អានតួអត្ថបទ
បារាំង

ប៉ូលិស​ឆែកឆេរ​ផ្ទះ​និង​ការិយាល័យ​របស់​លោក​សាកូហ្ស៊ី​អតីត​ប្រធានាធិបតី​បារាំង

ការិយាល័យ​របស់​លោក​នីកូឡា សាកូហ្ស៊ី ដែល​ត្រូវ​ប៉ូលិស​ឆែកឆេរ​ កាល​ពី​ថ្ងៃ​អង្គារ ៣ កក្កដា ២០១២
ការិយាល័យ​របស់​លោក​នីកូឡា សាកូហ្ស៊ី ដែល​ត្រូវ​ប៉ូលិស​ឆែកឆេរ​ កាល​ពី​ថ្ងៃ​អង្គារ ៣ កក្កដា ២០១២ Reuters / Mal Langsdon
ដោយ៖ សេង ឌីណា
១៥ នាទី

កាលពីល្ងាច​ថ្ងៃ​អង្គារ ម្សិលមិញ ផ្ទះ និង​ការិយាល័យ​របស់​លោក​អតីត​ប្រធានាធិបតី​បារាំង នីកូឡា សាកូហ្ស៊ី ត្រូវ​បាន​ប៉ូលិស​ធ្វើការ​ឆែកឆេរ នៅ​ក្នុងការ​ស៊ើបអង្កេត​ អំពី​បទសង្ស័យថា​មាន​ការទទួល​​លុយ​ដោយ​ខុសច្បាប់ នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី កាល​ពី​ឆ្នាំ​២០០៧។

ផ្សាយពាណិជ្ជកម្ម

សំណុំរឿង​ពាក់ព័ន្ធ​នឹង​ការ​ទទួលលុយ​ខុសច្បាប់​នេះ ​ត្រូវ​បាន​តុលាការ​បារាំង​បើក​ធ្វើការ​ស៊ើបអង្កេត តាំង​ពី​ពេល​លោក​សាកូហ្ស៊ី នៅ​កាន់តំណែង​ជា​ប្រធានាធិបតី​ម៉្លេះ។ ប៉ុន្តែ ចៅក្រម​ស៊ើបអង្កេត​​​ត្រូវ​រង់ចាំ​ដល់​ក្រោយ​ពេល​អភ័យឯកសិទ្ធិ​​ប្រធានាធិបតី​របស់​លោក​សាកូហ្ស៊ី ត្រូវ​អស់​សុពលភាព (​ថ្ងៃ​ទី១៥ មិថុនា ២០១២) ទើប​បញ្ជា​ឲ្យ​មាន​ការ​ឆែកឆេរ​រកវត្ថុតាង នៅ​ក្នុង​ការិយាល័យ និង​ផ្ទះ​របស់​លោក​សាកូហ្ស៊ី នៅ​ក្នុង​ក្រុង​ប៉ារីស។

មេធាវី​របស់​លោក​សាកូហ្ស៊ី​​បាន​ឲ្យដឹង​ថា លោក​សាកូហ្ស៊ី​មិនមាន​វត្តមាន​នៅ​ក្នុង​ពេល​ឆែកឆេរ​ កាលពី​ម្សិលមិញ​នេះ​ទេ ដោយ​លោក និង​ក្រុមគ្រួសារ​​បាន​ចាកចេញ​ទៅ​សម្រាក​លំហែកាយ នៅ​ក្នុង​ប្រទេស​កាណាដា តាំង​ពីថ្ងៃ​ចន្ទ។

តុលាការ​បារាំង​មាន​ការ​សង្ស័យ​​ថា លោក​សាកូហ្ស៊ី​បាន​ទទួល​លុយ​ខុសច្បាប់ ពី​មហាសេដ្ឋី​បារាំង​មួយរូប គឺ​លោកស្រី Liliane Bettencourt ម្ចាស់​ក្រុមហ៊ុន​ L’Oreal នៅ​ក្នុង​អំឡុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី កាល​ពី​ឆ្នាំ​២០០៧។ ការ​បោះឆ្នោត ដែល​លោក​សាកូហ្ស៊ី​បាន​ទទួល​ជោគជ័យ ក្លាយ​ជា​ប្រធានាធិបតី រហូតដល់​ពេល​លោក​ចាញ់​ឆ្នោត កាល​ពី​ខែ​ឧសភា កន្លងទៅនេះ។

នៅ​ក្នុង​សំណុំរឿង​នេះ ចៅក្រម​ស៊ើបអង្កេត​ផ្តោតអារម្មណ៍​ជាពិសេស ទៅលើ​ការ​ដកលុយ​ចំនួន​ពីរលើក ក្នុងមួយលើកៗ ចំនួន ៤០ម៉ឺន​អឺរ៉ូ ចេញពី​គណនី​របស់​លោកស្រី Bettancourt ក្នុង​​ធនាគារ​ស្វ៊ីស នៅ​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី នៅ​ដើម​ឆ្នាំ​២០០៧។ អតីត​អ្នក​ធ្វើការ​ឲ្យ​លោកស្រី Bettancourt បាន​ប្រាប់​ចៅក្រម​ស៊ើបអង្កេត​ថា ​ ពួកគេ​បាន​ឃើញ​លោក​សាកូហ្ស៊ី​នៅ​ក្នុង​ផ្ទះ​របស់​លោកស្រី Bettancourt នៅ​ដើមឆ្នាំ​២០០៧ ពោល​គឺ​នៅ​ក្នុង​អំឡុង​ពេល​មាន​ការ​ដកលុយ​ចេញ​ពី​ធនាគារ​ស្វ៊ីសនោះ។

ដូច្នេះ​ហើយ​ទើប​តុលាការ​មាន​ការ​សង្ស័យថា លុយ​ដែល​​លោកស្រី Bettancourt ដកចេញ​ពី​ធនាគារ​ស្វ៊ីស​ពីរលើក​នេះ គឺ​​ដក​ឲ្យ​លោក​សាកូហ្ស៊ី ហើយ​ឲ្យ​ជាលុយ​សុទ្ធ ដើម្បី​កុំ​ឲ្យ​មាន​ដាន ព្រោះ​ចំនួន​លុយ​នេះ វា​ហួស​ពី​កម្រិត​ដែល​កំណត់​ដោយ​ច្បាប់។ គួរបញ្ជាក់ថា តាមច្បាប់​បារាំង បុគ្គលម្នាក់​អាច​ផ្តល់​លុយ​ជួយ​គណបក្ស​នយោបាយ​ណាមួយ បានយ៉ាងច្រើនត្រឹម​តែ ៧ ៥០០​អឺរ៉ូ ប៉ុណ្ណោះ ក្នុង​មួយ​ឆ្នាំ។

លោកសាកូហ្ស៊ី​ធ្លាប់​បាន​បដិសេធ​ថា លោក​មិនដែល​មាន​ការជួប​គ្នា​​ជា​សម្ងាត់​ណាមួយ នៅ​ផ្ទះ​លោកស្រី Bettancourt នោះទេ នៅ​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​​ ឆ្នាំ​២០០៧ ហើយ​លោក​ក៏​​មិនដែល​បាន​ទទួលលុយ​សុទ្ធ​ ដោយ​ខុសច្បាប់​​ណាមួយ​នោះដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ