កម្ពុជា

សហភាព​អឺរ៉ុប​និង​ចក្រភព​អង់គ្លេស​ចុះ​កិច្ច​ព្រមព្រៀង​រក្សា​សន្តិភាព​ជាមួយ​អាស៊ាន​

រដ្ឋមន្ត្រី​ក្រសួងការបរទេសខ្មែរ​លោក ហោ ណាំហុង
រដ្ឋមន្ត្រី​ក្រសួងការបរទេសខ្មែរ​លោក ហោ ណាំហុង RFI/Siv Channa

សហភាព​អឺរ៉ុប​និង​​ចក្រភព​អង់គ្លេស​នឹង​​ចុះហត្ថលេខា​​ជាមួយ​នឹង​​រដ្ឋមន្ត្រី​ការបរទេស​​អាស៊ាន​ លើ​​កិច្ច​ព្រមព្រៀង​​សន្តិភាព​ក្នុង​​តំបន់​​អាស៊ី​អាគ្នេយ៍​។​ បូក​រួម​​ទាំង​​ការ​ចុះ​ហត្ថលេខា​នៅ​​ថ្ងៃ​​ទី​​១២​​កក្កដា​​ខាង​​មុខ ​​មាន​ប្រទេស​​ចំនួន​ ២៨ ​បាន​​ចូល​រួម​​ក្នុង​​សន្ធិសញ្ញា​​មិត្តភាព ​និង​​សហ​ប្រតិបត្តិ​ការ​​​នៅ​​អាស៊ី​​អាគ្នេយ៍​​​ដែល​ផ្តោត​​សំខាន់​​លើ​​ការ​រក្សា​​សន្តិភាព​​នៅ​ក្នុង​​តំបន់​។​  

ផ្សាយពាណិជ្ជកម្ម

ក្នុងពេល​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន លើក​ទី​៤៥ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ លោក​រដ្ឋ​មន្ត្រី​​ការបរទេស​កម្ពុជា ក្នុង​នាម​ប្រធាន​អាស៊ាន បានលើកឡើង សហភាព​អឺរ៉ុប និង​ចក្រភព​អង់គ្លេស នឹង​ចុះហត្ថលេខា លើ​លិខិតុឧបករណ៍ ចូលរួម​ក្នុង​សន្ធិសញ្ញា​មិត្តភាពនិង​សហ​ប្រតិបត្តិការ​​នៅ​អាស៊ី​អាគ្នេយ៍ ( TAC )​។ ពិធី​ចុះហត្ថលេខា​រវាង​ប្រមុខ​ការទូត​អាស៊ាន និង​សហភាព​អឺរ៉ុបរួម​ទាំង​ចក្រភព​អង់គ្លេស នឹង​ធ្វើឡើង នៅ​ថ្ងៃ​១២​កក្កដា នៅក្រៅ​កិច្ចប្រជុំ វេទិកា​​តំបន់​អាស៊ាន​។

​មក​ដល់​ដល់​ថ្ងៃនេះ ប្រទេស​មហាអំណាច​ទាំង ៥ សហភាព​អឺរ៉ុប ព្រម​ទាំង​ប្រទេស​ផ្សេងទៀត ចំនួន ១៤ បាន​ចូលរួម​សន្ធិសញ្ញា​មិត្តភាព និង​សហប្រតិបត្តិការ​នៅ​អាស៊ី​អាគ្នេយ៍ របស់​អាស៊ាន​។​តាម​លោក​ប្រមុខ​ការទូត​កម្ពុជា នេះ​ក៏​ជា​ការរួមចំណែក​យ៉ាង​សំខាន់​ណាស់ ដល់​សន្តិភាព និង​សន្តិសុខ នៅក្នុង​តំបន់​របស់​អាស៊ីអាគ្នេយ៍​។​

ចំណែក​លោក កៅ គឹមហួនរដ្ឋលេខាធិការ​ក្រសួងការបរទេស ក៏​បាន​ពន្យល់​ក្នុង​សន្និសីទ​កាសែត​​នៅក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន កាលពី​ព្រឹក​ថ្ងៃទី​៩​កក្កដា​ថា ការ​ដែល​សហភាព​អឺរ៉ុប និង​ចក្រភព​អង់គ្លេសចូល​ជា​សមាជិក​សន្ធិសញ្ញា​មិត្តភាពនិង​សហ​ប្រតិបត្តិ​ការ​ នៅ​អាស៊ី​អាគ្នេយ៍ មាន​សារៈសំខាន់​ណាស់ ដោយសារ​ទី​១ចក្រភព​អង់គ្លេសគឺជា​ប្រទេស​មហា​អំណាច ដែល​ជា​សមាជិក​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។

ទី​២-​ដោយសារ សហភាព​អឺរ៉ុប តំណាងឲ្យ ២៧ ប្រទេស ក្នុង​តំបន់​ចាយប្រាក់​អឺរ៉ូ​។ ដូច្នេះ ការ​ចុះ​ហត្ថលេខា​នេះ ផ្តល់​សារៈសំខាន់ សម្រាប់​កម្ពុជា ក៏ដូចជា អាស៊ាន​។ ​លោក​ កៅ​គឹមហួន បាន​គូសបញ្ជាក់ថា សារៈសំខាន់​នៃ​សន្ធិសញ្ញា​មិត្តភាពនិង​សហប្រតិបត្តិការ​នៅ​អាស៊ី​អាគ្នេយ៍ គឺ​ទំនាក់ទំនង​រវាង​រដ្ឋ និង​រដ្ឋ ជាពិសេស​ការលើកកម្ពស់​សន្តិភាព សន្តិសុខនិង​ស្ថិរភាព​នៅ​ក្នុង​​តំបន់ ការមិន​ប្រើប្រាស់​កម្លាំង​គំរាម​កំហែងក្នុង​ការដោះស្រាយ​បញ្ហា​ផ្សេងៗរវាង​រដ្ឋនិង​រដ្ឋ​៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI