ប៉េរូ តម្រូវឱ្យក្រុមហ៊ុនឯកជនទិញបណ្ណ«ធានារ៉ាប់រងអាយុជីវិត»ឱ្យកម្មករ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅប៉េរូ រដ្ឋាភិបាលទើបសម្រេចថ្មីៗនេះ តម្រូវឱ្យកម្មករមានការធានារ៉ាប់រងអាយុជីវិត។ ចំពោះថ្លៃចំណាយ ក្នុងការទិញបណ្ណធានារ៉ាប់រងនេះ គឺជាបន្ទុករបស់ក្រុមហ៊ុនសហគ្រាសឯកជន។ ការសម្រេចចិត្តរបស់រដ្ឋអំណាចប៉េរូបែបនេះ គឺក្រោយពេលយុវជនពីរនាក់ បានស្លាប់បាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ នៅកន្លែងការងារ។
ពីអំណឺះតទៅ នៅប៉េរូ រដ្ឋាភិបាលតម្រូវឱ្យក្រុមហ៊ុនសហគ្រាសឯកជនទិញការធានារ៉ាប់រងអាយុជីវិត ឱ្យបុគ្គលិកឬកម្មករ បើទោះបីកម្មករនិងបុគ្គលិកនោះ ធ្វើការដោយចុះកិច្ចសន្យាការងារប្រភេទអ្វីក៏ដោយ។ បណ្ណធានារ៉ាប់រងអាយុជីវិតនេះ ត្រូវមានជាចាំបាច់ ចាប់តាំងពីថ្ងៃចូលធ្វើការដំបូង តែម្តង។ សហគ្រាសឯកជន ត្រូវតែជ្រើសរើសក្រុមហ៊ុនធានារ៉ាប់រងណា ដែលទទួលស្គាល់ដោយរដ្ឋ និងមានចុះបញ្ជីរដ្ឋត្រឹមត្រូវ។ ភ្នាក់ងាររបស់រដ្ឋាភិបាល នឹងចុះធ្វើអធិការកិច្ចត្រួតពិនិត្យជាប្រចាំ ចំពោះកិច្ចការនេះ។
ទាំងនេះគឺជាចំណាត់ការវិជ្ជមានថ្មី ស្តែងពីឆន្ទៈដោះស្រាយបញ្ហាសង្គមនិងវិបត្តិកម្មកររបស់រដ្ឋាភិបាលប៉េរូ។ នៅប៉េរូ ក្នុងមួយឆ្នាំ២០១៩ មានគ្រោះថ្នាក់ការងារ ប្រមាណ ៣៥ ០០០ ករណី ហើយស្លាប់ជីវិតកម្មករ ចំនួន២៣៦នាក់។ នេះបើតាមរបាយការណ៍ក្រសួងការងារ។
ដើមហេតុនៃចំណាត់ការឱ្យមានការធានារ៉ាប់រងជីវិតនេះ ដោយសារតែបុគ្គលិកពីរនាក់ ធ្វើការនៅក្រុមហ៊ុន McDonald ត្រូវរងគ្រោះចក់ខ្សែភ្លើង ស្លាប់ ក្នុងខែធ្នូ២០១៩កន្លងទៅ។ រឿងសោកនាដកម្មនេះបានល្បីឮពេញប្រទេស ផុសផុលពេញបណ្តាញសង្គម និងបណ្តាលឱ្យមានបាតុកម្មយ៉ាងខ្លាំងក្លានៅក្នុងប្រទេស។ គ្រួសារសពក៏បានប្តឹងក្រុមហ៊ុនឱ្យទទួលខុសត្រូវ។ នៅទីបំផុត តុលាការប៉េរូ បានកាត់ទោសជម្រះក្តី ម្ចាស់ក្រុមហ៊ុន McDonald សាខាក្នុងប្រទេស សងទឹកប្រាក់និងបង់ពិន័យ ចំនួន២២ម៉ឺនអឺរ៉ូ។
ប៉ុន្តែជាងពីរខែហើយ គ្រួសារជនរងគ្រោះ នៅតែមិនទាន់ទទួលសំណងដល់ដៃនៅឡើយទេ។ នេះបើតាមអ្នកឆ្លើយឆ្លងព័ត៌មានរបស់វិទ្យុបារាំង នៅប៉េរូ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ