កម្ពុជា-នយោបាយ

អ្នក​វិភាគ​នយោបាយ៖ កង​ទ័ព​មាន​ភាព​លំអៀង ​និង​មិន​បាន​ការពារ​ប្រជា​ជន​នៅ​ឡើយ

ការប្រឈមមុខគ្នារវាងបាតុករ និងប៉ូលិស​កាលពី​ពេលកន្លងទៅ
ការប្រឈមមុខគ្នារវាងបាតុករ និងប៉ូលិស​កាលពី​ពេលកន្លងទៅ Siv Channa/RFI

អ្នក​វិភាគ​នយោបាយ​នៅ​កម្ពុជា​ថា​កង​ទ័ព​​​មាន​ភាព​លំអៀង ​និង​មិន​បាន​ការពារ​ប្រជា​ជន​នៅឡើយទេ​។ ការ​លើក​ឡើង​របស់​អ្នក​វិភាគ​នយោបាយ​នៅ​កម្ពុជា​នេះ​​ ​គឺឆ្លើយ​តប​ទៅ​នឹង​ការ​ប្រកាស​របស់​មេ​បញ្ជាការរង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ពី​ការ​ការ​ពារ​ដាច់​ខាត​នូវ​ព្រះមហាក្សត្រ ​រាជ​រដ្ឋាភិបាល ​និង​ប្រជា​ពល​រដ្ឋ។

ផ្សាយពាណិជ្ជកម្ម

លោក​បណ្ឌិត ​មាស ​នី ​ជា​អ្ន​​កវិភាគ​នយោបាយ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ថា ​លោក​មិន​ទាន់​ឃើញ​ភស្តុតាងអ្វី​ជា​ដុំកំភួន​របស់​យោធា ​ក្នុង​​ការ​ការ​ពារ​ប្រជា​ជន​ទេ។ ប៉ុន្តែ​អ្វី​ដែល​លោក​មើល​ឃើញ​ក្នុង​រយៈពេល​២ឆ្នាំចុង​ក្រោយ ​គឺ​កង​ទ័ព ​ឬ​កង​កម្លាំង​ប្រដាប់​អាវុធ​ត្រូវ​បាន​គេ​ប្រើ ដើម្បី​គំរាម​ពល​រដ្ឋ​ខ្លួន​ឯង​ ជា​ជាង​ការ​ការពារ​។

លោក​ថាកា​របង្ហាញ​កម្លាំង​ទ័ព​ថ្មីៗ​នេះ ​គឺ​បញ្ជាក់​ថា​រដ្ឋាភិបាល​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង ​ទៅ​លើ​ចលនា​មហាជន។ លោក​បន្ថែម​ថា​រដ្ឋាភិបាល​ក៏​ប្រហែល​សម្លឹង​ឃើញ​ការ​ប្រឈម​គ្នា​ជា​មួយ​នឹង​កម្លាំង​ប្រដាប់​អាវុធ​ក្រុមផ្សេង​​ទៀត​ នៅ​ក្នុង​ស្ថាន​ការណ៍​នយោបាយ​សព្វ​ថ្ងៃ។​

លោក អ៊ូ វីរៈ ​ជាអ្ន​កវិភាគ​នយោបាយ​កម្ពុជា ​បាន​ឲ្យ​ដឹង​ថា​ការ​អះអាង​របស់​កង​ទ័ព​ពីកា​រការពារ​រដ្ឋ​ធម្ម​នុញ្ញ ឬការ​ពារ​រដ្ឋាភិបាល​ស្រប​ច្បាប់​ ព្រះ​មហាក្សត្រ និ​ងប្រ​ជា​ពលរ​ដ្ឋ គឺ​ជា​រឿង​ត្រឹម​ត្រូវ​។ ប៉ុន្តែ​លោក​អ៊ូ វីរៈ​មើលឃើញ​ថាក​ង​កម្លាំង​យោធា​មា​​ន​ភាព​លំអៀង​ខ្លាំង​ពេក ​ហើយ​អ្នក​តាម​ដាន​នយោបាយ​នៅ​កម្ពុជា​មិន​ទុក​ចិត្តយោធាទេ ​ដោយ​សារ​តែ​នៅ​មាន​ភាព​លំអៀង ​យោធា​នៅ​មាន​ភាព​រញ៉េរញ៉ៃ រួម​ទាំង​ការ​ប្រើប្រាស់​កម្លាំង​វាយបាតុករ​ជា​ដើម​។ លោក​អ៊ូ វីរៈ ​ថា​បើ​យោធាចា​ប់​ផ្តើម​ពង្រឹង​ភាព​ហ្មត់ចត់​ក្នុង​ការងារ ​នោះ​​ប្រជា​ពល​រដ្ឋ​នឹង​ឲ្យតម្លៃ​ជា​ងមុន។  

លោក​ហ៊ីង ​ប៊ុន​ហៀង ​អគ្គ​មេ​បញ្ជាការ​រង​កង​យោធពល​ខេមរ​ភូមិន្ទ ​និង​ជា​មេបញ្ជាការ​នៃ​បញ្ជាការ​ដ្ឋានអង្គរក្ស បានលើក​ឡើង​នៅ​ព្រឹក​ថ្ងៃទី០​៤ កញ្ញា ថា កង​អង្គ​រក្សនឹ​ង​ការពារ​ដាច់​ខាត​នូវ​ ព្រះ​មហាក្សត្រ ​រាជ​រដ្ឋាភិបាល​ និង​ប្រជា​ពល​រដ្ឋ ​ដើម្បី​រក្សា​សុខ​សន្តិភាព ​និង​សុវត្ថិភាព​។

សូម​បញ្ជាក់​ថា​នៅ​ព្រឹក​ថ្ងៃទី០​៤ ​ខែ​កញ្ញា ​ឆ្នាំ២​០១៦​នេះ ​បញ្ជា​ការ​ដ្ឋាន​អង្គ​រក្ស​បាន​ប្រា​រព្ធ​ពិធី​រំលឹក​ខួប​២៦​ឆ្នាំ ថ្ងៃ​បង្កើត​វរសេនា​តូច​លេខ​២៤៦ ​និង​ ខួប​លើក​ទី​៨ឆ្នាំ ​នៃកា​រ​បង្កើត​អង្គ​ភាព​របស់​ខ្លួន​ ៤ ​កញ្ញា ​ឆ្នាំ​២០០៩​។

នេះ​​មិន​​មែន​​ជា​​លើ​ក​​ទី១ទេ ​​ដែល​​មេទ័ព​បាន​អំពាវ​នាវ​ឲ្យ​កង​ទ័ព​ការ​ពារ​រដ្ឋាភិបាល​ស្រប​ច្បាប់​។ កាល​ពី​ថ្ងៃទី៣ ​កញ្ញា ​លោក​​ឧប​នាយក​រដ្ឋ​មន្ត្រី ​ទៀ ​បាញ់ ​រដ្ឋ​មន្ត្រី​​ក្រសួង​ការពារ​ជាតិ​​កម្ពុជា​បាន​អំពាវនាវ​​ឲ្យ​​កង​កម្លាំងប្រដាប់​អាវុធ​​ទាំង​អស់​​ត្រៀម​ខ្លួន​​ឲ្យ​​បា​នល្អ​​ដើម្បី​​​អនុវត្ត​​បទ​បញ្ជា​​ថ្នាក់​លើ​​ក្នុង​ការ​​ការ​ពារ​ និង​​ទប់​ស្កាត់​​រាល់​​ការប៉ុន​ប៉ង​​ផ្តួល​រំលំ​​រាជ​​រដ្ឋាភិ​បាល​​​​ស្របច្បាប់​ដែល​កើតចេញពី​ការបោះឆ្នោត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI