ថៃ

ប្រជាជន​បាងកក​ចាប់​​ជម្លៀសខ្លួន​​ចេញ​ពី​ទឹកជំនន់​ទីក្រុង

អ្នកដំណើរ​ឡានក្រុង​អើតមើល​ទឹកជំនន់ដែល​​ចាប់ផ្តើម​ហូរ​ចូល​សង្កាត់កណ្តាលក្រុង​​បាងកក នៅ​ថ្ងៃ​ទី ២៧ តុលា ២០១១
អ្នកដំណើរ​ឡានក្រុង​អើតមើល​ទឹកជំនន់ដែល​​ចាប់ផ្តើម​ហូរ​ចូល​សង្កាត់កណ្តាលក្រុង​​បាងកក នៅ​ថ្ងៃ​ទី ២៧ តុលា ២០១១ ©Reuters

អាជ្ញាធរ​ថៃ​បាន​ប្រកាសថា ទំនប់​ខ្សែក្រវាត់​ការពារ​ទីក្រុង​បាងកក​នឹង​មិនអាច​ទប់​ទំហំ​ទឹក​ដ៏​ធំធេង ដែល​ហូរចាក់​មក​ពី​ភាគខាងជើង​បានទេ។ ជាមួយគ្នានេះ ក្តីព្រួយ​បារម្ភ​ពីទីក្រុង​បាងកក​ជន់លិច​មាន​កាន់តែខ្លាំង។ នៅចុងសប្តាហ៍នេះ ក្រៅពីទឹក​ហូរ​បណ្តើរៗ ជន់លិច​សង្កាត់​មួយ​ចំនួន របស់ទីក្រុង​បាងកក ទឹកទន្លេ​ចៅប្រាយ៉ា​ដែល​នឹង​ឡើងខ្ពស់ នៅថ្ងៃសុក្រ​ទី​២៨ តុលា ដោយសារ​ទឹកជោរ​មក​ពី​ទឹកសមុទ្រ នឹង​ហៀរចាក់ ទៅជន់លិច​សង្កាត់ នៅតាម​ដងទន្លេ។

ផ្សាយពាណិជ្ជកម្ម

គិត​រហូត​មកដល់​ថ្ងៃ​សុក្រ​នេះ ស្ថានភាព​ទឹកជំនន់ ក្នុង​ទីក្រុង​បាងកក​មាន​លក្ខណៈ​ខុស​ប្លែកៗ​ពីគ្នា។ នៅសង្កាត់​ភាគខាងជើង​របស់​ទីក្រុង ទឹកជំនន់​មាន​កំពស់​មួយម៉ែត្រ។ កំពស់ទឹក​នៅ​ផ្សារ​ទេសចរណ៍ ចាក់តូចាក់វិញ មាន​ដល់​ទៅ ២ម៉ែត្រ។ ប៉ុន្តែ នៅភាគ​ខាងលិច​វិញ ទីក្រុង​ចាស់​របស់​បាងកក​មាន​លិច​តែមួយ​ផ្នែក ហើយ​កំពស់​ទឹក​មាន​ត្រឹម​ជាង ៣០​សង់ទីម៉ែត្រ​ប៉ុណ្ណោះ។ ចំណែក​នៅ​សង្កាត់​ដែល​ស្ថិតនៅចំកណ្តាល​ទីក្រុង​បាងកក​តែម្តង គឺ​គ្មានទឹកជំនន់ ជន់លិច ​មួយ​តំណក់ទេ។

 
ប៉ុន្តែ យោងតាម​អាជ្ញាធរ​ថៃ ពីពេលនេះ ទៅមុខ គ្មាន​សង្កាត់ណាមួយក្នុង​ក្រុង​បាងកក ​នឹង​ជៀសផុត​ពីទឹកជំនន់​ទេ។ លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត​ដែល​ទើបចូលកាន់តំណែង​នាយករដ្ឋមន្រ្តី​ថៃ បាន​ជាង ២ខែ កំពុង​ជួប​ដោះស្រាយ​ចំណោទ​ដ៏លំបាក​ស្មុគស្មាញ​មួយ​នេះ។ នៅថ្ងៃ​ម្សិលមិញ លោកស្រី​បាន​និយាយ​ថា អាជ្ញាធរ​មិន​អាច​ប្រឆាំង​នឹង​ធម្មជាតិ​បានទេ ព្រោះថា ពេលនេះ ទំនប់​ជាច្រើន​ដែលកំពុង​ទប់​ចរន្ត​ទឹកហូរ​ខ្លាំង នឹង​មិនអាច​មាន​លទ្ធភាព​ទប់ទឹក ​តទៅទៀត​បានទេ។ មធ្យោបាយ​មាន​តែមួយគត់ គឺ​ទម្លាយទំនប់​​តាម​កន្លែងខ្លះ ដើម្បីបញ្ចេញទឹក​ទៅសមុទ្រ នោះគឺ​ឲ្យ​បានមុនពេល​ទឹកជំនន់​កាន់​តែ​ឡើង​ខ្លាំង និង​ហូរ​ចូល​ខ្លាំង ទប់មិនទាន់​។
 
ទឹកហូរចូល​ក្នុង​ព្រលាន​យន្តហោះ​ដនមឿង នៅថ្ងៃ​សុក្រទី ២៨ តុលា។ ព្រលានយន្តហោះ​បាន​បិទ​ការហោះហើរ​តាំងពី​ថ្ងៃ​អង្គារ ទី ២៥ តុលា ២០១១
ទឹកហូរចូល​ក្នុង​ព្រលាន​យន្តហោះ​ដនមឿង នៅថ្ងៃ​សុក្រទី ២៨ តុលា។ ព្រលានយន្តហោះ​បាន​បិទ​ការហោះហើរ​តាំងពី​ថ្ងៃ​អង្គារ ទី ២៥ តុលា ២០១១ ©
ដើម្បី​បង្វែរ​ទឹកជំនន់​ពី​តំបន់​ភាគខាងជើង អាជ្ញាធរ​ថៃ​គ្រោងនឹង​វាយ​កម្ទេច​ផ្លូវថ្នល់​មួយចំនួន នៅ​ភាគខាងកើត​ទីក្រុង​បាងកកដើម្បី ឲ្យ​ទឹកអាច​ហូរ​​ទៅ​កាន់សមុទ្រ។ គំនិត​នេះ នៅមិនទាន់​បាន​ទទួលឯកភាព​ពី​រដ្ឋាភិបាល​ទេ ប៉ុន្តែ អាជ្ញាធរ​បាន​និយាយ​​ពីលទ្ធភាពនេះ​កាន់តែច្រើន។ តាម​លោកស្រី​យីងឡាក់ រដ្ឋាភិបាលថៃ​​គ្រោង​នឹង​ជីក​ផ្លូវ​រូងក្រោម​ដី នៅតាម​ផ្លូវ​ថ្នល់ទាំងនោះ ដើម្បី​ឲ្យ​គេ​អាច​បង្ហូរទឹក​ កាត់ទីក្រុង​បាងកក ទៅកាន់​ឈូងសមុទ្រ។
 
ទឹកជំនន់​នឹង​កើតមាន​ជៀសមិនផុត​ក្នុង​ទីក្រុង​បាងកក ដែល​មាន​មនុស្ស​រស់នៅ ជាង​១២លាន​នាក់។ រដ្ឋាភិបាល​បាន​ចេញ​ក្រឹត្យ​ឈប់សម្រាក​៥ថ្ងៃ ដែល​គិត​ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ និង​អំពាវនាវ​ប្រជាជន​ឲ្យ​ចាកចេញ​ពី​ផ្ទះសម្បែង បើចាំបាច់។ ចាប់ពីល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ប្រជាជន​បាងកក​បាន​ជម្លៀសខ្លួន សម្រុក ទៅកាន់​តំបន់​ភាគខាងត្បូង ក្រុងបាងកក ដែលនៅទីនោះ ក៏​កំពុង​មាន​​វិបត្តិ​ខ្វះផ្ទះ​ជួល។
 
ទាហាន​ជាង​៥​ម៉ឺននាក់ បាន​ត្រៀម​ប្រើ​ទូក​១ពាន់ និង​ឡាន ១ពាន់ គ្រឿង​ដើម្បី​ដឹក​ជម្លៀស​ប្រជាជន​ចេញពី​តំបន់​លិចទឹក។ ចំណែកអ្នក​ដែល​សម្រេចចិត្ត​មិនចាកចេញ កំពុង​ទិញ​ស្តុកទុក​អាហារចាំបាច់ ជា​ពិសេស​ទឹកស្អាត រហូត​ធ្វើ​ឲ្យ​ទីក្រុង​ជួប​បញ្ហា​កង្វះទឹក និង​អង្ករ​បម្រុង។ គេ​នាំគ្នា​ទិញ​គ្រឿងបរិភាគ​ស្តុកទុក ព្រោះ អាជ្ញាធរថៃ​បាន​ប៉ាន់ប្រមាណ​ហើយ​ថា ទីក្រុង​បាងកក​នឹង​អាច​ជន់លិច​ក្នុង​ទឹកជំនន់​ដល់​ពាក់កណ្តាល​ខែ​ធ្នូចុងឆ្នាំ​២០១១៕
 

រហូត​មកដល់​ថ្ងៃនេះ ទឹកជំនន់​ក្នុងប្រទេស​ថៃ បាន​សម្លាប់​មនុស្ស​ប្រមាណ ៣៧៧​នាក់ និង​ធ្វើឲ្យ​ប្រជាជន​ជាង​២ លាន ៥ សែន​នាក់​រងគ្រោះ។ មនុស្ស​ជាង ៧សែន​នាក់​ត្រូវការ​ការព្យាបាល នៅពេល​មនុស្ស​ជាង ១សែន​នាក់​ផ្សេង​ទៀត​កំពុង​គេចខ្លួន​ពី​ទឹកជំនន់​ទៅ​រស់នៅ​ក្នុង​ជំរក​បណ្តោះ​អាសន្ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI