កម្ពុជា

វិនិយោគិន​ចិន​កំពុង​សិក្សា​អំពី​លទ្ធភាព​វិនិយោគ​លើ​ដំណាំ​ម្រេច​ក្នុង​ខេត្ត​កំពត​

ដំណាំ​ម្រេច​ នៅ​ក្នុង​ប្រទេសកម្ពុជា
ដំណាំ​ម្រេច​ នៅ​ក្នុង​ប្រទេសកម្ពុជា RFI/សួង សុខភារី

វិនិយោគិន​ចិន​មួយ​ក្រុម ​រួម​ជាមួយ​ប្រតិភូ​ខេត្ត​សាង​ទុង ប្រទេសចិន​ កាល​ពី​ថ្ងៃ​អាទិត្យ​ កន្លង​ទៅ បាន​ទៅ​បំពេញ​ទស្សនកិច្ច ​នៅ​ខេត្ត​កំពត​ ដើម្បី​ពិនិត្យ​មើល​ស្ថានភាព​ដំណាំ​ម្រេច។ អភិបាល​ខេត្ត​កំពត​ លោក ខូយ ឃុន​ហួរ បាន​ឲ្យ​ដឹង​ថា​ ប្រតិភូ​ចិន​មួយ​ក្រុម​នេះ​ចាប់​អារម្មណ៍​លើដំណាំ​ម្រេច​ខ្មែរ និង​ចង់​វិនិយោគ​ដំណាំ​ម្រេច​នៅ​ក្នុង​ខេត្ត​កំពត​នេះ។

ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​សិក្សា​ពី​ប្រភេទ​ដំណាំ​ម្រេច ក្នុង​ខេត្ត​កំពត​រួច​មក អ្នក​វិនិយោគ និង​ប្រតិភូ​ចិន មក​ពី​ខេត្ត​សាន​ទុង បាន​សម្តែ​ង​ចំណាប់​អារម្មណ៍​ថា ពួកគេ​ចង់​បណ្តាក់​ទុន​វិនិយោគ លើ​ដំណាំ​ម្រេច​ទាំងនោះ។ ប្រតិភូ និងវិនិយោគិនចិន​ក៏បាន​​ស្នើ​​ឲ្យ​អាជ្ញា​ធរខេត្ត​កំពត​ ជួយ​ផ្តល់​ការ​ត្រួស​ត្រាយ​ផ្នែក​បចេ្ចកទេស។ នេះ​បើតា​ម​ការ​ឲ្យ​ដឹង​ពី​លោក ខូយ ឃុន​ហួរ អភិបាល​ខេត្ត​កំពត ដែល​បាន​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ នៅ​ព្រឹក​ថ្ងៃអង្គារនេះ។

បើតាមលោក​អភិបាល​ខេត្ត​កំពត មូល​ហេតុ​ដែល​ញុំាង​ឲ្យ​វិនិយោគិន​ចិន ចង់​មក​វិនិយោគ​ដំណាំ​ម្រេច​ នៅ​ខេត្ត​កំពត គឺ​ដោយសារ​គេ​ស្រាវជ្រាវ​ឃើញ​ថា ម្រេច​នឹង​ផ្តល់​អត្ថ​ប្រយោ​ជន៍​ច្រើនក្នុង​វិស័យ​កសិកម្ម។ លោក​អភិបាល​ខេត្ត​​បាន​បន្ត​ទៀត​ថា ប្រតិភូ​ខេត្ត​សាន​ទុង​​នៅ​ពេលនេះ​ កំពុង​តែ​សិក្សា​ និង​ត្រួត​ពិនិត្យ​ឲ្យកាន់​តែ​ច្បាស់​លាស់​អំពីប្រភេទ​ម្រេច ហើយ​គ្រោង​នឹង​មក​វិនិយោគ ក្នុង​ពេល​ឆាប់​ៗនេះ។

ប្រសិន​បើ​ចិន​​ពិត​ជា​មក​បណ្តាក់ទុន​លើ​ដំណាំ​ម្រេច​ ក្នុង​ខេត្ត​កំពត​មែន សេដ្ឋកិច្ច​ក្នុង​ខេត្ត​នឹង​មាន​ការ​អភិវឌ្ឍន៍​ ​ប្រជាជន​ក្នុងតំបន់នឹង​មាន​ការ​ជីវភាព​ធូរធារ ហើយ​វា​ក៏​ជា​ឱកាស​បង្កើន​ការងារ​ដល់​ប្រជាជន​ក្រី​ក្រ​ទៀតផង។ នេះ​បើ​តាម​លោក​ ខូយ ឃុន​ហួរ។

គួរ​បញ្ជាក់​ថា ខេត្ត​កំពត​មាន​ផ្ទៃដី​សរុប​ជាង ៤ពាន់​គីឡូម៉ែត្រក្រឡា​ និង​មាន​ប្រជាជន​ជាង ៦៣ម៉ឺន​នាក់ ហើយ​​ដំណាំ​ម្រេច គឺ​ជា​ដំណាំ​កសិកម្ម​គោល​ក្នុង​ខេត្ត​នេះ។ លោក​អភិបាល​ខេត្ត បាន​ឲ្យ​ដឹង​ថា ក្នុងពេលនេះ មាន​ផ្ទៃ​ដី​ដែល​កំពុង​ទទួល​ផល​ពី​ម្រេច ចំនួន​ជាង ៤០ហិកតា។

ដោយឡែក ​លោក វ៉ាង ជុន​មីន ប្រធាន​គណៈប្រតិភូ​ខេត្ត​សាន​ទុង បាន​ប្រាប់​ទីភ្នាក់​ងារ​ព័ត៌មាន​ AKP ថា​ បច្ចុប្បន្ន​មាន​អ្នក​វិនិយោគ​ចិន ក្នុង​ខេត្ត​សានទុង ៦៨​ក្រុម​ហ៊ុន ដែលមកវិនិយោគ​នៅ​ប្រទេសកម្ពុជា ដែលការវិនិយោគ​មានតម្លៃជា​ទឹក​ប្រាក់​រហូត​ដល់​ ១ពាន់​លាន​ដុល្លារ​អាមេរិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI