តុលាការ​ខ្មែរក្រហម

ពាក្យ​បណ្តឹង​ប្រឆាំង​មន្ត្រី​ជាន់ខ្ពស់ ១១​រូប​ត្រូវ​បាន​ទាត់ចោល

សហ​មេធាវី​បរទេស​ការពារ​លោក​នួន ជា ប្តឹង​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​ថា បាន​ចូល​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​តុលាការ​ខ្មែរក្រហម
សហ​មេធាវី​បរទេស​ការពារ​លោក​នួន ជា ប្តឹង​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​ថា បាន​ចូល​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​តុលាការ​ខ្មែរក្រហម ©RFI/ ស៊ីវ ចាន់ណា

ពាក្យ​បណ្តឹង​របស់​សហ​មេធាវី​បរទេស​ការពារ​ក្តី​លោក​ នួន ជា​ ដែល​បាន​ប្តឹង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ​១១ ​រូប​រួមទាំង​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ផង​ដែរ​នោះ​ត្រូវបាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​តម្កល់​ទុក​ឥត​ចាត់ការ។ ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន,​ លោក ​ជា ស៊ីម ​លោក​ ហេង សំរិន​ ព្រមទាំង​មន្ត្រី​រដ្ឋាភិបាល​៩នាក់​ទៀត​ត្រូវ​បាន​សហមេធាវី​បរទេស​លោក​នួន ជា​ ប្តឹង​ពីបទ​រំខាន ​និង​ជ្រៀតជ្រែក​ដំណើរការ​តុលាការ​កាត់ទោស​អតីត​មេដឹកនាំ​កំពូល​ខ្មែរក្រហម។

ផ្សាយពាណិជ្ជកម្ម

ទីបំផុតទៅ ​ព្រះរាជអាជ្ញារង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក​ សុខ រឿន​ បាន​សម្រេច​តម្កល់​សំណុំរឿង​ដែល​ប្តឹង​ដោយ​សហមេធាវី​បរទេស​របស់​លោក ​នួន ជា ​ប្រឆាំង​នឹង​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​និង​មន្ត្រី​ជាន់ខ្ពស់​ ១០នាក់​ទៀត ​ទុក​ឥត​ចាត់ការ​ឡើយ។​ ដីកា​តម្កល់​រឿង​ទុក​ឥត​ចាត់ការ​នេះ​ត្រូវ​បាន​តុលាការ​ផ្ញើ​ទៅ​កាន់​សាលាក្តី​ខ្មែរក្រហម​ដើម្បី​ជូន​ដំណឹង​ដល់​សហមេធាវី​បរទេស​ទាំង២​រួចហើយ កាលពី​ថ្ងៃសុក្រ​ទី ៩ ខែធ្នូ ឆ្នាំ ២០១១។

សហមេធាវី​បរទេស​ពីររូប​របស់​លោក ​នួន ជា ​គឺលោក ​MICHIEL PESTMAN ​និង ​លោក​ ANDREW IANUZZI ​បាន​ប្តឹង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​កម្ពុជា​១១​រូប​ពី​បទ​ចោទ​ប្រកាន់​ថា ​បាន​រំខាន​ និង​ជ្រៀតជ្រែក​ដល់​ដំណើរការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម។ ​ក្នុង​ពាក្យ​បណ្តឹង​ចុះ​ថ្ងៃទី​២៥ ​ខែ​តុលា ​ឆ្នាំ​២០១១ ​សហមេធាវី ​លោក​ នួន ជា ​បាន​ប្តឹង​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ លោក​ ប្រធាន​ព្រឹទ្ធសភា ​ជា ស៊ីម,​ លោក​ប្រធាន​រដ្ឋសភា ​ហេង សំរិន​, លោក ​ហោ ណាំហុង ​, លោក ​គង់ សំអុល​, លោក​ គាត ឈន់​, លោក ​អ៊ុក ប៊ុនឈឿន​, លោក ​ស៊ឹម កា​, លោក ​ខៀវ កាញារីទ្ធ​, លោក ​ខៀវ សុភ័គ ​និង​លោក​ ផៃ ស៊ីផាន។

ពាក្យ​បណ្តឹង​នេះ​បាន​ធ្វើ​ឡើង​ដោយ​យោង​ទៅ​តាម​សេចក្តី​អត្ថាធិប្បាយ​មួយចំនួន​របស់​មេដឹកនាំ ​និង​មន្ត្រី​រដ្ឋាភិបាល​ទាំង​នោះ​ទាក់ទង​នឹង​ដំណើរការ​កាត់ទោស​អតីត​មេដឹកនាំ​កំពូល​របប​ខ្មែរក្រហម ​ជាពិសេស​ទាក់ទង​នឹង​សំណុំរឿង​០០៣ ​និង​០០៤។ ថ្នាក់ដឹកនាំ ​និង​មន្ត្រី​រដ្ឋាភិបាល​ទាំង​នោះ​ធ្លាប់​បាន​បញ្ចេញ​ប្រតិកម្ម​ប្រឆាំង​ទៅ​នឹង​សំណុំរឿង​ថ្មី​ទាំងពីរ​ដោយ​ប្រាថ្នា​ចង់​ឲ្យ​តុលាការ​ខ្មែរក្រហម​បញ្ចប់​ត្រឹម​សំណុំរឿង​០០២។

ក៏ប៉ុន្តែ​ អយ្យការអម​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​បាន​តម្កល់​សំណុំរឿង​នេះ​ឥត​ចាត់ការ​ឡើយ ក្រោម​ហេតុផល​ថា ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ដាក់​បន្ទុក​លើ​ថ្នាក់ដឹកនាំ​ទាំងនោះ។ នៅ​មិន​ទាន់​មាន​ប្រតិកម្ម​ពី​សហមេធាវី​ទាំងពីរ​នៅ​ឡើយ​ទេ រហូត​មក​ទល់​ពេល​នេះ។

សូមបញ្ជាក់ថា កាល​ពីឆ្នាំ​២០០៨​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ក៏​ធ្លាប់​បាន​តម្កល់​ទុក​មិន​ចាត់​ការ​ពាក្យ​បណ្តឹង​របស់​សហមេធាវី​ការពារ​លោក ​នួន ជា ​ដែល​បាន​ដាក់ពាក្យ​បណ្តឹង​ប្រឆាំង​មន្ត្រី​តុលាការ​ខ្មែរក្រហម​ក្នុង​រឿង​ពុក​រលួយ​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI