ប្រេស៊ីល

ប្រតិបត្តិការ​សឹក​ដ៏​ធំធេង​ប្រឆាំង​នឹង​ពួកជួញដូរ​គ្រឿងញៀន នៅ​ទីក្រុង Rio de Janeiro

ប៉ូលិស​ប្រេស៊ីល​បើក​ការវាយប្រហារ​ដើម្បី​គាស់​រម្លើង​ពួក​ជួញដូរ​គ្រឿង​ញៀន នៅ​ក្នុង​សង្កាត់​មួយ​របស់​ទីក្រុង​Rio de Janeiro​
ប៉ូលិស​ប្រេស៊ីល​បើក​ការវាយប្រហារ​ដើម្បី​គាស់​រម្លើង​ពួក​ជួញដូរ​គ្រឿង​ញៀន នៅ​ក្នុង​សង្កាត់​មួយ​របស់​ទីក្រុង​Rio de Janeiro​ Reuters/Bruno Domingos

ដោយ​មាន​ការគាំពារ​ពី​រថក្រោះ​វាយ​លុក​ ​ ទាហាន​ជា​ច្រើន​រយ​នាក់​បាន​ឡោម​ព័ទ្ធ​សង្កាត់​តោក​យ៉ាក​Vila​ Cruzeiro​ ដើម្បី​ដេញ​កំចាត់​បន​ពួក​ជួញ​ដូរ​គ្រឿង​ញៀន។ ចាប់​ពី​ដើម​សប្តាហ៍​នេះ​មក​ ​ សង្គ្រាម​ចេញ​មុខ​របស់​អាជ្ញាធរ​ប្រេស៊ីល​ប្រឆាំង​នឹង​ពួក​ជួញ​ដូរ​គ្រឿង​ ញៀន​បាន​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​៣០​នាក់​ដែល​ក្នុង​ចំណោម​នេះ​ ៧​នាក់​ស្លាប់​នៅ​ថ្ងៃ​២៥​វិច្ឆិកា​ម្សិលមិញ។ ក្នុង​ចន្លោះ​ពេល​៤ឆ្នាំ​ទៀត​ពី​ការប្រកួត​ដណ្តើម​ពាន​រង្វាន់​ពិភពលោក​ខាង​ កីឡា​បាល់ទាត់ និង​៦ឆ្នាំ​ទៀត​ពី​ល្បែង​កីឡា​អូឡាំពិក​នៅ​ទីក្រុង​Rio​ de​ Janeiro​ ​ អាជ្ញាធរ​ចង់​ដណ្តើម​សង្កាត់​ជា​ច្រើន​ពី​ដៃ​ពួក​ជួញ​ដូរ​គ្រឿង​ញៀន​យក​មក​ កាន់​កាប់​វិញ​ ​ ដោយ​ប្រើ​មធ្យោបាយ​ពុំ​ធ្លាប់​ដែល​ប្រើ​ពី​មុន​មក​សោះ។

ផ្សាយពាណិជ្ជកម្ម

 

​សេចក្តី​រាយការណ៍​របស់François Cardona ពី​ទីក្រុង​Rio ​ប្រែសម្រួល​ដោយ​វីនស្តុន រតនា

ហាង​លក់​ដូរ​និង​បារ​ទាំង​អស់​នៃ​សង្កាត់​តោក​យ៉ាក​ Vila​ Cruzeiro​ បាន​បិទ​ទ្វារ​របស់​ខ្លួន។មាន​តែ​បណ្តាជន​ខ្លះ​ដ៏​កម្រ​ប៉ុណ្ណោះ​នៅ​ធ្វើ​ចរាចរណ៍​តាម​វិថី​នានា។ នារីChristina​ទើប​នឹង​នាំ​ប្អូន​ជីដូន​មួយ​ប្រុស​របស់​ខ្លួន​មក​ពី​មន្ទីរ​ពេទ្យ។ គាត់​ត្រូវ​របួស​នៅ​ពេល​ដែល​អង្គភាព​ទាហាន​ជើង​ឆើត​បាន​វាយ​លុក​ចូល​សង្កាត់​ “ទាំង​អស់​គ្នា​បាន​ភៀស​ខ្លួន​មក​ជ្រក​កោន​ក្នុង​ផ្ទះ​ខ្ញុំ​  ពី​ព្រោះ​ការបាញ់​ពុំ​បាន​ទៅ​ដល់​គេ​ទេ​ ដូច​នៅ​ពេល​កើត​សង្គ្រាម​អ៊ីចឹង។ គេឮ​សូរ​គ្រាប់​កាំភ្លើង​ហើរ​ឆ្វេកៗ។ បង្អួច​បើក​ចំហ។ ប្អូន​ជីដូន​មួយ​ប្រុស​ខ្ញុំ​ដើរ​ទៅ​បិទ​វា។ ពួក​ប៉ូលិស​គិតថា​ គាត់​បោះ​ចោល​អ្វី​មួយ​ទៅ​លើ​ថ្នល់​ហើយ​គេ​ក៏បាន​បាញ់“។

​នៅ​ថ្ងៃ​ត្រង់​ ​ ពួក​ទាហាន​បាន​សំរេច​ក្នុង​ការដើរ​ចូល​ទៅ​ក្នុង​សង្កាត់​តោកយ៉ាក​ ​ ដោយ​តម្រូវ​ឱ​ពួក​ជួញ​ដូរ​គ្រឿង​ញៀន​រត់​គេច​ខ្លួន​ចេញ​ពី​សង្កាត់​ដែល​ពួក​វា​បាន​កាន់​កាប់​ជា​ច្រើន​ខែ​មក​ហើយ​ ​ ដោយ​ធ្វើ​ឱ​ជីវភាព​របស់​ពួក​អ្នក​រស់​នៅ​ក្នុង​សង្កាត់​ពិបាក​សឹង​តែ​រស់​នៅ​ពុំ​កើត​ ដូច​ដែល​ស្ត្រី​Rosa​ជា​មេ​គ្រួសារ​បង្ហាញ​សក្ខីកម្ម​ថា​ “បន្ទាប់​ពី​បាន​ធ្វើ​ឱ​សង្កាត់​តោក​យ៉ាក​ដទៃ​ទៀត​ស្ងប់​សាន្ត​ត្រាណ​មក​ ​ ពួក​ចោរ​ព្រៃ​ទាំង​អស់​បាន​មក​កាន់​ទី​នេះ។ អសន្តិសុខ​នៅ​តាម​ផ្លូវ​បាន​កើន​ឡើង។ មនុស្ស​ម្នា​បាន​ក្លាយ​ទៅ​ជា​អ្នក​ទោស​នៅ​ក្នុង​ផ្ទះ​ខ្លួន“។

ស្ត្រី​Rosa​នឹង​នឹក​ចង​ចាំ​យូរ​ពេល​ត​ទៅ​ទៀត​អំពី​ទិវា​នេះ។ ប៉ុន្តែ​ក៏​ដូច​ជា​បណ្តាជន​ជា​ច្រើន​នៃ​សង្កាត់​តោក​យ៉ាក គឺ​ជា​លើក​ទី​មួយ​ហើយ​ដែល​ឥឡូវ​ គាត់​រំពឹង​ទៅ​លើ​ប៉ូលិស​ ដើម្បី​អាច​ឱ​គាត់​រស់​នៅ​ដោយ​សុខ​ក្សេម​ក្សាន្ត​ “គាត់​និយាយ​បន្ថែម​ថា​ ស្ថានភាព​គួរ​ឱ​ខ្លាច​រន្ធត់​ខ្លាំង​ណាស់។មាន​ការបាញ់​គ្នា​ជា​ច្រើន​ ​ មនុស្ស​ម្នា​ត្រូវ​របួស។ រហូត​ដល់​ទៅ​មាន​មនុស្ស​ម្នាក់​ស្លាប់​នៅ​ទី​នេះ​នៅ​លើ​ថ្នល់។ប៉ុន្តែ​ប្រតិបត្តិការ​នេះ​គឺ​ជា​ទង្វើ​ល្អ​មួយ។ឥឡូវ​គេ​នឹង​ឃើញ​ថា​ តើ​យើង​ជា​អ្នក​រស់​នៅ​ខាង​ជើង​ទី​ក្រុង​Rio​ de​ Janeiro​ ​ យើង​អាច​នឹង​ដក​ដង្ហើម​បាន​ធូរ​ឬ​ទេ​?“។

ឥឡូវ​ កងទ័ព​អះអាង​ថា​ បាន​កាន់​កាប់​សង្កាត់​តោក​យ៉ាក។ប៉ុន្តែ​ បណ្តាជន​រស់​នៅ​ក្នុង​សង្កាត់​ខ្លាច​បារម្ភ​តែ​ពួក​ជួញ​ដូរ​គ្រឿង​ញៀន​មិន​ប្រកាស​ខ្លួន​សារភាព​ចុះ​ចាញ់​យ៉ាង​ឆាប់​រហ័ស​អ្វី​ម៉្លេះ​ទេ!

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI