេះ។ ​​ក្រុមអ្នកស្រាវជ្រាវ​រាប់ពាន់​នាក់​ ​​ធ្លាប់​បាន​អំពាវនាវ​អោយ​​ហាមឃាត់​អាវុធប្រភេទ​នេះ​​​ដែរ កាលពី​ឆ្នាំ២០១៥។ ​​​អង្គការ​សហ ប្រជាជាតិ​ធ្លាប់​គិតគូរ​ពី​ប្រភេទ​អាវុធ​រ៉ូបូ​​ដែរ ហើយ​តាមធម្មតា ពេលនេះ ​​ត្រូវ​បើក​កិច្ចប្រជុំ​រឿងនេះ ​នៅ​ក្រុងហ្សឺណែវ ប៉ុន្តែ បែរ​ជា​​​លើកពេល​ប្រជុំនេះ ទៅ​ធ្វើនៅ​ខែ​វិច្ឆិកា​ទៅវិញ។ ​

ការប្រកាស​អោយ​មាន​ការប្រុងប្រយ័ត្ន​ពី​ផលវិបាក​​អាវុធ​ប្រភេទរ៉ូបូ ធ្វើឡើង​ដោយ​ក្រុមសហគ្រាស​រ៉ូបូ​ ពេលនេះ គឺ​ធ្វើចំពេល​ទីក្រុង​មែលបួន ​​អូស្ត្រាលី​រៀបចំ​សន្និសីទ​អន្តរជាតិ​ស្តីពី​​​បច្ចេកវិទ្យា​ឆ្លាតវៃ​បែបសិប្បនិម្មិត​​នេះ​​ដែរ។ សន្និសីទ​នេះ​បើកធ្វើ​ថ្ងៃចន្ទ​នេះ ដោយ​មា​នអ្នកចូលរួម​សន្ធឹកសន្ធាប់​រហូត​​២០០០នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ