ប៉ូឡូញ-អូតង់

ប៉ូឡូញ​ទទូច​ឲ្យ​អូតង់​ពង្រាយ​ប្រព័ន្ធ​ខែល​ការពារ​មីស៊ីលក្នុងពេល​កំពុង​មាន​បញ្ហា​តានតឹង​ជាមួយ​រុស្ស៊ី

លោក Bronislaw Komorowski ប្រធានាធិបតី​ប៉ូឡូញ (ស្តាំ) និង​លោក Jens Stoltenberg អគ្គលេខាធិការ​ថ្មី​របស់​អូតង់ ថ្ងៃ​ចន្ទ ៦ តុលា ២០១៤
លោក Bronislaw Komorowski ប្រធានាធិបតី​ប៉ូឡូញ (ស្តាំ) និង​លោក Jens Stoltenberg អគ្គលេខាធិការ​ថ្មី​របស់​អូតង់ ថ្ងៃ​ចន្ទ ៦ តុលា ២០១៤ REUTERS/Adam Stepien

ប៉ូឡូញ​បាន​ទាមទារ នៅថ្ងៃ​ចន្ទ​នេះ ឲ្យ​អង្គការ​​អូតង់​​បន្ត​បេសកកម្ម​ដាក់ពង្រាយ​ប្រព័ន្ធ​ខែល​ការ​ពារមីស៊ីល នៅ​អឺរ៉ុប ដើម្បី​ការពារ​ប្រទេស​ជា​សមាជិក។ ការ​ទទូច​ឲ្យ​ដាក់​ពង្រាយ​ប្រព័ន្ធ​ខែល​ការពារ​មីស៊ីល​នេះ​ត្រូ​វ​បាន​ធ្វើឡើង នៅ​ក្នុង​ពេល​ដែល​អូតង់ និង​រុស្ស៊ី កំពុងតែ​ប្រឈមមុខ​ដាក់គ្នា​ខ្លាំង ចាប់តាំង​ពី​មាន​វិបត្តិ​នៅ​អ៊ុយក្រែន។

ផ្សាយពាណិជ្ជកម្ម

ការទទូច​សុំ​ឲ្យ​អូតង់​ដាក់ពង្រាយ​ប្រព័ន្ធ​ខែល​ការពារ​មីស៊ីល ត្រូវ​បាន​ធ្វើឡើង ដោយ​ប្រធានាធិបតី​ប៉ូឡូញ កាល​ពីថ្ងៃ​ចន្ទ នៅ​ក្នុង​អំឡុង​ដំណើរទស្សនកិច្ច​របស់​លោក Jens Stoltenberg អគ្គលេខាធិការ​អង្គការ​អូតង់ ដែល​ទើប​នឹង​ឡើង​មក​កាន់តំណែង​ជំនួស​លោក Rasmussen។ លោក Bronislaw Komorowski បាន​លើកឡើង​ថា ការ​ដាក់ពង្រាយ​ប្រព័ន្ធ​ខែល​ការពារមីស៊ីល នៅ​ក្នុង​ក្របខ័ណ្ឌ​អង្គការ​អូតង់ វា​មាន​សារៈសំខាន់​ទាំង​ខាង​ផ្នែក​នយោបាយ និង​ខាង​ផ្នែក​យោធា។

គួរបញ្ជាក់ថា កន្លងមកង គម្រោង​ដាក់ពង្រាយ​ប្រព័ន្ធខែល​ការពារមីស៊ីល​នៅ​អឺរ៉ុប​​តែងតែ​ជា​បញ្ហា​ដ៏ចម្រូងចម្រាស​មួយ នៅ​ក្នុង​ទំនាក់ទំនង រវាង​រុស្ស៊ី និង​លោក​ខាងលិច ជាពិសេស ជាមួយ​សហរដ្ឋ​អាមេរិក នៅ​ក្នុង​អាណត្តិ​លោក​ប្រធានាធិបតី​​ចច ដាបិលយូ ប៊ូស។ កាលពី​ឆ្នាំ​២០០៩ លោក​អូបាម៉ា​ ដែល​ឡើង​មក​កាន់តំណែង​​ជំនួស​លោក​ប៊ូស បាន​ប្រកាស​ផ្អាក​គម្រោង​ដាក់ពង្រាយ​ប្រព័ន្ធ​ការពារមីស៊ីល​នៅ​ប៉ូឡូញ និង​សាធារណរដ្ឋ​ឆែក។ ក៏ប៉ុន្តែ មួយឆ្នាំ​ក្រោយ​មក អង្គការអូតង់​សម្រេច​​បង្កើត​ប្រព័ន្ធ​ខែល​ការពារមីស៊ីល​នេះ​ក្នុងក្របខ័ណ្ឌ​អង្គការ​អូតង់ ដើម្បី​ទុក​ការពារ​ប្រទេស​ជា​សមាជិក។

នៅពេលនេះ សំណុំរឿង​ប្រព័ន្ធ​ខែល​ការពារ​មីស៊ីល​ហាក់ចាប់ផ្តើម​កម្រើក​ឡើងវិញ នៅ​ក្នុង​ពេល​ដែល​អូតង់ និង​រុស្ស៊ី កំពុងតែ​មាន​ការ​ប្រឈមមុខ​ដាក់​គ្នា​ខ្លាំង ចាប់តាំង​ពី​មាន​វិបត្តិ​នៅ​អ៊ុយក្រែន។

នៅ​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ប៉ូឡូញ នៅថ្ងៃ​ចន្ទ លោក Jens Stoltenberg អគ្គលេខាធិការ​ថ្មី​របស់​អូតង់​បាន​លើកឡើង​ថា ប៉ូឡូញ គឺ​ជា​ប្រទេស​ដែល​មាន​តួនាទី​គន្លឹះ នៅ​ក្នុង​គម្រោង​បង្កើត​ប្រព័ន្ធ​ខែល​ការពារមីស៊ីល​របស់​អូតង់។ លោក​ក៏​បាន​បញ្ជាក់​ឡើងវិញ​ផងដែរ អំពី​គម្រោង​របស់​អូតង់​ ក្នុងការ​ដាក់ពង្រាយ​កងទ័ព​​ឲ្យឈរជើង​​ជា​លក្ខណៈ​អចិន្រ្តៃយ៍ នៅ​តាម​បណ្តា​ប្រទេស​ជា​សមាជិក នៅ​តំបន់​អឺរ៉ុប​ខាង​កើត ក្បែរ​ប្រទេស​រុស្ស៊ី។ ក៏ប៉ុន្តែ លោក​បាន​បញ្ជាក់​បន្ថែម​ថា គម្រោង​នេះ​ធ្វើឡើង នៅ​ក្នុង​គោលដៅ ដើម្បី​តែ​ការពារ​ខ្លួន​តែ​ប៉ុណ្ណោះ។

ទោះជាយ៉ាងណា គម្រោង​នេះ​​​បាន​ធ្វើ​ឲ្យ​រុស្ស៊ី​មិន​សប្បាយចិត្ត ហើយ​​កន្លងមក រុស្ស៊ី​​ធ្លាប់បាន​ប្រកាស​ថា ខ្លួន​នឹង​ធ្វើការ​កែប្រែ​យុទ្ធសាស្រ្ត​ទ័ព ដើម្បី​ឆ្លើយតប​ទៅនឹង​ការបង្កើន​វត្តមាន​យោធា​របស់​អូតង់​នៅ​អឺរ៉ុប​ខាង​កើត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI