ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហ្វីលីពីន-​អាមេរិក-​ចិន៖ ​តើ​លោក​ឌុយទែរតេ​ចង់បាន​អ្វី​ពិតប្រាកដ?

សំឡេង ០៤:២៤
លោក​រ៉ូឌ្រីហ្គោ ឌុុយទែេរតេ ប្រធានាធិបតី​ហ្វីលីពីន
លោក​រ៉ូឌ្រីហ្គោ ឌុុយទែេរតេ ប្រធានាធិបតី​ហ្វីលីពីន Reuters

នៅ​ក្នុង​រយៈពេល​ប៉ុន្មានថ្ងៃ​ចុងក្រោយ​នេះ លោក​ឌុយទែរតេ ប្រធានាធិបតី​ហ្វីលីពីន​ បាន​ប្រើ​ពាក្យ​សម្តី​វាយប្រហារ​ដោយ​ធ្ងន់ៗ​ទៅលើ​សហរដ្ឋ​អាមេរិក មួយលើក​ជា​ពីរលើក។ ក្រោយ​ពី​បាន​ជេរប្រមាថ​លោក​អូបាម៉ា លោក​ប្រធានាធិបតី​ហ្វីលីពីន បាន​ប្រកាស​បណ្តេញ​កងទ័ព​អាមេរិក​​ឲ្យ​ចាកចេញ​ពី​ទឹកដី​ហ្វីលីពីន។ ឥរិយាបថ​នេះ​កើត​មាន​ឡើង នៅ​ក្នុង​ពេល​ដែល​ហ្វីលីពីន​កំពុងតែ​មាន​ការ​ប្រឈមមុខ​យ៉ាង​តានតឹង​ជាមួយ​ចិន នៅ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង ហើយ​វា​បង្កើត​ឲ្យ​មាន​ការ​ចោទ​ជា​សំណួរ​ថា តើ​លោក​ឌុយទែរតេ​ចង់​បាន​អ្វី​ពិតប្រាកដ? តើ​អ្វី​ទៅ​ជា​នយោបាយ​ការបរទេស​របស់​លោក ជាពិសេស នៅ​ក្នុង​ទំនាក់ទំនង​ជាមួយ​អាមេរិក និង​ជាមួយ​ចិន?

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ទំនាក់ទំនង​ត្រីកោណ រវាង​ហ្វីលីពីន អាមេរិក និង​ចិន បើ​គេ​ទុក​មួយអន្លើ​នូវ​ឥរិយាបថ​និង​ពាក្យសម្តី​របស់​លោក​ឌុយទែរតេ នៅ​ក្នុង​មួយ​រយៈ​កាល​ចុងក្រោយ​នេះ គេ​ឃើញ​ថា ហ្វីលីពីន​គឺ​ជា​សម្ព័ន្ធមិត្ត​ដ៏ជិតស្និទ្ធ​របស់​អាមេរិក ហើយ​​ចំណង​សម្ព័ន្ធភាព​​នេះ​ត្រូវ​បាន​ចងភ្ជាប់​ជាផ្លូវការ​តាម​ផ្លូវ​ច្បាប់ តាមរយៈ​សន្ធិសញ្ញា​ការពារជាតិ​ទ្វេភាគី ដែល​បាន​ចុះ តាំង​ពីឆ្នាំ​១៩៥១។ ម្យ៉ាងទៀត ជាទូទៅ​ ហ្វីលីពីន​តែងតែ​បាន​ចាត់ទុក​អាមេរិក​ថា​ជា​ប្រទេស​សម្ព័ន្ធមិត្ត​ដ៏សំខាន់​បំផុត​នៅ​លើ​ពិភពលោក ចំណែក​អាមេរិក​វិញ បាន​ចាត់បញ្ចូល​ហ្វីលីពីន​ទៅ​ក្នុង​ចំណោម​ប្រទេស​សម្ព័ន្ធមិត្ត​ចម្បងបំផុត​របស់​អាមេរិក​នៅ​ក្រៅ​បក្ស​សម្ព័ន្ធ​អូតង់ (Major Non-NATO Ally) ពោលគឺ ស្ថិត​នៅ​ក្នុង​កញ្ចប់​តែមួយ​ជាមួយ​នឹង​ប្រទេស​ជប៉ុន​ ​និងកូរ៉េ​ខាងត្បូង។

ក្នុងពេល​ជាមួយគ្នា ហ្វីលីពីន និង​ចិន គឺ​ជា​គូជម្លោះ​ដ៏ធំ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ ជម្លោះ​ដែល​កំពុងតែ​មាន​ភាព​តានតឹង​យ៉ាង​ខ្លាំង នៅ​ក្រោយ​ពី​មាន​ក្តីក្តាំ​ទៅដល់​តុលាការ​អាជ្ញាកណ្តាល​អន្តរជាតិ​ក្រុង​ឡាអេ ហើយ​ដែល​​ចិន​ត្រូវ​តុលាការ​កាត់​ឲ្យ​ចាញ់​ក្តី តែ​ចិន​បដិសេធ​មិន​គោរព​តាម។

នៅ​ក្នុង​បរិបទ​នេះ ហ្វីលីពីន​គួរណាស់​តែ​​ពង្រឹង​ទំនាក់ទំនង​ជាមួយ​នឹង​អាមេរិក ដើម្បី​ជួយ​ទប់ទល់​ជាមួយ​នឹង​ចិន។ ក៏ប៉ុន្តែ ផ្ទុយ​ពីនេះ​ទៅវិញ លោក​ឌុយទែរតេ​បាន​ប្រើ​ពាក្យ​សម្តី​ជេរប្រមាថ និង​រិះគន់​យ៉ាង​ខ្លាំងៗ​ ម្តងហើយ​ម្តងទៀត ទៅលើ​សហរដ្ឋ​អាមេរិក។

មាន​អ្នក​ជំនាញ​ជាច្រើន​យល់​ឃើញ​ថានេះ​​គឺ​ជា​ការ​និយាយ​ឲ្យ​រួចតែ​ពីមាត់​ទៅ​តាម​ការ​ច្រឡោត និង​ការ​ខ្វះបទពិសោធន៍​ខាង​ការទូត ជាជាង​ការ​បង្ហាញ​ពី​ការ​ផ្លាស់ប្តូរ​នយោបាយ​ការបរទេស​ណាមួយ ពីព្រោះ ម្យ៉ាង​គេ​សង្កេតឃើញ​ថា ពាក្យសម្តី​ជេរប្រមាថ​គ្រោតគ្រាត​ដែល​លោក​ឌុយទែរតេ​បាន​ប្រើ​កន្លងមក មិនមែន​ប្រើ​តែ​ទៅលើ​លោក​អូបាម៉ា និង​សហរដ្ឋ​អាមេរិក​តែមួយ​នោះទេ។ លោក​បាន គីមូន អគ្គលេខាធិការ​អ.ស.ប និង​រហូតដល់​សម្តេចប៉ាប​ក៏​ធ្លាប់​ទទួល​រង​ការ​វាយប្រហារ​ដោយ​ពាក្យសម្តី​យ៉ាងធ្ងន់ៗ​ពី​លោក​ឌុយទែរតេ​បែបនេះ​ដែរ ហើយ​គេ​ក៏​គួរតែ​កត់សម្គាល់​ផងដែរ​ថា ​ការ​ប្រើ​ពាក្យសម្តី​គ្រោតគ្រាត​អស់ទាំងនេះ ជាពិសេស ចំពោះ​អាមេរិក និង​អ.ស.ប គឺ​កើតមានឡើង នៅ​ក្នុង​ពេល​ដែល​លោក​ឌុយទែរតេ​ឆ្លើយតបទៅនឹង​​ការរិះគន់​​​អំពី​ការ​រំលោភ​សិទ្ធិមនុស្ស ដែល​បង្ក​ឡើង​ដោយ​យុទ្ធនាការ​របស់​លោក​ក្នុងការ​បង្រ្កាប​បណ្តាញ​ជួញដូរ​គ្រឿងញៀន។

ម្យ៉ាងទៀត​គេ​សង្កេតឃើញ​ថា ​លោក​ឌុយទែរតេ​តែងតែ​បាន​​ផ្លាស់ប្តូរ​ឥរិយាបថ​របស់​លោក​ជារឿយៗ។ មួយថ្ងៃ​ជេរប្រមាថ​លោក​អូបាម៉ា មួយថ្ងៃ​ឡើង​មក​ទៀត សម្តែង​ការ​សោកស្តាយ និង​កែតម្រូវ​មកវិញ​ថា​​មិនជេរ​សំដៅ​ទៅលើ​លោក​អូបាម៉ា។ មួយថ្ងៃ​ប្រកាស​បណ្តេញ​ទាហាន​អាមេរិក​ចេញ​ពី​ទឹកដី​ហ្វីលីពីន មួយថ្ងៃ​ឡើង​មក​ទៀត ប្រកាស​ថា​នឹង​បន្ត​គោរព​តាម​អ្វី​ដែល​ប្រទេស​ទាំងពីរ​​បាន​ព្រមព្រៀងគ្នា​ពីមុន ហើយ​ការ​ផ្លាស់ប្តូរ​ឥរិយាបថ​ ម្តងក្តៅ ម្តងត្រជាក់​បែបនេះ លោក​ឌុយទែរតេ និង​រដ្ឋាភិបាល​របស់​លោក ក៏​ធ្លាប់​ធ្វើ​ដែរ ចំពោះ​ចិន នៅ​ក្នុង​បញ្ហា​សមុទ្រ​ចិនខាង​ត្បូង។

កាលពីដំបូង លោក​ឌុយទែរតេ​ធ្លាប់​បាន​រិះគន់​​ប្រធានាធិបតី​ចាស់ គឺ​លោក​អាគីណូ​រឿង​យក​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ទៅ​តុលាការ​ក្រុង​ឡាអេ ដោយ​បាន​លើកឡើង​ថា ហ្វីលីពីន​គួរ​ដោះស្រាយ​ជម្លោះ​នេះ​តាមរយៈ​ការ​ចរចា​ទ្វេ​ភាគី​ជាមួយ​ចិន​ជាជាង​ប្រើ​យន្តការ​តុលាការ​អន្តរជាតិ។ នៅ​​ពេល​ដែល​តុលាការ​សម្រេច​ឲ្យ​ហ្វីលីពីន​ឈ្នះ​ក្តី រដ្ឋាភិបាល​របស់​លោក​ឌុយទែរតេ​ក៏​មិនបាន​សម្តែង​នូវ​ការ​អបអរ​សាទរ​អ្វី​ខ្លាំង​នោះដែរ ដោយ​នៅតែ​បន្ត​ប្រកាន់​ជំហរ​ចង់​ចរចា​ជាមួយ​នឹង​ចិន។

ក៏ប៉ុន្តែ ក្រោយ​មក​​លោក​ឌុយទែរតេ​បាន​ផ្លាស់​ប្តូរ​ជំហរ​មក​វិញ ដោយ​ទាមទារ​ឲ្យ​ចិន​ប្រកាស​ទទួលស្គាល់​សេចក្តីសម្រេច​របស់​តុលាការ​ជាមុន ទើប​សុខចិត្ត​ចរចា ហើយ​ប៉ុន្មានខែ​ក្រោយ​មក​ទៀត ក៏​ស្រាប់​តែ​ប្តូរ​ជំហរ​ត្រឡប់​ទៅវិញ​ ដោយ​អះអាង​ថា ហ្វីលីពីន​អាច​នឹង​ទុក​សេចក្តីសម្រេច​របស់​តុលាការ​ក្រុងឡាអេ​មួយ​អន្លើ ហើយ​សុខចិត្ត​ចរចា​ឈាន​ទៅ​ធ្វើ​អាជីវកម្ម​រួមគ្នា​ជាមួយ​ចិន​​ទៅលើ​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​ប្រជុំកោះ​ជាប់ជម្លោះ មុននឹង​​លោក​ឌុយទែរតេ​ដំឡើង​សំឡេង​មកវិញ​ថា លោក​នឹង​ធ្វើ​ដំណើរ​ដោយ​ផ្ទាល់​​ទៅកាន់​ប្រជុំកោះ​ជាប់ជម្លោះ ដើម្បប្រឈមមុខ​នឹង​ចុងកាណុង​របស់​កងទ័ព​ចិន ហើយ​យក​ទង់ជាតិ​ហ្វីលីពីន​ទៅ​ដោយ​នៅទីនោះ...

ការ​កែប្រែ​ពាក្យ​សម្តី ផ្លាស់ប្តូរ​ឥរិយាបថ​ឥតឈប់ឈរ​បែបនេះ​ហើយ ដែល​ធ្វើ​ឲ្យ​គេ​ពិបាក​នឹង​សន្និដ្ឋាន​ឲ្យ​បាន​ពិត​ប្រាកដ​ថា តើ​លោក​ឌុយទែរតេ​ចង់​ជ្រើស​ដើរ​តាម​ផ្លូវណា នៅ​ក្នុង​ទំនាក់ទំនង​ត្រីកោណ ជាមួយ​អាមេរិក និង​ចិន? ក៏​ប៉ុន្តែ យ៉ាងហោចណាស់ នេះ​​ក៏​អាច​ជា​សញ្ញា​មួយដែរ​បង្ហាញ​ថា លោក​ឌុយទែរតេ​​ទំនង​ជា​នឹង​មិន​ឱបក្រសោប​អាមេរិក​ទាំងស្រុង ដើម្បី​មក​ប្រឆាំង​ជាមួយ​នឹង​ចិន​យ៉ាងពេញមុខ​ ដូចអ្វី​ដែល​លោក​អាគីណូ​តែងតែ​បាន​ធ្វើ​កន្លងមក​នោះដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI