ការបោះឆ្នោតនៅប៉ូឡូញ៖ លោកប្រធានាធិបតី Komorowski អបអរជ័យជំនះនៃគូប្រជែងរបស់ខ្លួន
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
គណបក្សអភិរក្សនិយមរបស់លោក Andrzej Duda បានឈ្នះការបោះឆ្នោតប្រធានាធិបតីនៅប្រទេសប៉ូឡូញ កាលពីថ្ងៃអាទិត្យម្សិលមិញ។ លោក Duba ទទួលបានការគាំទ្រចំនួន៥៣ភាគរយ នាំមុខគណបក្សកណ្ដាលនិយមរបស់លោកប្រធានាធិបតី Komorowski ដែលទទួលបានការបោះឆ្នោតគាំទ្រតែ៤៧ភាគរយប៉ុណ្ណោះ។ នេះបើតាមលទ្ធផលបណ្ដោះអាសន្នដែលត្រូវបានផ្សព្វផ្សាយតាមទូរទស្សន៍ TVP។ ភ្លាមៗបន្ទាប់ពីការប្រកាសលទ្ធផលនេះ លោកប្រធានាធិបតី Komorowski បានសម្ដែងការសាទររបស់ខ្លួន ចំពោះជ័យជំនះរបស់លោក Duba ដែលជាគូប្រជែង។
ខ្ញុំសូមសម្ដែងការអបអរសាទរចំពោះគូប្រជែងរបស់ខ្ញុំ គឺលោក Duba និងសូមជូនពរឲ្យជោគជ័យនៅក្នុងតំណែងថ្មី ជាប្រធានាធិបតីនៃប្រទេសប៉ូឡូញ។ នេះគឺជាប្រសាសន៍របស់លោកប្រធានាធិបតី Komorowski ដែលទើបតែចាញ់ឆ្នោតលោក Duba នៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃអាទិត្យ ទី២៤ឧសភា។
លោក Andrzej Duda មកពីគណបក្សអភិរក្សនិយម ច្បាប់និងយុត្តិធម៌ បានឈ្នះការបោះឆ្នោតប្រធានាធិបតីនៅប្រទេសប៉ូឡូញ ដោយទទួលបានការគាំទ្រចំនួន៥៣ភាគរយ នាំមុខគណបក្សកណ្ដាលនិយមរបស់លោកប្រធានាធិបតី Komorowski ដែលទទួលបានការបោះឆ្នោតគាំទ្រតែ៤៧ភាគរយប៉ុណ្ណោះ។
ក្រោយការប្រកាសលទ្ធផលនេះ លោក Duda ក្នុងវ័យ៤៣ឆ្នាំ បានប្ដេជ្ញាចិត្តចំពោះមុខអ្នកគាំទ្ររបស់ខ្លួនដែលប្រមូលផ្ដុំនៅមុខទីស្នាក់ការកណ្ដាលគណបក្សថា លោកនឹងចាប់ផ្ដើមតំណែងប្រធានាធិបតីរបស់លោកដោយការរួបរួមគ្នា។ និងថា ការងារពិបាកៗជាច្រើននឹងត្រូវជួបប្រទះ ដើម្បីដោះស្រាយបញ្ហារបស់ប្រទេសប៉ូឡូញ។ ប៉ុន្តែបើតាមលោក Duba ទាំងអស់គ្នាអាចផ្លាស់ប្ដូរប្រទេសប៉ូឡូញបាន។
គួរកត់សម្គាល់ថា ជ័យជំនះរបស់លោក Andrzej Duda នៅក្នុងការបោះឆ្នោតប្រធានាធិបតីលើកនេះ មិនមែនជារឿងចៃដន្យនោះទេ។ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត លោក Andrzej Duda បានសង្កត់ធ្ងន់ពីភាពខ្វះខាតនិងទន់ខ្សោយរបស់គូប្រជែងខ្លួន គឺលោកប្រធានាធិបតី Komorowski។ ក្នុងនោះ លោក Duda បានសន្យាថានឹងកាត់បន្ថយអាយុចូលនិវត្តន៍ ព្រមទាំងបន្ថែមការចំណាយទៅលើសុខុមាលភាពសាធារណៈ។ ប្រមុខគណបក្សអភិរក្សនិយមរូបនេះ ក៏បានអះអាងពីផែនការជំរុញឲ្យមានវត្តមានយោធាអាមេរិកជាអចិន្ត្រៃយ៍នៅក្នុងប្រទេសប៉ូឡូញ ដើម្បីពង្រឹងសន្តិសុខរបស់ប៉ូឡូញ ប្រឆាំងនឹងការគម្រាមកំហែងរបស់រុស្ស៊ីផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ