ទស្សនៈព្រឹត្តិការណ៍ខ្មែរ

មរតក​នៃ​នយោបាយ​ផ្សះផ្សា​បង្រួប​បង្រួម​ជាតិ​របស់​សម្តេច​ឳ​!

សំឡេង ០៥:១៧
សម្តេចឳ នរោត្តមសីហនុ អតីតព្រះមហាក្សត្រសោយទិវង្គត កាលពីថ្ងៃចន្ទ១៥តុលាឆ្នាំ ២០១២។
សម្តេចឳ នរោត្តមសីហនុ អតីតព្រះមហាក្សត្រសោយទិវង្គត កាលពីថ្ងៃចន្ទ១៥តុលាឆ្នាំ ២០១២។ RFI/Im Navin

ក្រោយ​ការ​សោយ​ទិវង្គត​របស់​អតីត​ព្រះមហាក្សត្រសម្តេច​ព្រះនរោត្តម សីហនុ នយោបាយ​បង្រួបបង្រួម​ផ្សះផ្សា​ជាតិ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជាមរតក​ដ៏​មាន​តម្លៃ​មួយ​ ក្នុង​ចំណោម​មរតក​ដ៏​ មាន​តម្លៃ​ជា​ច្រើន​ទៀត​ ដែល​ព្រះអង្គ​បាន​បន្សល់​ទុក​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ។ ក៏​ប៉ុន្តែ កូន​ចៅ​បស់​ព្រះអង្គ​ជា​ពិសេស​អ្នក​នយោបាយ​ដែល​សុទ្ធ​តែ​បាន​អះអាង​យ៉ាង​មុតមាំ​ថា ជា​អ្នក​ដង្ហែ​តាម​ព្រះ​រាជតម្រិះ​របស់​ព្រះអង្គ​នោះ​ មិន​បាន​ធ្វើ​ឲ្យ​សម្រេច​គោល​នយោបាយ​ផ្សះផ្សា​ជាតិ​នេះ​ទេ។

ផ្សាយពាណិជ្ជកម្ម

នយោបាយ​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ គឺជា​មរតក​ដែល​គេ​បាន​លើក​យកមក​និយាយ​ញឹកញាប់​ជាងគេ ចាប់តាំងពី​ការ​សោយ​ទិវង្គត​របស់​សម្តេចព្រះ​នរោត្តម សីហនុ​ កាលពី​ថ្ងៃទី១៥តុលា​មក។ អ្វីដែល​ពលរដ្ឋ​ខ្មែរ​នៅ​ចងចាំ​មិនអាច​បំភ្លេចបាន​នោះ គឺ​សមិទ្ធផល​ទាំងឡាយ​ដែល​ប្រទេស​កម្ពុជា​សម្រេចបាន​ កាល​ពី​ក្នុងសម័យ​សង្គមរាស្ត្រនិយម។ មិន​ត្រឹមតែ​សមិទ្ធផល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ព្រះ​រាជការ​វិការ​ទន់​ភ្ល​ន់ និង​ស្និទ្ធស្នាល​ជាមួយ​ប្រជារាស្ត្រ ​គឺជា​មរតក​ដ៏​មានតម្លៃ​មួយទៀត ​ដែល​អ្នកនយោបាយ​ជំនាន់​ក្រោយ​គួរ​រៀន​សូត្រ​ពី​ព្រះអង្គ។

ម្យ៉ាងទៀត ព្រះមហាវីរក្សត្រ​ក៏បាន​បំពេញ​ព្រះរាជតួនាទី​ដ៏​សំខាន់​ក្នុងការ​ផ្សះផ្សា​អ្នកនយោបាយ​​ នៅក្នុង​កាលៈទេសៈ​ដ៏​តានតឹង​ជាច្រើន ​រាប់​ចាប់តាំងពី​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស រហូតដល់​ការដោះស្រាយ​វិបត្តិ​នយោបាយ​ក្រោយ​ការបោះឆ្នោត​ជា​បន្តបន្ទាប់​ចាប់តាំងពី​ឆ្នាំ ១៩៩៣ មក។ មុន​ការ​សោយ​ទិវង្គត សម្តេច​ឳ សម្តេច​តា របស់​ប្រជារាស្ត្រ​ខ្មែរ ក៏បាន​ផ្តែផ្តាំ​ឲ្យ​ខ្មែរ​ចេះ​សាមគ្គី​គ្នា និង​រួបរួមគ្នា​ដើម្បី​លើកស្ទួយ​កិត្យានុភាព​របស់​ប្រទេស​នៅលើ​ឆាក​អន្តរជាតិ​ផងដែរ។

មរតក​ទាំងអស់​នេះហើយ​ដែល​បានធ្វើ​ឲ្យ​អ្នកនយោបាយ សង្គម​ស៊ីវិល ឬ​មហាជន​ខ្មែរ​ទូទៅ តែង​និយាយ​គ្រប់​មាត់​ថា សកម្មភាព និង​ព្រះរាជ​បណ្តាំ​របស់​ព្រះ​បរម​រត​កោដ្ឋ​ ស្តីពី​គោលនយោបាយ​​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ ពិតជា​មានតម្លៃ​ខ្លាំងណាស់​សម្រាប់​ប្រទេស​កម្ពុជា ជាពិសេស​ក្នុងស្ថានភាព​ដែល​ប្រទេសជាតិ​កំពុង​ជួប​វិបត្តិ​ន​យោ​បាយ និង​ការបែកបាក់​ជាតិ​យ៉ាងធ្ងន់ធ្ងរ​ដូចជា​បច្ចុប្បន្ន ។ ប៉ុន្តែ មរតក​ដែល​បន្សល់ទុក​ដោយ​អង្គ​សម្តេច​ឳ​មិនអាច​ក្លាយជា​ការពិត​ជាក់ស្តែងបានទេ ប្រសិនបើ​គេ​គ្រាន់តែ​និយាយ​ចេញពី​បបូរមាត់ តែ​ខ្វះ​សុ​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការយក​គំរូ​តាម​ព្រះអង្គ​នោះ។

សម្រាប់​ក្រុមអ្នកវិភាគ​នយោបាយ​ក​ម្ពុ​ជា មាន​កត្តាចាំបាច់​មួយចំនួន​ដែល​អាចធ្វើ​ឲ្យ​ការផ្សះផ្សា​ជាតិ​សម្រេច​គោលដៅ​បាន។

ទី១៖ ត្រូវមាន​ឆន្ទៈ​ពិតប្រាកដ​ចង់​ឲ្យ​ប្រទេសជាតិ​និង​ប្រជាពលរដ្ឋ​ខ្មែរ​ស្គាល់​ភាពសុខដុមរមនា​ និង​ការអភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព។ ទី២៖ ត្រូវ​បំបាត់ចោល​វប្បធម៌​មិន​ទុកចិត្ត​គ្នា​និង​ជំនួស​វិញ​ដោយ​វប្បធម៌​ស្មោះត្រង់​ និង​គោរព​គ្នា​ទៅវិញទៅមក។ និង​ទី៣៖ ត្រូវ​ផ្តល់​តម្លៃ និង​ការគោរព​ដ៏​ពិតប្រាកដ​មួយ​ ចំពោះ​មរតក​នយោបាយ​របស់​ព្រះមហាវីរក្សត្រ។

ប៉ុន្តែ ប្រសិនបើ​គេ​ក្រឡេក​ទៅ​មើល​ជម្លោះ​នយោបាយ​ដែល​កំពុង​កើតមាន​បច្ចុប្បន្ននេះ គេ​អាច​មើលឃើញថា លក្ខខណ្ឌ​ចាំបាច់​ដើម្បី​សម្រេច​គោលនយោបាយ​ផ្សះផ្សា​ជាតិ ​នៅ​មិនទាន់​ត្រូវ​បំពេញបាន​នៅឡើយ​ទេ។ ភាគី​ទាំងពីរ​ គឺ​បក្សប្រឆាំង​និង​បក្ស​កាន់អំណាច ​នៅតែ​សម្លឹង​មើលមុខ​គ្នា ក្នុង​ក្រសែភ្នែក​ប្រកបដោយ​ល្បិចកល​នៅឡើយ ហើយ​បាន​ស្តីបន្ទោស​គ្នា​ទៅវិញទៅមក។ ម្យ៉ាងទៀត ការ​ពោល​ពាក្យ​ថា​ចង់​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ ជួនកាល​វា​គ្រាន់តែ​ជាការ​សម្តែង​ប៉ុណ្ណោះ ប៉ុន្តែ វា​មិនបាន​ផុស​ចេញពី​ទឹកចិត្ត​ឡើយ។

យ៉ាងណាក៏ដោយ ខួប​មួយឆ្នាំ​នៃ​ការយាង​ចូល​ទិវ​ង្គ​តរបស់​សម្តេច​ឳ ជា​កាលៈទេសៈ​ដ៏​អំណោយផល​ម្តងទៀត​ សម្រាប់​អ្នកនយោបាយ​ក្នុងការ​ធ្វើ​ឲ្យ​សម្រេច​នយោបាយ​ផ្សះផ្សា​ជាតិ នេះ​ប្រសិនបើ​ពួកគេ​ពិតជា​ចង់បង្ហាញ​ពី​ការគោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះអង្គ ក៏ដូចជា​ដើម្បី​ស្វែងរក​ភាពសុខសាន្ត​ក្នុង​ឆាកនយោបាយ​ប្រទេស​កម្ពុជា​មែន​នោះ។ កាលៈទេសៈ​នេះ​ក៏​ជា​ឱកាសល្អ​មួយ​ដែរ ​សម្រាប់​អ្នកនយោបាយ​ក្នុងការ​បំភ្លេចចោល​នូវ​រឿងអាក្រក់ៗជាមួយគ្នា​កាលពីពេល​កន្លង​ទៅ ដោយ​ចាប់ផ្តើម​បន្ទន់ឥរិយាបថ​ដាក់គ្នា​ឡើងវិញ។

ពិត​ហើយ​ថា នយោបាយ​ផ្សះផ្សា​ជាតិ​មិនមែនជា​ឧបសគ្គ​ក្នុងការ​អនុវត្តន៍​​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​កម្ពុជា​នោះទេ ពោលគឺ​មិនមែន​មានន័យថា ប្រសិនបើ​គណបក្សប្រឆាំង និង​បក្ស​កាន់អំណាច​ស្រុះស្រួល​គ្នា ប្រជាធិបតេយ្យ​នឹងមិន​ដើរ​ទៅមុខ​នោះឡើយ។ របប​នយោបាយ​សេរី​ពហុបក្ស​នៅតែមាន​ដដែល គ្រាន់តែ​ថា ការប្រឆាំង​គ្នា​គួរ​ស្ថិតក្នុង​ក្របខ័ណ្ឌ​ច្បាប់ និង​ការគោរព​គ្នា​ទៅវិញទៅមក​ឲ្យ​បាន​ច្រើន ​ដើម្បី​ចៀសវាង​ជម្លោះ​ និង​ការបែកបាក់​ធ្ងន់ធ្ងរ។

ដូច្នេះ វា​គួរតែ​ដល់ពេល​ហើយ​ ដែល​អ្នកនយោបាយ​បង្ហាញ​ស្នាដៃ​អំពី​ការផ្សះផ្សា​បង្រួបបង្រួម​ជាតិ​ ប្រសិនបើ​ពួកគេ​ពិតជា​ចង់​ធ្វើ​នយោបាយ​ដើម្បី​បម្រើ​ប្រយោជន៍​ជាតិ និង​ប្រជាជន​ក៏ដូចជា​ចង់​បន្សល់ទុក​កេរ​មរតក​ដ៏​ល្អ ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ដែល​មិនចេះ​សាបសូន្យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI