“សម្ព័ន្ធអំណាចទ្វេភាគី” នៅរុស្ស៊ីមានប្រជាប្រិយភាពធ្លាក់ចុះ
ចុះផ្សាយនៅថ្ងៃ៖
លទ្ធផលនៃការស្ទង់មតិ ទើបនឹងចេញផ្សាយសឲ្យឃើញថាជំនឿទុកចិត្តលើរូប លោកប្រធានាធិបតីពូទីនក៏ដូចជាលើរូបលោកនាយករដ្ឋមន្ត្រីមេដវេដេវ សុទ្ធតែធ្លាក់ចុះ ហើយ បណ្តាជនដល់ទៅ១/៣ ត្រៀមចុះថ្នល់ចូលរួមក្នុងសកម្មភាពប្រឆាំង។
អង្គការសង្គមសាស្ត្ររុស្ស៊ីឈ្មោះ “ មតិសាធារណៈ” ទើបចេញផ្សាយលទ្ធផលនៃ ការស្ទង់មតិ ធ្វើពីថ្ងៃ២៥ ដល់ ២៩ឧសភាទៅលើប្រជាពលរដ្ឋចំនួន ៣.០០០នាក់រស់នៅតាមទីប្រជុំជនចំនួន ២០៤កន្លែង ក្នុងខេត្តចំនួន ៦៤ គឺជាងពាក់កណ្តាល នៃខេត្តទាំង៨៣ដែលចំណុះ សហព័ន្ធ
រុស្ស៊ី។
ស្របនឹងលទ្ធផលនេះ ៖
- ជំនឿទុកចិត្តលើរូបពូទីន បានស្រុតចុះពី៥៥% កាលពីខែមីនាពេលគាត់ជាប់ឆ្នោតជាថ្មីជា ប្រធានាធិបតីមកនៅត្រឹម៤៨% នៅចុងខែឧសភាគឺ៣សប្តាហ៏ក្រោយពីគាត់ចូលកាន់ តំណែង កំពូលនេះវិញ។ ហើយក្នុងចន្លោះពេលនេះ កើនឡើង ពី ១៧%ដល់ ២២% អត្រាអ្នកដែល មិន ទុកចិត្តលើរូបគាត់។ រីឯ អ្នកដែលទុកចិត្តផង មិនទុកចិត្តផង កើនឡើងពី ២៣% ដល់ ២៦%។
ទោះយ៉ាងណាក្តី ក៏ ភាគច្រើន ដល់ទៅ៥២% នៅតែត្រៀមបោះឆ្នោតគាំទ្រលោកពូទីនដដែល បើការបោះឆ្នោត នឺងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យខាងមុខ។
- ករណីលោកមេដវេដេវវិញ ជំនឿទុកចិត្តលើរូបគាត់ បានស្រុតចុះ ពី ៤៧% កាលពីកណ្តាល ខែឧសភា ពេលគាត់ចូលកាន់តំណែងជានាយករដ្ឋមន្ត្រី មកនៅតែ៤៤% លុះរំលងកន្លះខែមក។ ក្នុងចន្លោះពេលនេះ អត្រាអ្នកមិនទុកចិត្តលើ រូបគាត់ជាប្រមុខរដ្ឋាភិបាល បានកើនឡើងពី២០% ដល់២៥%។ រីឯអ្នកដែលទុកចិត្តផង មិនទុកចិត្តផង គឺក្នុងអត្រា២៧% ដូចមុនដដែល។
លទ្ធផលនៃការស្ទង់មតិ ក៏រំលេចឲ្យឃើញថា ៖
ប្រជាពលរដ្ឋរុស្ស៊ី ៣៣% សំដែងនូវក្តីទោមនស្សន៍ ចំពោះនយោបាយ របស់ “សម្ព័ន្ធអំណាច
ទ្វេភាគីពូទីន-មេដេវេដេវ” ហើយត្រៀមចុះថ្នល់ ចូលរួមក្នុង មិទ្ទិញនិងបាតុកម្មប្រឆាំង។ ប៉ុន្តែ ៦០% គ្មានបំណង ធ្វើការតវ៉ាអ្វីណាឡើយ ទល់នឹងសម្ព័ន្ធអំណាចនេះ។
តបនឹងសំនួរ “តើគេទុកចិត្តលើអ្នកនយោបាយ រូបណាជាង?” ប្រជាពលរដ្ឋដែល ត្រូវបាន ស្ទាបស្ទង់មតិ ឆ្លើយដូចតទៅ ៖
- ៣៧% ចង្អុលលើរូបពូទីន ថ្វីត្បិតតែតួលេខនេះ កាលពីខែមេសា មានដល់ ៤២%ឯណោះ។
- ហើយ២៥% ចង្អុលលើរូបមេដវេដេវ គឺ៣% ទាបជាង កាលពីខែមេសា។
ទោះយ៉ាងណាក្តីក៏ មានមតិដល់ទៅ ៦៩% ដែលពេញចិត្តនឹងការងារបំពេញដោយលោក
ប្រធានាធិបតី ពូទីន ហើយ៦៤% សោមនស្ស នឹងការងាររបស់លោកនាយករដ្ឋមន្ត្រីមេដវេដេវ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ