កម្ពុជា

ពល​រដ្ឋ​ខ្មែរ​ធុញ​ទ្រាន់​ធ្វើ​ដំណើរ​ នៅ​ពេល​ត្រលប់​ទៅ​ស្រុក​ម្តងៗ​តាម​ផ្លូវ​ជាតិ​លេខ១​

ការស្ទះចរាចរណ៍នៅភ្នំពេញ
ការស្ទះចរាចរណ៍នៅភ្នំពេញ RFI/Channa Siv

ការកកស្ទះ​ចរាចរណ៍​នៅ​ចំណុច​កំពង់ចំលង​អ្នក​លឿង​ ជា​ឧបសគ្គ​ក្នុង​ការវិល​ត្រលប់​ទៅកាន់​ស្រុកកំណើត​ ខណៈដែល​មាន​ពិធី​បុណ្យទាន​តូចធំ​ដែល​បុគ្គលិក​កម្មករ មន្ត្រីរាជការ​ត្រូវបាន​ឈប់សំរាក។ អាជ្ញាធរ​​​​អះអាងថា​ ការកកស្ទះ នឹង​ត្រូវបាន​ដោះស្រាយ​នៅពេលដែល​ស្ពាន​អ្នក​លឿង​សាងសង់​ហើយ​ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត។

ផ្សាយពាណិជ្ជកម្ម

ចរាចរ​ណ៍​បាន​កកស្ទះ​ធ្ងន់ធ្ងរ​នៅលើ​ផ្លូវជាតិ​លេខ១ ត្រង់ចំណុច​កំពង់ចំលង​អ្នក​លឿង ដោយសារតែ​ប្រជាពលរដ្ឋ​ខ្មែរ សំរុក​ចេញពី​ក្រុង​ ត្រលប់​ទៅកាន់​ស្រុកកំណើត​របស់​ពួកគេរៀងៗខ្លួន ដែល​គោលដៅ​នោះ ​គឺ​ឆ្ពោះទៅកាន់​ខេត្តព្រៃវែង និង​ស្វាយរៀង​ ដែល​​​ជា​ផ្លូវ​ឆ្លងកាត់ទៅកាន់​ប្រទេស​វៀតណាម​ផងដែរ។ ផ្លូវ​ដែលមាន​សារៈសំខាន់​ខាង​សេដ្ឋកិច្ច​នេះ​ បាន​ស្ទះ​បន្តិចម្តងៗ ២-៣ថ្ងៃ​មកហើយ​ នៅ​ចំណុច​អ្នក​លឿង​ត្រើយ​ខាងលិច។

ចេញដំណើរ​ពី​ភ្នំពេញ​ តាំងពី​ម៉ោង ៨ព្រឹក ចាន់ ធីតា ជា​កម្មការិនីកាត់ដេរ​ចំណាកស្រុក ដែលមាន​​ស្រុកកំណើត​នៅក្នុង​ស្រុក​បាភ្នំ​ ខេត្តព្រៃវែង ក៏ដូចជា​ប្រជាពលរដ្ឋ​ដទៃទៀត​ដែរ ដែលមាន​ស្រុកកំណើត​ នៅតាម​ខេត្ត​ទាំងអស់នោះ បាន​សម្តែង​នូវ​ការធុញទ្រាន់​ចំពោះ​ការ​ខាត​ពេលវេលា​។ ពេលវេលា​​ដែលមាន​បន្តិចបន្តួច ​ក្នុងការ​ធ្វើដំណើរ ​បែរជា​ទៅ​ជាប់គាំង​អស់​ជាច្រើន​ម៉ោង​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​កំពង់ចំលង។ ការ​រអ៊ូរទាំ​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង១១ ខណៈដែលរថយន្តឈ្នួល​ដែល​កម្មការិនី​​រូបនេះ និង​អ្នកដំណើរ​ឯទៀត​បាន​រំកិលយឺតៗនៅ​ចំងាយ ​ប្រមាណ១០០ ម៉ែត្រ​ ពីសា​ឡាង​អ្នក​លឿង។

អ្នកទេសចរ​នៅក្នុង​រថយន្ត​ខ្លះ ​បានសម្រេច​ចិត្ត​ចុះ​ដើរ ដែល​មើលទៅ​ហាក់ដូចជា​លឿន​ជាង​រថយន្ត​រំកិល។ ការកកស្ទះ​នេះ​ ធ្វើ​ឲ្យ​​ការ​បញ្ឆេះ​យានយន្តកាន់តែឡើងកំដៅ​ បូកផ្សំ​និង​កំដៅថ្ងៃទៀតនោះ។ មន្ត្រី​សាធារណការ​មិនអាច​ទាក់ទង​ធ្វើការ​ពន្យល់បាន​ទេ ពី​លក្ខណៈ​បច្ចេកទេស​​ដែល​បណ្តាល​ឲ្យ​មា​ន​ករ​កកស្ទះ​​ រាល់​ពេល​មាន​ពិធីបុណ្យ​ធំ តូច។

ទោះជា​យ៉ាងនេះ​ក្តី មន្ត្រី​ប៉ូលិ​ស​សុំ​មិន​បញ្ចេញ​ឈ្មោះ ដែល​ធ្វើ​ចរាចរណ៍​នៅ​ទី​នោះបាន​ប្រាប់​វិទ្យុ​បារាំង​ដោយ​ខ្លី​ថា ពិតជា​មានការ​ជួ​យស​ម្រួ​ល​ចរាចរណ៍​ដល់​អ្នកដំណើ​រ ដោយ​មិន​បណ្តោយ​ឲ្យ​មានការ​បើកបរ​តាម​អំពើ​ចិត្ត ឬក៏​មានការ​បំពាន​ដែល​នាំ​ឲ្យ​ស្ទះផ្លូវ​ពី​រថយន្ត
ទំនើបៗ ពី​អ្នក​ដែលមាន​អំណាច និង​មាន​លុយ​។

ប៉ូលិស​​បាន​​ពន្យល់​​តាម​ការកត់សម្គាល់ថា ចំនួន​យានយន្ត​ចេះតែ​មា​ន​ការកើនឡើង ហើយ​ផ្លូវថ្នល់​នៅ​ដដែល ណាមួយ​ចរាចរណ៍​តាមផ្លូវ​ជាតិ​លេខ​១ ​មាន​ភាព​មមាញឹក​ផង​នោះ ដោយនៅ​លើផ្លូវ​នោះ​ មានការ​ឆ្លង​សាឡាង​ដែល​រាំងស្ទះ​ដល់​ភាពរលូន​នៃ​ដំណើរ​ចរ​របស់​យានយន្ត ទាំងអស់​នេះ សុទ្ធសឹង​ជា​កត្តា​ដែល​នាំ​ឲ្យ​មានការ​ស្ទះផ្លូវ​យ៉ាង​ដូច្នេះ។

មន្ត្រី​ប៉ូលិ​ស​ជឿជាក់ថា​ ស្ថាន​ការ​នឹង​ត្រូវបាន​ដោះស្រាយ​នៅពេល​ស្ពាន​អ្នក​លឿង ដែលមាន​តម្លៃ១៣១លាន​ដុល្លារ ជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន ​បាន​សាងសង់​ហើយ​នៅពេល​ខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI