ប៉េកាំងនិងម៉ូស្គូ ស្នើក្រុមប្រឹក្សាសន្តិសុខបន្ថយទណ្ឌកម្មទៅលើកូរ៉េខាងជើង
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
រដ្ឋបាលក្រុងប៉េកាំងនិងក្រុងម៉ូស្គូ បានធ្វើសំណើរួមគ្នា ដាក់ទៅកាន់សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីជួយសម្រួលបន្ធូរបន្ថយទណ្ឌកម្មទៅលើកូរ៉េខាងជើង។ បើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសចិន ពីថ្ងៃអង្គារ ទី១៧ធ្នូ។ យោងតាមខ្លឹមសាររបស់សំណើរួមគ្នានៃប្រទេសសង្គមនិយមទាំងពីរ, ការលើកលែងទណ្ឌកម្មមួយចំពោះកូរ៉េខាងជើងនេះ គឺដើម្បីកិច្ចការមនុស្សធម៌សម្រាប់ជួយដល់ពលរដ្ឋកូរ៉េខាងជើង ដែលកំពុងតែរស់នៅយ៉ាងលំបាកវេទនា។
សេចក្តីអំពាវវនាវរួមគ្នារបស់ចិននិងរុស្ស៊ី គឺចង់ប្រកាសឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លុបចោលគន្លឹះទណ្ឌកម្មសំខាន់ៗមួយចំនួន ដែលបានដាក់ចេញកាលពីឆ្នាំ២០១៦ និង២០១៧។
ទណ្ឌកម្មដែលអង្គការសហប្រជាជាតិ បានដាក់កម្រិតលើប្រទេសកុម្មុយនីស្តកូរ៉េខាងជើងនោះ គឺធ្ងន់ធ្ងរខ្លាំង ខាងវិស័យសេដ្ឋកិច្ចនិងការនាំចេញ។ ពោលគឺហាមឃាត់ការទិញធ្យូងថ្ម, ដែក, រ៉ែលោហធាតុ និងផលិតសម្លៀកបំពាក់ ជាដើម ដែលផលិតនៅកូរ៉េខាងជើង។ ចំពោះទណ្ឌកម្មទាំងនេះ រុស្ស៊ីនិងចិន ស្នើសុំថាគួរលុបចោលទៅ។ មួយវិញទៀត រដ្ឋធានីប៉េកាំងនិងម៉ូស្គូ ក៏ស្នើដែរ ថាគួរលុបចោល«វិធានការបញ្ចូនពលករកូរ៉េខាងជើង ឱ្យត្រឡប់ទៅស្រុកដើមវិញ»។ វិធានការចាប់បញ្ចូនពលករបរទេសនេះ គឺផ្តើមដាក់ចេញដោយសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៧ ចំពោះកម្មករកូរ៉េខាងជើង។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក គឺង ស័ង (Geng Shung) បញ្ជាក់ប្រាប់អ្នកកាសែតថាការលើកលែងទណ្ឌកម្មចេញខ្លះចំពោះកូរ៉េខាងជើង គឺដើម្បីជួយសម្រួលដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋកូរ៉េខាងជើង ហើយការធ្វើដូច្នេះ ក៏ជាកាយវិការមនុស្សធម៌សប្បុរធម៌ផងដែរ។ នេះបើតាមអត្ថបទសំណើរួមគ្នារបស់ក្រុងម៉ូស្គូនិងប៉េកាំង ដែលផ្ញើចេញទៅសមាជិក១៥ប្រទេស នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទាំងអចិន្ត្រៃយ៍ក្តី និងមិនអចិន្ត្រៃយ៍ក្តី។ មិនតែប៉ុណ្ណោះ សំណើនេះ ក៏ចង់ឱ្យមានការជួបជុំជជែកទល់មុខគ្នា ចំនួន៦ភាគី នៅពេលឆាប់ៗខាងមុខនេះ។ ៦ភាគីនោះ មានចិន រុស្ស៊ី អាមេរិក ជប៉ុន ប្រទេសកូរ៉េទាំងពីរ គឺខាងជើងនិងខាងត្បួង។ ហើយបើគ្មានអ្វីប្រែប្រួលទេ ក្រុមប្រឹក្សាសន្តិសុខ នឹងបើកអង្គប្រជុំសម្រេចរឿងនេះ នៅថ្ងៃអាទិត្យ ទី២២ធ្នូចុងសប្តាហ៍នេះ។
ជាការកត់សម្គាល់ សំណើរបស់បងធំរុស្ស៊ីនិងចិននៅពេលនេះ គឺនៅស្របពេលដែល បេសជនពិសេសរបស់អាមេរិក កំពុងតែបំពេញទស្សនកិច្ច ចំនួនបីថ្ងៃ នៅកូរ៉េខាងត្បួង គឺដើម្បីរកដំណោះស្រាយចំពោះសំណុំរឿងវិបត្តិនៅឧបទ្វីបកូរ៉េ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ