អានតួអត្ថបទ
អំពើពុករលួយ

Transparency International៖ អំពើ​ពុករលួយ ​ជា​ប្រភព​ចំបង​នៃ​ការ​រីកឡើង​នូវ​ក្រុម​ភេរវកម្ម​ជ្រុល​និយម

អង្គការ ដើម្បីតម្លាភាព​អន្តរជាតិ
អង្គការ ដើម្បីតម្លាភាព​អន្តរជាតិ http://www.transparency.org
ដោយ៖ ម៉ម ពិសី
1 នាទី

អង្គការ​ដើម្បី​តម្លាភាព​អន្តរជាតិ​ Transparency International ​ទើប​បាន​ចេញ​របាយការណ៍​មួយ ​ស្តីពី​ផល​អវិជ្ជមាន​នៃ​អំពើ​ពុករលួយ។ យោងតាម​របាយការណ៍​នេះ​ អំពើ​ពុក​រលួយ​គឺ​ជា​ប្រភព​ដ៏​ចំបង​ ដែល​ជំរុញ​ឲ្យ​មាន​សកម្មភាព​បះបោរ​ហិង្សារ​ និង​បាន​ជំរុញ​មនុស្ស​ ឲ្យដើរ​តាម​ក្រុម​ភេរវកម្ម​ជ្រុល​និយម​ កាន់តែ​ច្រើន។ អង្គការ​នេះ ​បាន​អំពាវនាវ​ ឲ្យ​រដ្ឋាភិបាល​ទាំងអស់​ ជា​ពិសេស​ប្រទេស​មហា​អំណាច ​ផ្តល់​អាទិភាព​ ​ដល់ការ​ប្រយុទ្ធ​ប្រឆាំង​ នឹង​អំពើ​ពុករលួយ ​ទូទាំង​ពិភពលោក ​ ដើម្បីជាមធ្យោបាយ​ ទប់​ស្កាត់​ការ​រីកឡើង​​នូវ​ចលនា​ភេរវកម្ម។

ផ្សាយពាណិជ្ជកម្ម

ក្រុម​ចលនា​ភេរវកម្ម ​​ដូចជា​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម​ជាដើម ​កាន់តែ​រីក​ធំ​ទៅៗ ​ នៅ​ពេល​ណា​ដែល​មនុស្ស​ម្នា ​បាត់បង់​ទំនុកចិត្ត​ទៅ​លើ​អ្នក​ដឹកនាំ​ប្រទេស ​នៅពេល​ពួក​អ្នក​កាន់​អំណាច ​មិន​នាំ​គ្នា​ធ្វើការ​ដើម្បី​បំរើ​ប្រជាជន ​តែ​បែរ​ជា​ជញ្ជក់​ឈាម​ អង្គាម​ផល​ប្រយោជន៍​ពី​ជន​ក្រីក្រ ​និង​នៅ​ពេល​ណា ​ដែល​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ ត្រូវ​បាន​ផ្តល់​ទៅ​ឲ្យ​តែ​បក្ស​ពួក​មនុស្ស​មួយ​ក្តាប់​តូច​ នៅ​ក្នុង​សង្គម។

 
គឺ​ការ​បាត់បង់​ទំនុកចិត្ត​ ការ​បាក់​ទឹកចិត្ត ​ការ​ឈឺចាប់ ​ដោយសារ​តែ​អយុត្តិធម៌​សង្គម ​ដោយសារ​តែ​អំពើ​ពុករលួយ ​ នេះហើយ ​ទើបជំរុញ​ឲ្យ​មនុស្ស​មួយចំនួន​ធ្លាក់​ទៅ​ក្នុង​ការ​អូសទាញ​ របស់​ពួក​ភេរវកម្ម​ជ្រុល​និយម។ នេះ​គឺ​ជា​សេចក្តី​សង្ខេប​ នៃ​របាយការណ៍​របស់​អង្គការ​ Transparency International ​ស្តីពី​អំពើ​ពុករលួយ។

របាយ​ការណ៍​នេះ​ បាន​លើក​ឡើង​ជា​ឧទាហរណ៍ ​អំពី​ករណី​ដើរ​អូសទាញ​ប្រមូល​មនុស្ស​ របស់​ពួក​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម ​និង​ពួក​ឧទាម​បូកូហារ៉ាំ ​ជាដើម។ មួយ​វិញ​ទៀត ​អំពើ​ពុក​រលួយ​របស់​អាជ្ញាធរ ​ ​ក៏​ជា​ប្រភព​នៃ​បរជ័យ​ នៃ​ការ​ប្រយុទ្ធ​នឹង​ចលនា​ភេរវកម្ម​ដែរ ​ ដូច​ក្នុង​ករណី​ទាហាន​អ៊ីរ៉ាក់​ ដែល​​មាន​តែ​ឈ្មោះ​ចំនួន​៥ម៉ឺន​នាក់ ​ហើយ​ពុំ​មាន​វត្តមាន​ពិត​ប្រាដក ​ដែល​បណ្តាលឲ្យ​កងទ័ព​អ៊ីរ៉ាក់ ​បាត់បង់​ក្រុង​ម៉ូស៊ូល​ ទៅក្នុង​ដៃ​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម។

អង្គការ​ដើម្បី​តម្លាភាព​អន្តរជាតិ ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​មហាអំណាច ​ប្រទេស​ម្ចាស់​ជំនួយ ​ ឲ្យ​គិតគូរ​ផ្តល់​អាទិភាព​ ទៅ​ដល់​ការ​លប់​បំបាត់​អំពើ​ពុករលួយ។ អង្គការ​នេះ​ បាន​ក្រើន​រំលឹក​ថា ​ប្រទេស​មហាអំណាច ​ត្រូវ​ពិចារណា​ឡើងវិញ ​ អំពី​គោល​ជំហរ ​និង​ទំនាក់ទំនង​របស់​ខ្លួន ​ ជាមួយ​នឹង​មេដឹកនាំ​ផ្តាច់ការ​នានា។ ការ​ដែល​បន្ត​បិទភ្នែក ​ បន្ត​ទទួល​យក​របប​នៃ​មេដឹកនាំ​ផ្តាច់ការ ​ពោរពេញ​ដោយ​អំពើ​ពុក​រលួយ ​ជា​ថ្នូរ​នឹង​ពាក្យ​ថា​ស្ថិរភាព​នោះ ​ គឺ​វា​គ្រាន់​តែ​ជា​ការ​បដិសេធ ​មិន​ព្រម​សម្លឹង​មើល​ទៅ​វែង​ឆ្ងាយ​ ព្រោះថា​ទៅថ្ងៃ​មុខ ​របប​ផ្តាច់ការ​ដែល​ចិញ្ចឹម​អំពើ​ពុក​រលួយ​ទាំង​នោះ ​នឹង​បង្ក​ជា​ចលនា​ភេរវកម្ម​ជ្រុល​និយម ​ហើយ​ក្រុម​ជ្រុល​និយម​ទាំង​នោះ ​នឹង​មក​បំផ្លាញ​ស្ថិរភាព​ពិភពលោក​ ជាក់​ជា​មិនខាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ