អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ អ៊ូសបេគីស្ថាន ជាជង្រុក​ភេរវជនជីហាដ ប្រចាំ​នៅ​តំបន់​អាស៊ី​កណ្តាល​?

សំឡេង ០៥:១៨
ភេរវកម្មនៅ​ក្រុងញូវយ៉ក ថ្មីៗនេះ
ភេរវកម្មនៅ​ក្រុងញូវយ៉ក ថ្មីៗនេះ ©REUTERS/Brendan McDermid
ដោយ៖ ហេង ឧត្តម
៣៦ នាទី

កាលពី​ថ្ងៃទី​៣១តុលា​កន្លង​ទៅនេះ ភេរវជនម្នាក់​ ដែល​បាន​បើក​ឡាន​បុក​រះ​ សម្លាប់​មនុស្ស៨នាក់ នៅ​ទី​ក្រុង​ ញូយ៉ក គឺ​ជា​ជន​ជាតិ​អ៊ូសបេគីស្ថាន។ នេះ​គឺ​មិន​មែ​នជា​លើក​ទី១មួយទេ ដែល​ជនជាតិ​អ៊ូសបេគីស្ថាន បាន​ធ្វើ​ស​កម្មភាព​ភេរវកម្មសម្លាប់​មនុស្ស​ នៅទ្វី​ប​​អឺ​រ៉ុប និង​អាមេរិក។ ហេតុនេះហើយ ទើបក្រោយពី​អំពើ​ភេរវកម្ម​បើក​ឡាន​បុក​រះនៅ​ទី​ក្រុង​ ញូយ៉ក រួច​មក, មាន​ម​នុស្ស​ជា​ច្រើន​ បាន​នាំគ្នា​​រំឮក​ដល់​ប្រទេស​​អ៊ូសបេគីស្ថាន និង​បាន​ចោទ​ប្រទេស​នេះថាជា​ជង្រុកនៃពួក​​ភេរវករ​ ប្រចាំ​នៅ​តំបន់​អាស៊ី​កណ្តាល។ តើ​ហេតុអ្វី​បាន​ជា​ដូច្នេះ?

ផ្សាយពាណិជ្ជកម្ម

​ភេរវកម្ម​គួរ​ឲ្យ​កត់​សម្គាល់​មួយ​ចំនួន ជា​ស្នាដៃជនជនអ៊ូសបេគីស្ថាន ដែល​ជ្រុល​និយម

មូលហេតុដែល​បាន​ជា​មជ្ឃដ្ឋាន​អន្តរ​ជាតិ​មួយ​ចំនួន ចង្អុរ​មុខ​ថា​ អ៊ូសបេគីស្ថាន គឺជា​ជង្រុកនៃ​ពួក​ភេរវករ ក៏ព្រោះថា អំពើ​ភេរវកម្ម​នៅ​ទីក្រុង​សំខាន់ៗរបស់​​​អឺរ៉ុបនិងអាមេរិក នារយៈពេល​ចុងក្រោយ​នេះ គឺ​មួយ​ចំនួន​ច្រើនគួរ​ឲ្យ​កត់​សម្គាល់​ បាន​ធ្វើ​ឡើង​ដោយ​ស្នាដៃ​ភេរវជន ដែល​ជា​ជនជាតិ​អ៊ូសបេគីស្ថានផ្ទាល់​ ឬ​ជាអ្នក​មាន​ដើម​កំណើត​អ៊ូសបេគីស្ថាន។

ជាក់​ស្តែង ការ​បើក​ឡាន​បុករះ​នៅទី​​ក្រុង​ ញូវយ៉ក ស្លាប់​មនុស្ស​៩ ពី​ពេល​ថ្មីៗនេះ គឺ​បង្ក​ឡើងដោយ​បុរស​ជនជាតិអ៊ូសបេគីស្ថាននេះម្តង​។ នៅ​ដើម​ឆ្នាំ​២០១៧នេះ ជនជីហាត​ ដើមកំណើតអ៊ូសបេគីស្ថានម្នាក់ទៀត បាន​​ធ្វើ​ភេរវកម្ម ទាំង​កណ្តាលយប់ សម្លាប់​មនុស្ស​៣៩ផ្សេងទៀត នៅ​ក្លឹប​កម្សាន្ត​មួយ នាទីក្រុង Istanbul ប្រទេស​ទួរគី​។ បួន​ខែ​ក្រោយមក​ គឺ​កាលពីខែមេសា មាន​ការ​បំផ្ទុះ​គ្រាប់​បែកក្នុង​រថភ្លើង​ក្រោម​ដី ស្លាប់​មនុស្ស​១៤នាក់​ នៅ​ទីក្រុង Saint-Pétersbourg ប្រទេសរុស្សី ក៏​ធ្វើឡើង​ដោយស្នាដៃ​ជនជាតិអ៊ូសបេគីស្ថាន ដែលជា​​ជនជីហាត​ជ្រុល​និយម​​។ ហើយ​តែ​មួយ​ថ្ងៃប៉ុណ្ណោះ​ ក្រោយ​ពី​ការ​បំផ្ទុះគ្រាប់​បែក​​នៅ​រុស្ស៊ី​នេះ បុរស​អ៊ូសបេគីស្ថានម្នាក់​ទៀត បាន​ធ្វើ​ភេរវកម្ម នៅ​ទីក្រុង​ Stockholm ប្រទេស​ស៊ុយអែត និង​ដែល​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​៥នាក់ បន្ថែមទៀត​។ ​ឧទាហរណ៍​ជាក់​ស្តែង​មួយទៀត នៅលើទីដី​អាស៊ី គឺ​ប្រទេស​ប៉ាគីស្ថានវិញ​​ ការ​ធ្វើ​ភេរវកម្ម នៅ​ព្រលាន​យន្តហោះ Karachi ដែល​សម្លាប់​មនុស្ស​៣៧នាក់ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៤នោះ​ ក៏ធ្វើ​ឡើង​ដោយ​ជនជាតិអ៊ូសបេគីស្ថាននេះ​ ដែរ។

ជនជាតិអ៊ូសបេគីស្ថាន ​ប្រកាន់​សាសនា​អ៊ីស្លាម​ជ្រុល​និយម ចូល​ដៃ​ជាមួយ​ក្រុម​Al-Qaeda និង​ ​​ក្រុម​អង្គការ​រដ្ឋ​អ៊ីស្លាមជីហាដ

គេត្រូវ​ដឹង​ថា ប្រជាជនអ៊ូសបេគីស្ថាន មានប្រមាណជាង​៣០លាននាក់ ដែល​ភាគច្រើន គឺជាអ្នក​កាន់​សាសនា​អ៊ីស្លាម និកាយ​ស៊ុននីត ដ៏​តឹង​តែង​។ តែ​ក៏​មាន​ដែរ ក្រុម​អ្នក​ខ្លះ ដែល​បាន​ប្រកាន់​ប្រតិបត្តិ​យកសាសនាអ៊ីស្លាម​ជ្រុល​និយម​​​។ ក្រុម​ចុង​ក្រោយ​នេះហើយ ដែល​បាន​ចូលដៃ​ជើង​ជាមួយ​ក្រុម​ភេរវជន និង​បាន​បង្កភេរវកម្ម​ នៅ​ក្នុង​ស្រុក និង​នៅ​បរទេស។

នៅអ៊ូសបេគីស្ថាន​ ក្រុមចលនា​​អ៊ីស្លាម ដែល​បាន​ធ្វើ​ភេរវកម្ម ប្រឆាំង​រដ្ឋាភិបាល​ក្នុងស្រុក​ គឺ​ក្រុម​ចលនា​អ៊ីស្លាម​អ៊ូសបេគីស្ថាន Mouvement islamiques d’Ouzbékistan។ ក្រុម​នេះ ដែល​បាន​ភ្ជាប់​ខ្លួន​ទៅនឹង​ក្រុម​ភេរវនិយម Al-Qaeda និង​ក្រោយ​មក ប្រកាសភ្ជាប់​​ភក្តី​ភាព​ជាមួយ​​ក្រុម​អង្គការ​រដ្ឋ​អ៊ីស្លាមជីហាដ។ ​អំលុង​ពេល​២០​ឆ្នាំ​ចុង​ក្រោយ​នេះ ​ក្រុម​ចលនា​អ៊ីស្លាម​អ៊ូសបេគីស្ថាន ដែល​ប្រកាន់​សាសនា​និយមជ្រុល និងមាន​ជំនោរប្រឆាំង​រដ្ឋា​ភិបាលផង​នោះ គឺ​បាន​ត្រូវចាត់​វិធានការ​តឹង​តែង​ពីសំណាក់​​រដ្ឋាភិបាល​អ៊ូសបេគីស្ថាន។ សមាជិក​ខ្លះនៃក្រុម​​នេះ បានរត់​​ភៀសខ្លួន ទៅ​ក្រៅប្រទេស​ ដូចជាទៅ​អាហ្វហ្គានីស្ថាន ប៉ាគីស្ថាន ទួរគី អ៊ីរ៉ាក់ ស៊ីរី និងរុស្ស៊ី ជាដើម។

តាម​​ភ្នាក់​ងារ​ស៊ើប​ការ​សម្ងាត់​របស់​រុស្ស៊ី បាន​ឲ្យ​ដឹងថា ​មាន​ជន​ភៀស​ខ្លួនចេញ​ពី​តំបន់អាស៊ីកណ្តាល ​ប្រមាណ​ ពី​២ពាន់ទៅ​៤ពាន់ ដែល​បាន​ភ្ជាប់​ខ្លួន​ទៅ​នឹង​ក្រុម​អង្គការ​រដ្ឋ​អ៊ីស្លាមជីហាដ នៅ​អ៊ីរ៉ាក់​និង​ស៊ីរី។ យ៉ាងណា​មិញ​ រដ្ឋាភិបាល​អ៊ូសបេគីស្ថាន មិន​ដែរ​បង្ហាញ​ទិន្នន័យ​ពិត​ប្រាកដ​ពី​ចំនួន​ពលរដ្ឋ​របស់​ខ្លួន ដែល​បាន​ចូលរួម​ជាមួយ​ចលនាអង្គការ​រដ្ឋ​អ៊ីស្លាមជីហាដ នោះឡើយ​។ ក៏ប៉ុន្តែ បើ​តាម​ការ​វាយតម្លៃ​របស់​អ្នក​ជំនាញ គឺ​ប្រហែល​​ជា​មាន​យ៉ាង​ហោចណាស់ចន្លោះពី​៥០០ ទៅ​១ពាន់​៥រយ​នាក់។ មនុស្ស​ទាំង​អស់​នោះ​ហើយ ដែល​បាន​ចូលរួម​ប្រតិបត្តិការ​ភេរវកម្ម​សម្លាប់​មនុស្ស​នា​ប៉ុន្មានឆ្នាំ​ចុង​ក្រោយ​នេះ។

បញ្ហានយោបាយ និង សាសនា ​

ស្ថិត​នៅ​តំបន់​អាស៊ីកណ្តាល​ សាធារណរដ្ឋ អ៊ូសបេគីស្ថាន បាន​ទទួល​ឯករាជ្យ​នៅ​ឆ្នាំ១៩៩១ គឺ​ក្រោយ​ការ​ដួល​រលំទៅ​ ​នៃ​សហភាព​សូរៀត។ ប្រទេស​នេះ មាន​ផ្ទៃដី​ធំ​ជាង​កម្ពុជា ប្រហែល​២ដង ហើយ អ៊ូសបេគីស្ថាន មាន​ព្រំ​ប្រទល់​ជាប់​ជាមួយ​ប្រទេស​ ចំនួន ៥ គឺ កាហ្សាស្ថាន Kazakhstan, គៀរហ្សីហ្សីសស្ថាន Kirghizistan, តាដជីគីសស្ថាន Tadjikistan,​ អាហ្វហ្គានីស្ថាន Afghanistan និង ទួរម៉ែននីស្ថាន Turkménistan។ គឺសុទ្ធ​តែ​ជា​រដ្ឋ​ ដែល​បង្កើត​ឡើង​ក្រោយ​សហភាព​សូវៀត​រលំ​រំលាយ។​

តាំងតែពី​ការ​ប្រកាសខ្លួន​ថា​​ជា​រដ្ឋ​ឯករាជ្យ​មក ប្រទេស​​អ៊ូសបេគីស្ថាន ត្រូវ​បា​នដឹកនាំ​ដោយ​របប​ផ្តាច់​ការ​និយម ដោយ​មា​នការជិះជាន់ ​រឹតត្បិត​សេរីភាព​ និង​មាន​ការ​ប្រតិបត្តិ​សាសនា​តឹង​តែង។ អ៊ីស្លាម ត្បិត​តែ​ជា​សាសនារបស់​រដ្ឋ​មែន តែ​រដ្ឋាភិបាល​អ៊ូសបេគីស្ថាន គ្រប់​គ្រង់​តឹងរឹង ដោយ​គ្រូ​បង្រៀន​ឬ​ អ៊ីម៉ាមអាចារ្យ​សាសនា​ នៅ​តាម​វិហារ​នីមួយ គឺត្រូវ​តែ​ស្ថិត​ក្រោម​ការ​បណ្តុះ​បណ្តាល និង​តាម​ដាន​របស់​រដ្ឋអំណាច​ផ្តាច់​ការ​។ នេះ​ក៏​ជា​ហេតុ​មួយ ដែល​អ្នក​អនុវត្ត​សាសនាអ៊ីស្លាម​មួយ​ចំនួន​នៅទីនោះ​​ មិន​អា​ច​ទទួល​យក​បាន និង​បាន​ចាកចេញពី​ប្រទេស ហើយ​ត្រូវ​បាន​អូសទាញ​ដោយ​ក្រុម​អ្នក​កាន់​អ៊ីស្លាម​ជ្រុល​និយម។​

សង្គមបែង​ចែក​វណ្ណៈ ពុក​រលួយ​ និង​សេដ្ឋកិច្ចទន់​ខ្សោយ

នៅ អ៊ូសបេគីស្ថាន អំពើពុករលួយមាន​កម្រិត​ខ្ពស់​ និងបាន​ធ្វើ​ឲ្យ​ប្រទេសនេះ​​ជាប់​ឈ្មោះ​ជិត​បាត​តារាង​នៃ​ប្រទេស​ដែល​ពុករលួយ​បំផុត​លើ​លោក។ អត្រាអត់​ការងារ​ធ្វើ​វិញ​ មាន​ចំនួនច្រើន​ ហើយ​​វណ្ណៈសង្គម​និងការងារ​ មាន​ការ​បែង​ចែក។ អ្នក​ចេះ​ភាសា​រុស្ស៊ី ត្រូវ​គេ​ចាត់ទុកថា​ជាអ្នក​ចេះ​ដឹង​ និង អាច​ងាយ​រកការ​​ងារ​ធ្វើ​បាន​ល្អ​គួរ​សម។ យុវជន​អ៊ូសបេគីស្ថាន មួយ​ចំនួន ដែល​នៅក្នុងស្រុក ​លំបាក​រក​ការ​ធ្វើ ហើយ​បើ​ធ្វើ​ការ​គឺ​បា​នប្រាក់​ចំណូលទាប​​ ប្រមាណ​ជាមធ្យម​ ២០០ ដុល្លារ​ ប៉ុណ្ណោះ ក្នុង​មួយខែ។ ដូច្នេះហើយ វិបត្តិ​សង្គម​និយម​និង​សេដ្ឋកិច្ច​ បាន​ធ្វើ​ឲ្យ​ជនជាតិ​អ៊ូសបេគីស្ថានមួយចំនួន​​ ត្រូវ​បាន​គេ​អូសទាញ និង​បានក្លាយខ្លួន​​ជា​ជនអ៊ីស្លាម​ជ្រុល​និយម​ ហើយ​​ធ្វើ​ជា​សកម្មជន​ប្រយុទ្ធ​ឲ្យ​ក្រុម​អង្គការ​រដ្ឋ​អ៊ីស្លាមជីហាដ ដែល​អាចឲ្យ​ពួក​គេ​ រកប្រាក់​បា​ន​២ពាន់ ទៅ​៥ពាន់​ក្នុង​មួយ​ខែ។ ឧទាហរណ៍​ដូចជា​យុទ្ធជីហាត ដែល​ច្បាំង​នៅ​ស៊ីរី​និង​នៅ​អ៊ីរាក់​ជា​ដើម​។ ក៏ប៉ុន្តែ អ្នក​ជំនាញ​ខ្លះ បាន​យល់ឃើញថា ជនជាតិ​អ៊ូសបេគីស្ថានមួយ​ចំនួន ដែល​បាន​ចូលរួម​ប្រព្រឹត្ត​អំពើ​ភេរវកម្ម គឺ​មិន​ដឹង​ទាំងថា អំពើ​ទាំង​នោះ មាន​​គោលដៅ​អ្វី​​ឲ្យ​បាន​ច្បាស់​លាស់​ផង​ទេ។

តែ​យ៉ាងណាក៏ដោយ មាន​អ្នក​ខ្លះទៀត បាន​ធ្វើ​សកម្មភាពភេរវកម្ម​​ ក៏​មិនមែន​ដើម្បី​តែ​បា​នលុយ​នោះដែរ ពីព្រោះ​តែពួក​គេ​បានត្រូវ​​​បំពាក់​បំពាន​មនោគមន៍​វិជ្ជា​សាសនា​ជ្រុល​និយម ហើយ​​ឲ្យ​ប្រឆាំង​នឹង​ពួក​ប្រទេស​បស្ចឹម​លោក ឬប្រទេស​ណាក៏ដោយ​ ដែល​មិនមែន​កាន់​សាសនាអ៊ីស្លាម​ជ្រុល​និយម ដូច​ពួក​គេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ