ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កំណែ​ទម្រង់​គ.ជ.ប​ ជា​កិច្ច​ព្រមព្រៀង​គន្លឹះ​ដែល​អ្នក​នយោបាយ​គួរ​ចំណាយ​ពេល​គិត​

សំឡេង ០៥:១៣
គ.ជ.ប​បានរៀបចំកិច្ចប្រជុំ​នាពេលកន្លងមក
គ.ជ.ប​បានរៀបចំកិច្ចប្រជុំ​នាពេលកន្លងមក RFI/Siv Channa

ទោះបីជា​កិច្ចចរចា​ថ្នាក់​កំពូល​ពីរលើក​កន្លងទៅ ​រវាង​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​មិន​ទទួលបាន​លទ្ធផល​ជាក់ស្តែង​នៅឡើយ ប៉ុន្តែ មាន​ចំណុច​សំខាន់​មួយ​ដែល​គណបក្ស​ទាំងពីរ​បាន​ព្រមព្រៀងគ្នា នោះ​គឺ​ការបង្កើត​យន្តការ​រួម​មួយ ​ដើម្បី​កែទម្រង់​ការបោះឆ្នោត។ ចំណុច​នេះ​ត្រូវបាន​ក្រុមអ្នកវិភាគ​ចាត់ទុកជា​ចំណុច​គន្លឹះ​មួយ​ ដែល​នឹង​ឈានទៅ​បញ្ចប់​បញ្ហា​នៅក្រោយ​ការបោះឆ្នោត។ ដូច្នេះ គណបក្ស​ទាំងពីរ​គួរ​បន្ត​ជជែក​គ្នា​អំពី​បញ្ហា​នេះ​ឲ្យ​បាន​ស៊ីជម្រៅ​ ជាជាង​ចំណាយពេល​រង់ចាំ​អន្តរាគមន៍​ពី​បរទេស។

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​កិច្ចចរចា​កំពូល​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ខែកញ្ញា​កន្លងទៅ​ នៅឯ​មន្ទីរ​រដ្ឋសភា ទោះបីជា​អ្នកខ្លះ​បាន​ហៅថា​ជា​បរាជ័យ ក៏មាន​លទ្ធផល​សំខាន់​មួយ​ដែល​គេ​មិនអាច​មើលរំលង​បាន។ នោះ​គឺ​គណបក្ស​ទាំង​ពីរបាន​ព្រមព្រៀង​ថា​នឹង​បង្កើត​យន្តការ​រួមគ្នា​មួយ​ដើម្បី​កែទម្រង់​ការបោះឆ្នោត។

សម្រាប់​ក្រសែភ្នែក​ក្រុមអ្នកវិភាគ នេះ​ជា​កិច្ចព្រមព្រៀង​ដែលមាន​សារៈសំខាន់​ខ្លាំងណាស់។ សំខាន់​នៅត្រង់ថា ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​គឺជា​ចំណុច​គន្លឹះ​ដើម្បី​ធ្វើ​ឲ្យ​មានការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ​និង​យុត្តិធម៌ និង​ដើម្បី​បញ្ចប់​បញ្ហា​ក្រោយ​ការបោះឆ្នោត។ ចំណុច​នេះ​ទៀតសោត ​ក៏​ជា​អ្វីដែល​បក្សប្រឆាំង​ទាមទារ​ចង់បាន​យ៉ាងទទូច​ដែរ។

គណបក្សកាន់អំណាច​ក៏មាន​ប្រយោជន៍​ពី​ការកែទម្រង់​នេះ​ដូចគ្នា​ ពីព្រោះ​វា​អាចធ្វើ​ឲ្យ​គណបក្ស​នេះ​ចៀស​ផុតពី​ការចោទប្រកាន់ថា ជា​អ្នក​លួច​សន្លឹកឆ្នោត។ ដូច្នេះ តើ​ហេតុអ្វី​ក៏​គណបក្ស​ទាំងពីរ​បែរជា​នាំគ្នា​ទុក​បញ្ហា​ដ៏​សំខាន់​នេះ ​ឲ្យ​ស្ថិតនៅ​ជា​ចំណាប់ខ្មាំង​នៃ​បញ្ហា​ផ្សេងទៀត​ទៅវិញ?

ជាការ​ពិតណាស់ រហូតមកទល់​ពេលនេះ ការតវ៉ា​ប្រឆាំង​លទ្ធផល​បោះឆ្នោត​នៅតែ​ជា​បច្ចុប្បន្នភាព​ក្តៅគគុក​មួយ​ដដែល ​សម្រាប់​ប្រទេស​កម្ពុជា។ ជា​រៀងរាល់​លើក ឲ្យ​តែ​បោះឆ្នោត​រួច ប្រទេស​នេះ​មិនដែល​បាន​ស្គាល់​ភាពស្ងប់ស្ងាត់​ម្តងណា​ទេ។ អ្នកចាញ់​ឆ្នោត​តែង​តវ៉ា​ប្រឆាំង​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​ពីបទ​លួច​បន្លំ។ ដើមហេតុ​ គឺ​បណ្តាលមកពី​ការមិនទុកចិត្ត​លើ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​នេះឯង។

ពេលនេះ គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​រៀបចំ​មហា​បាតុកម្ម​ជាថ្មី​ ដើម្បី​ដាក់​សម្ពាធ​ទៅលើ​បក្ស​កាន់អំណាច​ឲ្យ​បង្កើត​គណៈកម្មការ​ឯក​រាជ្យ​ ​ស៊ើបអង្កេត​ភាពមិនប្រក្រតី​នានា​ដែល​បាន​កើតឡើង​នៅក្នុងពេល​បោះឆ្នោត។ មិន​ត្រឹមតែ​មហា​បាតុកម្ម​ប៉ុណ្ណោះ​ទេ គណបក្ស​នេះ​ក៏​កំពុង​បញ្ចុះបញ្ចូល​សហគមន៍​អន្តរជាតិ រាប់ទាំង​អង្គការសហប្រជាជាតិ​ផង ​ឲ្យ​ដក​សេចក្តីទុកចិត្ត និង​ផ្តាច់ជំនួយ​ពី​កម្ពុជា​ទៀតផង។ តើ​នេះ​មិនមែនជា​ផលវិបាក​ដែល​កើតឡើង​ដោយសារ​ការមិនទុកចិត្ត​លើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ទេ​ឬ?

ដូច្នេះ កិច្ច​ព្រមព្រៀងគ្នា​ក្នុងន័យ​ធ្វើកំណែទម្រង់ គ.ជ.ប គឺជា​លទ្ធផល​ជា​វិជ្ជមាន​ដ៏​សំខាន់​មួយ​ដែល​គណបក្ស​ទាំងពីរ​គួរតែ​បន្ត​ពិភាក្សា​ឲ្យ​បាន​ស៊ីជម្រៅ​បន្ថែមទៀត។ រីឯ​ដំណោះស្រាយ​ចំពោះមុខ​ដ៏​សំខាន់​មួយទៀត​គឺ ការបែងចែក​តួនាទី​នៅក្នុង​រដ្ឋសភា​សំដៅ​ធ្វើយ៉ាងណា​ឲ្យ​ស្ថាប័ន​នេះ​មាន​ឥទ្ធិពល​ក្នុងការ​តាមដាន និង​កែតម្រូវ​ការងារ​របស់​រដ្ឋាភិបាល។ ប្រសិនបើ​មាន​ដំណោះស្រាយ​សមស្រប ហើយ​គណបក្ស​ទាំងពីរ​ចូល​អង្គុយ​ក្នុង​សភា ពេលនោះ ពួកគេ​នឹងមាន​ពេលវេលា​សម្រាប់​បំពេញ​តួនាទីរៀងៗខ្លួន។

ចំណែកឯ​បញ្ហា​កំណែទម្រង់​ផ្សេងទៀត ​មិនគួរ​នឹង​ក្លាយជា​ឧបសគ្គ​រាំងស្ទះ​ក្នុង​កិច្ចចរចា​ទេ ពីព្រោះ អំណឹះតទៅ គណបក្សនីមួយៗ ជាពិសេស​គឺ​បក្ស​កាន់អំណាច​បានដឹង​ច្បាស់​ហើយ​អំពី​ភាពចាំបាច់​នៃ​កំណែទម្រង់។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ហើយ​ថា កំណែទម្រង់​គឺជា​ចំណុច​ស្លា​ប់រស់​នៃ​រដ្ឋាភិបាល​របស់លោក។ ស្លាប់​រស់​មានន័យថា បើ​មិន​កែ​គឺ​ស្លាប់​​ពោល​ការបាត់បង់​សំឡេងគាំទ្រ​ពី​ម្ចាស់ឆ្នោត។ នេះ​ជា​បញ្ហា​ច្បាស់លាស់​មួយ​ ដែល​គ្រប់គ្នា​សុទ្ធតែ​បាន​មើលឃើញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI