អានតួអត្ថបទ
ស.រ.អា.-ឥណ្ឌា

កិច្ចសហប្រតិបត្តិការ ដ៏​មាន​មហិច្ឆតា និង​កាន់តែ​ធំ រវាង​អាមេរិក និង​ឥណ្ឌា

នាយករដ្ឋមន្ត្រី​ឥណ្ឌា (ឆ្វេង) និង​លោក​ អូបាម៉ា នៅ​សេតវិមាន ថ្ងៃទី ៣០ កញ្ញា ២០១៤
នាយករដ្ឋមន្ត្រី​ឥណ្ឌា (ឆ្វេង) និង​លោក​ អូបាម៉ា នៅ​សេតវិមាន ថ្ងៃទី ៣០ កញ្ញា ២០១៤ © Reuters
ដោយ៖ ហ៊ែល សម្បត្តិ
1 នាទី

បន្ទាប់ពី​ទស្សនកិច្ច​បី​ថ្ងៃ​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក នាយក​រដ្ឋមន្រ្តី​ឥណ្ឌាលោក​ នរិន្ទ្រ ម៉ូឌី ​ត្រូវ​បាន​ទទួល​​ការ​​ស្វាគមន៍​​យ៉ាង​​កក់​ក្តៅ​ពី​​លោក ​បារ៉ាក់​ អូបាម៉ា នៅ​​​សេតវិមាន​នៅ​ថ្ងៃ​អង្គារ​នេះ។ ប្រមុខ​រដ្ឋ​ទាំងពីរ បាន​បង្ហាញ​បំណង​រួម​ក្នុង​ការសម្រេច​បាន​នូវ​កិច្ចសហប្រតិបត្តិការ ដ៏​មាន​មហិច្ឆតា និង​កាន់​តែ​ធំ។

ផ្សាយពាណិជ្ជកម្ម

 

នាយក​រដ្ឋមន្រ្តី​ឥណ្ឌា ម៉ូឌី បាន​ជួប​លោក​ប្រធានាធិបតី​អាមេរិក អូបាម៉ា កាលពី​យប់​ថ្ងៃ​ចន្ទ​ម្តង​ហើយ នៅ​ឯ​សេតវិមាន នៅ​ក្នុង​អាហារ​ពេល​ល្ងាច ដោយ​មាន​ការចូលរួម​ពី​ថ្នាក់​ដឹកនាំ ចំនួន​ប្រហែល​ម្ភៃ​នាក់ ដែល​ក្នុង​នោះ​រួម​មាន​វត្តមាន​ផង​ដែរ​របស់ លោក រដ្ឋលេខាធិការ ចន ឃែរី និង រដ្ឋមន្រ្តី​ក្រសួង​ការបរទេស ឥណ្ឌា ស៊ូស្មា ស្វារាច៍។

ក្នុងសេចក្តីប្រកាសរួម​ដែល​ត្រូវ​បាន​បោះពុម្ព​ផ្សាយ​ក្នុង​កាសែត​វ៉ាស៊ីនតោន​បុស្តិ៍ កាលពី​ព្រឹក​ថ្ងៃ​អង្គារ បន្ទាប់ពី​ជំនួប​នេះ ប្រមុខ​រដ្ឋ​ទាំងពីរ បាន​បង្ហាញ​បំណង​រួម ក្នុង​ការ​រឹត​ចំណង​ដែល​មាន​ស្រាប់ និង​ពង្រីក​សហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗ​ដូចជា វិស័យ​យោធា វិស័យ​ស្រាវជ្រាវ​វិទ្យាសាស្រ្ត ការរុករក​ក្នុង​លំហ​អាកាស កិច្ចសហប្រតិបត្តិការ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម វិនិយោគ និង​បច្ចេកវិទ្យា និង​ការចូលរួម ធ្វើ​សុខដុមកម្ម​ជាមួយ​នឹង​របៀបវារៈ​អភិវឌ្ឍន៍​របស់​ប្រទេស​ឥណ្ឌា ខណៈពេល​ដែល​សហរដ្ឋ​អាមេរិក ជា​ក្បាល​ម៉ាស៊ីន​នៃ​កំណើន​សេដ្ឋកិច្ច​ពិភពលោក។ ក្នុង​សេចក្តី​ប្រកាស​រួម​ដដែល​នោះ ប្រមុខ​រដ្ឋ​ទាំងពីរ ក៏បាន​គូស​បញ្ជាក់​ពី​កម្មវត្ថុ​នៃ​កិច្ចពិភាក្សា​នៅ​ថ្ងៃ​អង្គារ​នេះ ថា​នឹង​ផ្តោត​ទៅ​លើ​របៀប ក្នុង​ការ​ធ្វើ​យ៉ាងណា ដើម្បី​អាច​បង្កើន​ផលិតកម្ម និង​ពង្រីក​ការផលិត​ថាមពល​កកើត​ឡើង​វិញ ក្នុង​តំលៃ​សមរម្យ ដើម្បី​ធានា​ឲ្យ​បាន​ពី​ចីរភាព​នៃ​បរិស្ថាន​រួម​ទៅ​ថ្ងៃ​អនាគត។ ថែមលើនេះ គឺ​ការពិភាក្សា លើ​របៀប​ដែល​ពាណិជ្ជករ អ្នក​វិទ្យាសាស្រ្ត និង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​អាច​សហការ​គ្នា​ដើម្បី​កែ​លម្អ​គុណភាព​ អាច​ជឿ​ជាក់​បាន និង​ការមាន​សេវា​ជា​មូលដ្ឋាន ជាពិសេស​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ​បំផុត​ក្នុង​ក្របខ័ណ្ឌ​នៃ​យុទ្ធនាការ អនាម័យ​របស់​ឥណ្ឌា។

កិច្ចសហប្រតិបត្តិការនេះ គឺផ្អែក​លើ​គោលការណ៍ ដែល​ថា​ឥណ្ឌា និង​អាមេរិក មាន​គោលការណ៍​ដូចគ្នា និង ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក។ ហើយ​ការខិតខំ​ប្រឹងប្រែង​រួម និង​កិច្ចសហការ​នេះ​នឹង​អាច​ចូលរួម​កំណត់ ពី​ការលើក​ស្ទួយ​សន្តិសុខ និង​សន្តិភាព​អន្តរជាតិ នា​ពេល​អនាគត។

ទាំងនេះគឺជាអ្វីដែល​មាន​ក្នុង​សេចក្តី​ប្រកាស​រួម​របស់​លោក ម៉ូឌី និង លោក​អូបាម៉ា ដែល​ត្រូវ​បាន​បោះ​ផ្សាយ ក្នុង​កាសែត​វ៉ាស៊ីនតោនបុស្តិ៍​កាលពី​ព្រឹក​ថ្ងៃ​អង្គារ។ សេចក្តី​ពិស្តារ និង​ការបញ្ជាក់​បន្ថែម នឹង​ធ្វើ​ឡើង​ដោយ​ប្រមុខ​រដ្ឋ​ទាំងពីរ​នៅ​សេតវិមាន បន្ទាប់​ពី​កិច្ចពិភាក្សា​នៅ​ថ្ងៃ​អង្គារនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ