អានតួអត្ថបទ
ហ្វីលីពីន

បន្ទាប់ពី​ព្យុះភ្លៀង ហ្វីលីពីន​រង​ទុក្ខ​រញ្ជួយ​ដី​មួយ​ជាន់​ទៀត

ក្រុម​សង្គ្រោះ​កំពុងធ្វើ​ប្រតិបត្តិការ​ជួយ​ នៅ​​តំបន់​​Cebu ភាគ​កណ្តាល​ហ្វីលីពីន​រងគ្រោះ​រញ្ជួយ​ដី​ក្នុង​កំរិត ៧,១​រ៉ិចទ័រ ថ្ងៃទី​១៥​តុលា ២០១៣
ក្រុម​សង្គ្រោះ​កំពុងធ្វើ​ប្រតិបត្តិការ​ជួយ​ នៅ​​តំបន់​​Cebu ភាគ​កណ្តាល​ហ្វីលីពីន​រងគ្រោះ​រញ្ជួយ​ដី​ក្នុង​កំរិត ៧,១​រ៉ិចទ័រ ថ្ងៃទី​១៥​តុលា ២០១៣ REUTERS/STRINGER
ដោយ៖ អៀង សុខម៉ិញ
១២ នាទី

រញ្ជួយ​ដី​ក៏​ខ្លាំង​មួយ ក្នុង​កំរិត​ ៧,១​​បើ​គិត​តាមមាត្រាដ្ឋាន​រីស្ទែរ បាន​គំរាមកំហែង​ប្រជុំ​កោះ​ចំនួន​បី​របស់​ហ្វីលីពីន នៅ​ព្រឹក​ថ្ងៃអង្គារ​នេះ បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​ហោច​ណាស់​៨៥​នាក់ និង​របួស​ជា​ច្រើន​រយ​នាក់។ ប្រជុំ​កោះ​ ដែល​ស្ថិត​នៅ​ភាគ​កណ្តាល​ប្រទេស មាន​មនុស្ស​រស់​នៅ​យ៉ាង​កក​កុញជា​តំបន់​ប្រជុំ​ជន​ ទាំង​ផ្នែក​សេដ្ឋកិច្ច​ នយោបាយ​ វប្បធម៌ អប់​រំ​ ​និង​ទេសចរណ៍​។ កោះ​សេប៊ុយ Cebu មានកំពង់ផែ​និង​អាកាសយានដ្ឋាន​ធំ​លំដាប់​ទីពីរ​បន្ទាប់​ពី​រដ្ឋធានី​​ម៉ានីល។

ផ្សាយពាណិជ្ជកម្ម

ព្រះ​ធរណី​បាន​រញ្ជួយ​ឡើង​នៅ​វេលា​ម៉ោង ៨​និង​១២​នាទី​ព្រឹក​មិញ ដោយ​មាន​ចំណុច​រញ្ជួយ​ ស្ថិត​នៅ​តំបន់ បូហូល ក្នុង​ជម្រៅ​២០​គ.ម. ក្រោម​ដី​ និង​បន្ត​ដោយ​សកម្មភាព​រញ្ជួយ​តូចៗ​ក្នុង​កំរិត​​៥រីស្ទែរ ដល់​ទៅ​បួន​ដង​បន្ថែម​ទៀត។ ប្រជុំ​កោះ​ដែល​នៅ​ក្នុង​រង្វង់​អង្កត់​ផ្ចិត​ក្រោម​១០០គ.ម. ពី​ចំណុច​រញ្ជួយ​ដី រង​គ្រោះ​យ៉ាង​ខ្លាំង។ ប៉ុន្តែ ​ ពុំ​មាន​ការ​ប្រកាសអាសន្ន​រលក​យក្ស​ស៊ូណាមី​ទេ !

 
ជា​សំណាង​ល្អដែរ ដោយ​ថ្ងៃ​អង្គារ​នេះ​ជា​ថ្ងៃ​ឈប់​សម្រាក ​ទើប​ចំនួន​ជន​រងគ្រោះ​ពុំ​សូវ​ធ្ងន់ធ្ងរ​ខ្លាំង។ ប៉ុន្តែ​ការ​ខូច​ខាត​ជា​សម្ភារៈ​មាន​ច្រើន​អនេក​ អាគារ​ទំនើប បូរាណ វិហារ​ សាលា​រៀន​សកលវិទ្យាល័យ ផ្លូវថ្នល់​ បាន​រង​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង។ វិហារ​កាតូលិក​ដ៏​ចំណាស់ សតវត្សរ៍​ទី​១៥ និង​១៦​​ចំនួន​ពីរ មួយ​នៅ​កោះ​សេប៊ុយ និង​បូហូល (Bohol) បាន​បាក់​រលំ។

ចំណែក​ជន​រងគ្រោះ​វិញ ភាគ​ច្រើន បាន​បាត់​បង់​ជីវិត ដោយ​ហេតុ​ការ​បាក់​រលំ​អាគារ​​សង្កត់​ និង​ខ្លះ​ទៀត​ដោយ​សារ​ការ​រត់​ជាន់​គ្នា។ អាជ្ញាធរ​តំបន់ ប៉ាន់​ប្រមាណ​ថា ចំនួន​ជន​រគ្រោះ​​​អាច​នឹង​កើន​ឡើង​បន្ថែម​ទៀត ទៅ​តាម​ល្បឿន​នៃ​ការ​បោស​សំអាត​អាគារ​បាក់​ស្រុត​រួច !

សូម​បញ្ជាក់​ថា តំបន់​ភាគ​កណ្តាល​ហ្វីលីពីន ដែល​រងគ្រោះ​រញ្ជួយ​ដី​នៅ​ថ្ងៃ​នេះ និង​ដែល​ជា​តំបន់​មាន​ប្រជាជន​រស់​នៅ​យ៉ាង​កកកុញ ជា​តំបន់​​ទេសចរណ៍​ដ៏​សំខាន់​ និង​ដ៏​​ពេញ​និយម​របស់​ហ្វីលីពីន។​ ​កោះ​Cebu និង​  Bohol ក៏​ដូច​ជា​កោះ​Siquijor ជាប់​ឈ្មោះ​ល្បី​ថាមាន​ឆ្នេរ​ខ្សាច់​សក្បុស ទឹក​ថ្លាឆ្វេង​ ឆ្លុះ​នឹងដី​​ភ្នំ(ពណ៌)​​​​​សូកូឡា​យ៉ាង​ទាក់ទាញ​។ ប៉ុន្តែ​ហ្វីលីពីន​ស្ថិត​នៅ​លើ​ខ្សែ​ក្រវ៉ាត់​ភ្នំភ្លើង​ប៉ាស៊ីហ្វិក​ ដែល​ងាយ​នឹង​ជួប​គ្រោះ​រញ្ជួយ​ដី​និង​បន្ទុះ​ភ្នំភ្លើង​យ៉ាង​ញឹកញយ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ