ចិន-អាមេរិក

រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​ចោទ​ចិន​ត្រង់ៗ​រឿង​លួច​យក​ការណ៍​សម្ងាត់​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា

លោក Chuck Hagel រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក​ថ្លែង​ក្នុង​វេទិកា​សន្តិសុខ Shangri-La Dialogue ថ្ងៃទី១ មិថុនា ២០១៣
លោក Chuck Hagel រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក​ថ្លែង​ក្នុង​វេទិកា​សន្តិសុខ Shangri-La Dialogue ថ្ងៃទី១ មិថុនា ២០១៣ REUTERS/Edgar Su

ឆ្លៀតឱកាស​ក្នុង​វេទិកា​សន្តិសុខ​អាស៊ី​ប្រចាំឆ្នាំ ហៅថា Shangri-La Dialogue ដែល​បើក​ធ្វើ នៅ​សិង្ហបុរី នៅថ្ងៃ​សៅរ៍​នេះ លោក​ Chuck Hagel រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក​បាន​ធ្វើការ​ចោទប្រកាន់​ត្រង់ៗ នៅ​ចំពោះ​មុខមេដឹកនាំ​យោធា​ចិន​ អំពី​​​ប្រតិបត្តិការ​​របស់​ចិន ក្នុងការ​ចូល​លួចយកការណ៍​សម្ងាត់​តាម​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា ដែល​កំពុង​តែ​កើនឡើង​ខ្លាំង​គួរ​ឲ្យ​ព្រួយបារម្ភ។

ផ្សាយពាណិជ្ជកម្ម

 

លោក​ Chuck Hagel បាន​ថ្លែង នៅ​ក្នុង​វេទិកា​សន្តិសុខ Shangri-La Dialogue ថា អាមេរិក​មាន​ការ​បារម្ភ​យ៉ាងខ្លាំង ចំពោះ​ការកើនឡើង​នៃ​សកម្មភាព​លួច​យកការណ៍​តាម​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា ដែល​មាន​មួយផ្នែក មាន​ជាប់ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​ និង​ស្ថាប័ន​យោធា​ចិន​ដោយ​ផ្ទាល់។

កន្លងមក អាមេរិក​តែងតែ​បាន​ធ្វើការ​ចោទប្រកាន់​ចិន​ជា​រឿយៗ ជុំវិញ​រឿង​លួចយកការណ៍​សម្ងាត់​តាម​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា ក៏ប៉ុន្តែ ការចោទប្រកាន់​ទាំងនោះ​ ភាគច្រើន​គឺ​ធ្វើឡើង​ក្រៅផ្លូវការ ឬ​តាមរយៈ​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន។ នៅថ្ងៃ​សៅរ៍​នេះ គឺ​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក​ដោយ​ផ្ទាល់ ដែល​បាន​ធ្វើការ​ចោទប្រកាន់​ចិន​ដោយ​ផ្ទាល់ នៅ​ចំពោះ​មុខ​មេដឹកនាំ​​ជាន់ខ្ពស់​នៃ​កងទ័ព​ចិន ហើយ​ជា​ការ​ចោទប្រកាន់​ដោយ​ខ្លាំងៗ និង​ត្រង់ៗ​​បំផុត ដែល​គេ​កម្រ​នឹង​ឃើញ​មាន។

ការចោទប្រកាន់​ត្រង់ៗ​បែបនេះ ត្រូវបាន​គេ​មើលឃើញ​ថា ជា​ការ​ធ្វើឡើង ដើម្បី​​ដាក់​សម្ពាធ​លើ​ចិន​ នៅ​មុន​ពេល​បើក​ជំនួបកំពូល​ រវាង​លោក​អូបាម៉ា និង​លោក​ស៊ី ជីនពីង នៅ​​ថ្ងៃ​ទី៧ និង​ទី៨ មិថុនា​ សប្តាហ៍ក្រោយ។ ជំនួបកំពូល ដែល​បញ្ហា​សន្តិសុខ​ក្នុង​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា នឹង​ជា​ប្រធាន​រឿង​ដ៏​ចម្បងមួយ។

ក្រៅពី​បាន​ចោទប្រកាន់​ចិន​ខ្លាំងៗ​បែបនេះ លោក​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​ក៏​បាន​លើកឡើង​ផងដែរ​ថា អាមេរិក​មាន​បំណង​ចង់​សហការ​ជាមួយ​ចិន និង​ជាមួយ​ប្រទេស​ជាដៃគូ​ផ្សេងទៀត ក្នុង​រៀបចំ​បង្កើត​បទដ្ឋាន​អន្តរជាតិ​មួយ ដើម្បី​គ្រប់គ្រង រក្សា​សណ្តាប់ធ្នាប់ និង​ការ​ទទួលខុសត្រូវ នៅ​ក្នុង​ពិភព​ព័ត៌មាន​វិទ្យា។

គួររំឭកឡើងវិញ​ថា កាល​ពី​ដើមខែ​ឧសភា​កន្លងទៅនេះ បណ្តាញ​ព័ត៌មាន​អាមេរិក​បាន​ចុះផ្សាយ​ឲ្យដឹង​ថា ចិន​បាន​បើក​ប្រតិបត្តិការ​​ក្នុង​ទ្រង់ទ្រាយ​ធំ​មួយ​ តាម​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា ដើម្បី​ព្យាយាម​​ចូល​លួច​យកការណ៍​សម្ងាត់ ស្តីពី​កម្មវិធីផលិត​គ្រឿង​សព្វាវុធ​ទំនើបៗ​បំផុត​របស់​អាមេរិក។ ការ​ចោទប្រកាន់ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ធ្វើការ​បដិសេធ ដូច​សព្វមួយដង។

នៅ​ក្នុង​សុន្ទរកថា ក្នុង​វេទិកា​សន្តិសុខ Shangri-La Dialogue នៅ​ព្រឹកមិញ​នេះ លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក ក៏​​បាន​ថ្លែង​បែប​ព្រមាន​​ដោយ​ប្រយោល​សំដៅ​ចិន​ផងដែរ​ថា បើទោះបី​ជា​អាមេរិក​ត្រូវ​កាត់បន្ថយ​កញ្ចប់​ថវិកា​ក្នុង​វិស័យ​ការពារជាតិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក៏​ដោយ ក៏​អាមេរិក​មិនបោះបង់​​គម្រោង​បង្កើន​វត្តមាន​ទ័ព​នៅ​ក្នុង​តំបន់​អាស៊ី​​នោះដែរ។ នៅ​ក្នុង​ការ​បែងចែក​កម្លាំង​ទ័ព នៅ​ទូទាំង​ពិភព​លោក ទៅថ្ងៃ​អនាគត កងទ័ព​ជើងទឹក​អាមេរិករហូតដល់​ទៅ​​​ជិត ៦០%​ នឹង​ត្រូវ​បោះទីតាំង នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI