ទឹកជំនន់សម្លាប់មនុស្ស១០៤នាក់ គណបក្សនយោបាយអំពាវនាវរកជំនួយ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ខណៈដែលទឹកជំនន់កំពុងបង្កគ្រោះមហន្តរាយកាន់តែខ្លាំងឡើង គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច បានចេញសេចក្តីថ្លែងការណ៍រៀងៗខ្លួនស្វែងរកសប្បុរសជនឲ្យជួយផ្តល់សម្ភារៈ ថវិកា និងស្បៀងអាហារដើម្បីជួយជនរងគ្រោះ។ រហូតមកទល់ពេលនេះទឹកជំនន់បានសម្លាប់មនុស្ស ១០៤ នាក់ប៉ះពាល់ដល់ប្រជាជន ១,៥ លាននាក់ និងផ្ទះជាង ១២ ម៉ឺនខ្នង។
ប្រឈមមុខនឹងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ គណបក្សនយោបាយធំៗមួយចំនួនបានចេញមុខអំពាវនាវរកជំនួយដើម្បីជួយជនរងគ្រោះ។ នៅក្នុងសេចក្តីអំពាវនាវមួយចុះថ្ងៃទី៩តុលានេះ លោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវឲ្យសមាជិក សមាជិកា គណបក្សកាន់អំណាច និងសប្បុរសជននានា ចុះជួយជនរងគ្រោះដោយទឹកជំនន់ទៅតាមលទ្ធភាពដោយគ្មានការរើសអើង។
លោក ជា ស៊ីម បានឲ្យដឹងទៀតថា សមាជិកគណបក្សប្រជាជនកម្ពុជា និងសប្បុរសជនជាច្រើនបានជួយឧបត្ថម្ភដល់ជនរងគ្រោះជាច្រើនរួចមកហើយ ប៉ុន្តែ លោកនៅតែបន្តអំពាវនាវរកជំនួយបន្ថែមទៀត។
គណបក្សហ្វ៊ុនស៊ិនប៉ិច ក៏បានអំពាវនាវរកជំនួយពីសមាជិករបស់ខ្លួន និងពីសប្បុរសជនដូចគ្នាដែរ។ នៅក្នុងសេចក្តីជូនដំណឹងមួយនៅថ្ងៃទី៩តុលានេះ គណបក្សរាជានិយមមួយនេះ បើទោះបីជាមិនបានជាប់ឆ្នោតនៅក្នុងសភាក៏ដោយ ក៏ប្រធានគណបក្សនេះនឹងចុះចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅថ្ងៃទី ១២ និង ១៣តុលាខាងមុខ។
កាលពីថ្ងៃទី ១តុលាកន្លងទៅ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ក៏បានចេញសេចក្តីអំពាវនាវមួយដែរ ដើម្បីស្វែងរកការឧបត្ថម្ភពីសប្បុរសជន តាមរយៈគណបក្សសង្គ្រោះជាតិដើម្បីយកទៅជួយជនរងគ្រោះដោយទឹកជំនន់។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ទឹកជំនន់បានសម្លាប់មនុស្ស ១០៤នាក់ហើយ ក្នុងរយៈពេលជាង១ខែនេះ។ ចំណែកមនុស្សជាង ១,៥លាននាក់ទៀត បានទទួលរងផលប៉ះពាល់ និងផ្ទះសម្បែងជាង ១២ម៉ឺនខ្នងត្រូវបានជន់លិច។ គ្រោះធម្មជាតិមួយនេះក៏បានបំផ្លាញដំណាំស្រូវចំនួន ២៥ម៉ឺនហិកតា។ ចំណែកឯសាលារៀន ៦៧០ កន្លែង និងវត្តអារាមចំនួន ៣៧០ ក៏ត្រូវបានលិចលង់ដែរ។ នេះបើយោងតាមតួលេខបណ្តោះអាសន្នរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
លោក ញឹម វណ្ណដា អនុប្រធានទី១ នៃគណៈកម្មាធិការនេះបានប្រាប់វិទ្យុបារាំងអន្តរជាតិនៅល្ងាចថ្ងៃពុធនេះថា ការខូចខាតជាទឹកប្រាក់ពិតប្រាកដនៅមិនទាន់បូកសរុបនៅឡើយទេ។ ប៉ុន្តែ លោកវាយតម្លៃថា ការខូចខាតអាចនឹងស្មើពាក់កណ្តាលនៃទឹកជំនន់កាលពីឆ្នាំ២០១១ ។ កាលណោះ ទឹកជំនន់បានបង្កការខូចខាតជាទឹកប្រាក់សរុប ៥២០ លានដុល្លារ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ