អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប៉ូលិស​អាមេរិក​ចាប់​ឃុំខ្លួន​អគ្គនាយក FMI ពីបទ​ប៉ុនប៉ង​រំលោភ​សេព​សន្ថវៈ

សំឡេង ០៦:១៧
លោក​ដូមីនិក ស្រ្តូសកាន់ (Dominique Strauss-Kahn) អគ្គនាយក​មូលនិធិរូបិយវត្ថុ​អន្តរជាតិ
លោក​ដូមីនិក ស្រ្តូសកាន់ (Dominique Strauss-Kahn) អគ្គនាយក​មូលនិធិរូបិយវត្ថុ​អន្តរជាតិ ©Reuters
ដោយ៖ សេង ឌីណា
២៥ នាទី

លោក​​ដូមីនិក ស្រ្តូសកាន់ (Dominique Strauss-Kahn) អគ្គនាយក​មូលនិធិរូបិយវត្ថុ​អន្តរជាតិ (ហៅកាត់​តាម​ភាសា​បារាំង FMI) ត្រូវ​បាន​ប៉ូលិស​ក្រុង​ញូវយ៉ក​ចាប់ឃុំខ្លួន កាល​ពី​​ល្ងាច​​ថ្ងៃ​សៅរ៍ ក្នុង​បទសង្ស័យ​ថា​បាន​ប៉ុនប៉ង​រំលោភ​ស្រ្តី​បម្រើ​សណ្ឋាគារ​ម្នាក់ នៅ​ញូវយ៉ក។ នៅ​ព្រឹកថ្ងៃ​អាទិត្យ​នេះ រដ្ឋអាជ្ញា​ក្រុង​ញូវយ៉ក​បាន​​ធ្វើការ​ចោទប្រកាន់​លោក​ស្ត្រូសកាន់​​ជាផ្លូវការ​ ហើយ​បញ្ជូន​សំណុំរឿង​ទៅឲ្យ​តុលាការ​​ ដើម្បី​ជំនុំជម្រះ។

ផ្សាយពាណិជ្ជកម្ម

យោងតាម​មន្រ្តី​ប៉ូលិស​ក្រុង​ញូវយ៉ក នៅ​ល្ងាច​ថ្ងៃ​សៅរ៍ (ម៉ោង​នៅ​ញូវយ៉ក) លោក​​ដូមីនិក ស្រ្តូសកាន់ (ជនជាតិបារាំងជាទូទៅ ច្រើន​តែ​ហៅ​កាត់​ដោយ​ខ្លីថា DSK) ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន​​ពីលើ​យន្តហោះ​របស់​ក្រុមហ៊ុន​ Air France ជើង​ហោះហើរ​ញូវយ៉ក-ប៉ារីស ។ លោក​អគ្គនាយក FMI ត្រូវ​បាន​ប៉ូលិស​​សួរចម្លើយ និង​ឃុំខ្លួន នៅ​​ក្នុង​ទីស្នាក់ការ​ប៉ូលិស​​​ជំនាញ​ខាង​បទល្មើស​ផ្លូវភេទ។

ការចាប់ខ្លួន​លោក DSK ដែល​មាន​អាយុ ៦២​ឆ្នាំ ត្រូវ​បាន​ធ្វើ​ឡើង​ទៅតាម​ពាក្យ​បណ្តឹង​របស់​ស្រ្តី​បម្រើ​ម្នាក់​ នៃ​​សណ្ឋាគារ Sofitel New York ដែល​លោក​ DSK បាន​ស្នាក់​នៅ​តាំង​ពី​ថ្ងៃ​សុក្រ។ ស្រ្តីបម្រើ​រូបនេះ​បាន​ប្រាប់​ប៉ូលិស​ញូវយ៉ក​ថា នៅ​ម៉ោង​ប្រមាណ ១រសៀល គាត់​បាន​ចូល​ទៅ​ក្នុង​បន្ទប់​របស់​លោក DSK ។ លោក​ DSK បាន​ចេញ​ពី​បន្ទប់​ទឹក​ទាំង​ស្រាត​ននល ហើយ​ក៏​បាន​ស្ទុះមក​ចាប់​ស្រ្តី​បម្រើ ដែល​មាន​អាយុ ៣២​ឆ្នាំ ​​ឡើង​លើគ្រែ​ បម្រុង​នឹង​រំលោភ ក៏ប៉ុន្តែ ស្រ្តី​រូបនេះ​បាន​រើ​ខ្លួនរួច ហើយ​រត់​ទៅ​ប្រាប់​បុគ្គលិក​សណ្ឋាគារ​ផ្សេងទៀត​ឲ្យ​ប្តឹង​ប៉ូលិស។

នៅ​ពេល​ទៅដល់​បន្ទប់​សណ្ឋាគារ​ ប៉ូលិស​មិន​បាន​ឃើញ​លោក DSK នោះទេ គឺ​ឃើញ​តែ​ទូរស័ព្ទ​ដៃ និង​របស់របរប្រើប្រាស់​មួយ​ចំនួន​របស់​គាត់។ បន្ទាប់​មក​ប៉ូលិស​ក៏​បាន​ដឹង​ថា លោក DSK កំពុង​តែ​ស្ថិត​នៅលើ​យន្តហោះ ឆ្ពោះ​ទៅកាន់​ទីក្រុង​ប៉ារីស។ ប៉ូលិស​ប្រចាំ​​ព្រលាន​យន្តហោះ JFK ក្រុង​ញូវយ៉ក ក៏​បាន​ឃាត់​យន្តហោះ​មិន​ឲ្យ​ចេញដំណើរ ហើយ​ឡើង​ទៅ​ចាប់ខ្លួន​លោក DSK ចេញ​ពីលើ​យន្តហោះ។

មន្រ្តីប៉ូលិស​​ញូវយ៉ក​បាន​សន្និដ្ឋាន​ថា លោក DSK ទំនង​ជា​ចង់​រត់គេចខ្លួន​ពី​សហរដ្ឋ​អាមេរិក។ ក៏ប៉ុន្តែ យោងតាម​កម្មវិធី​របស់ FMI លោក​ DSK មាន​គម្រោង​ត្រូវ​ជួប​ជាមួយ​លោកស្រី​​ប្រមុខរដ្ឋាភិបាល​​អាល្លឺម៉ង់ នៅ​រសៀល​ថ្ងៃ​អាទិត្យ​នេះ នៅ​ទីក្រុង​ប៊ែរឡាំង។ ដូច្នេះ ការប៉ុនប៉ង​​ធ្វើ​ដំណើរ​តាម​យន្តហោះ​ ចាកចេញ​ពី​​អាមេរិក អាច​ជា​រឿងធម្មតា មិនមែន​ជា​ការ​រត់គេច​ខ្លួន​នោះទេ។ ទោះជាយ៉ាងណា​ក៏ដោយ ការណ៍​ដែល​ប៉ូលិស​បាន​រកឃើញ​ទូរស័ព្ទដៃ​របស់​លោក DSK នៅ​ក្នុង​បន្ទប់​សណ្ឋាគារ អាច​ឲ្យ​គេ​សន្និដ្ឋាន​ថា លោក​អគ្គនាយក​ FMI ទំនង​ជា​បាន​ចាកចេញ​ពី​សណ្ឋាគារ​ដោយ​ប្រញាប់ប្រញាល់​បំផុត រហូត​ដល់​ភ្លេច​ទូរស័ព្ទ​ដៃ។

នៅ​ព្រឹកថ្ងៃ​អាទិត្យ​នេះ រដ្ឋអាជ្ញា​ក្រុង​ញូវយ៉ក​បាន​ធ្វើ​ការ​ចោទប្រកាន់​​រូបលោក DSK ក្នុង​បទល្មើស​ចំនួន​បី៖ ការ​បំពារបំពាន​​ផ្លូវភេទ ការប៉ុនប៉ង​រំលោភ​សេពសន្ថវៈ និង​ការ​ឃុំខ្លួន​មនុស្ស​ដោយ​ខុសច្បាប់។

នៅថ្ងៃ​អាទិត្យ​នេះ ដំណឹង​ស្តីពី​ការ​ចាប់ខ្លួន​លោក DSK បាន​ធ្វើ​ឲ្យ​កក្រើក​​ឆាកនយោបាយ​​បារាំង។ លោក DSK គឺ​ជា​អ្នកនយោបាយ​ក្នុង​គណបក្ស​សង្គមនិយម ដែល​ជា​គណបក្ស​ប្រឆាំង។ នៅ​ក្នុង​រាល់​ការ​ស្ទាបស្ទង់​មតិ​កន្លងមក លោក DSK គឺ​ជា​អ្នក​នយោបាយ ដែល​មាន​ប្រជាប្រិយភាព​ខ្ពស់​ជាងគេ​បំផុត ដែល​អាច​ប្រជែង​យក​តំណែង​ប្រធានាធិបតី​បារាំង ក្នុង​ការ​បោះឆ្នោត នៅឆ្នាំ​២០១២​ខាងមុខ។ នៅ​ពេលនេះ លទ្ធភាព​ដែល​លោក DSK ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​បារាំង ទំនង​ជា​​ធ្លាក់​ដល់​កម្រិត​សូន្យ​ហើយ។

ការ​ចាប់ខ្លួន​អគ្គនាយក​ FMI នៅ​ពេលនេះ ក៏​ទំនង​ជា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​ការ​ដោះស្រាយ​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​ក្នុង​តំបន់​អឺរ៉ូដែរ។ នៅពេលនេះ FMI កំពុង​តែ​ពិចារណា​អំពី​ផែនការ​ផ្តល់​ជំនួយ​បន្ថែម​ដល់​ប្រទេស​ក្រិក ដើម្បី​ស្រោចស្រង់​រដ្ឋាភិបា​ល​ឲ្យ​ចេញ​ពី​វិបត្តិ។ ប្រទេស​ព័រទុយហ្កាល់​ក៏​កំពុង​តែ​ជំពាក់​បំណុល​គេ​វ័ណ្ឌ ក ហើយ​អាច​នឹង​ត្រូវការ​ជំនួយ​ពី FMI ដែរ។ គេ​អាច​នឹង​ចាប់ផ្តើម​មើលឃើញ​​ថា តើ​ការ​ចាប់ខ្លួន​លោក DSK មាន​​ផលប៉ះពាល់​ប៉ុណ្ណា ក្នុង​វិស័យ​ហិរញ្ញវត្ថុ នៅ​ពេល​ដែល​ទីផ្សារ​មូលបត្រ​ចាប់ផ្តើម​បើកទ្វារលក់ដូរ​ឡើងវិញ នៅថ្ងៃ​ចន្ទ​ស្អែក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ