អានតួអត្ថបទ
កម្ពុជា

ទោះ​​ជា​​មាន​​តាន​​តឹង​​ខ្លាំង​ ប៉ុន្តែ ​បក្ស​​ជាប់​​ឆ្នោត​​ទាំង​​ពីរ​​មិន​​ទាន់​​ចូល​​តុ​​ចរ​​ចា​​ទេ​​

សកម្មជនគណបក្សនយោបាយជិះរថយន្តនិងម៉ូតូឃោសនាបោះឆ្នោត។
សកម្មជនគណបក្សនយោបាយជិះរថយន្តនិងម៉ូតូឃោសនាបោះឆ្នោត។ ស៊ីវ ចាន់ណា
ដោយ៖ ប៉ែន បូណា
១៣ នាទី

គិត​មក​ទល់​ថ្ងៃ​អង្គារ​នេះ បាតុ​កម្ម​រៀង​រាល់​ថ្ងៃ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ឈានចូល​ថ្ងៃទី ១០ ហើយ។ ខណៈ​ដែល​ចំនួន​បាតុ​ករ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​កាល​ពី​ថ្ងៃអាទិត្យ តំណាង​រាស្ត្រ​និង​សមាជិក​ព្រឹទ្ធ​សភា​របស់​គណបក្ស​ទាំងពីរ​ក៏​បាន​ចេញ​មុខ​គាំទ្រ​ជំហរ​របស់​គណបក្ស​រៀង​ៗ​ខ្លួន ។ គណបក្ស​ទាំង​ពីរ​នៅ​តែ​បន្ត​បង្កើន​សម្ពាធ​ដាក់​គ្នា​ឥត​ឈប់​ឈរ​ដោយ​មិន​ទាន់​កំណត់​ពេល​ចរចា​ជាថ្មី​នៅ​ឡើយ​ទេ។

ផ្សាយពាណិជ្ជកម្ម

រហូតមកដល់​ថ្ងៃនេះ​គ្មាន​ការចរចា​ណាមួយ​ត្រូវ​បានគ្រោង​ធ្វើ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​នៅឡើយ​ទេ។ ភាគី​ទាំងពីរ​សុទ្ធតែ​អះអាងថា ចង់​ឲ្យ​មានការ​ចរចា ប៉ុន្តែ មិនអាច​បញ្ជាក់​បានទេ​ថា ការចរចា​នឹងធ្វើ​នៅពេលណា។ ផ្ទុយទៅវិញ គណបក្ស​ទាំងពីរ​កាន់តែ​បង្កើន​ទំនាស់​តានតឹង​ជាមួយគ្នា​កាន់តែខ្លាំង​ជាង​មុន។ នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​បន្ត​ដើរ​ហែ​ក្បួន​ឆ្លងកាត់​មួយ​ចំហៀង​ទីក្រុង​ភ្នំពេញ។

ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ​បានធ្វើ​មហា​បាតុកម្ម​កាលពី​ថ្ងៃអាទិត្យ​ដែលមាន​មនុស្ស​ចូលរួម​យ៉ាងច្រើន​លើសពី​សព្វដង តំណាងរាស្ត្រ​និង​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា​ក៏បាន​ប្រញាប់​ចេញមុខ​គាំទ្រ​ជំហរ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ គឺ​ជំហរ​មិន​បោះឆ្នោត​ឡើងវិញ និង​មិន​ចុះ​ចេញពី​តំណែង​ដែល​លោកនាយក​រដ្ឋមន្ត្រី​បាន​អះអាង​កាលពី​ថ្ងៃទី ២០ ធ្នូ។ ការគាំទ្រ​នេះ​បាន​ធ្វើឡើង​តាមរយៈ​ញត្តិ​មួយ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ចន្ទ។

នៅក្នុង​ញត្តិ​នោះ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ហៅ​គូបដិបក្ខ​របស់ខ្លួន​ថា​បានធ្វើ​បាតុកម្ម​ទាំ​ងងើល ខុសច្បាប់ ហើយ​ក្រុមបាតុករ​បាន​ប្រើពាក្យ​សម្តី​អសីលធម៌ និង​មាន​សកម្មភាព​ព្រៃផ្សៃ​មិនអាច​ទទួលយកបាន។ យ៉ាងណាក៏ដោយ បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​បន្ត​ស្រែក​ទាមទារ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញ​ពីមុខ​តំណែង​ដដែល។ ទាំង​លោក កឹម សុខា ទាំង​លោក សម រង្ស៊ី សុទ្ធតែ​អះអាងថា ដល់ពេល​ហើយ​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​ចុះ​ចេញពី​តំណែង។

ការប្រឈមមុខ​ដាក់គ្នា​រវាង​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​នៅពេលនេះ​ត្រូវគេ​មើលឃើញថា មាន​សភាព​កាន់តែ​តឹងតែង​ទាំង​សកម្មភាព​ជាក់ស្តែង​ទាំង​សង្គ្រាមពាក្យសម្តី។ ក្រៅពី​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្រុម​អ្នកភូមិ​បឹងកក់ និង​កម្មករ​រោងចក្រ​ក៏បាន​ធ្វើបាតុកម្ម​ជាច្រើន​កន្លែងព្រមៗគ្នា​ដែរ។ ទាំងនេះ​បានបង្ហាញ​ពី​សម្ពាធ​កាន់តែខ្លាំង​ទៅលើ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា។

ចំណែកឯ​សមត្ថកិច្ច​រដ្ឋាភិបាល​វិញ​កំពុង​ហ្វឹក​ហ្វា​ត់​ត្រៀមខ្លួន​ទប់ទល់​ជាមួយ​បាតុកម្ម។ តុ​ចរចា​ដែល​ភាគីនីមួយៗប្រកាសថា​នៅតែ​បើកចំហ​នោះ​ក៏​នៅ​មិនទាន់មាន​អ្នក​ចូល​អង្គុយ​ដើម្បី​ជជែក​គ្នា​នៅឡើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ