លោកពូទីនទាមទារកងទ័ពអ៊ុយក្រែនអោយបញ្ឈប់ប្រតិបត្តិការនៅភាគខាងកើតអ៊ុយក្រែនជាបន្ទាន់
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅថ្ងៃអង្គារនេះ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានអំពាវនាវអោយក្រុងគៀវបញ្ឈប់ប្រតិបត្តិការយោធា នៅភាគខាងកើតអ៊ុយក្រែន និងសុំអោយរដ្ឋាភិបាលក្រុងគៀវ ជួបចរចាដោយសន្តិវិធីជាមួយតំណាងគ្រប់តំបន់ក្នុងប្រទេស ដើម្បីរកដំណោះស្រាយបញ្ចប់វិបត្តិ។ កាលពីថ្ងៃចន្ទ យោធាអ៊ុយក្រែនបានបើកប្រតិបត្តិការដណ្តើមយកអាកាសយានដ្ឋានក្រុងដូណេត នៅភាគខាងកើត ពីក្រុមបះបោរគាំទ្ររុស្ស៊ី។ សកម្មភាពយោធានេះ បានធ្វើអោយមនុស្សជាង៤០នាក់ បាត់បង់ជីវិត។
នៅថ្ងៃអង្គារនេះ ប្រធានាធិបតីរុស្ស៊ី ពូទីន បានអំពាវនាវអោយរដ្ឋាភិបាលអ៊ុយក្រែន បញ្ឈប់ជាបន្ទាន់ នូវប្រតិបត្តិការយោធា នៅភាគខាងកើតអ៊ុយក្រែន។ លោកពូទីនបានទាមទារអោយក្រុងគៀវ និងតំណាងគ្រប់តំបន់នៅអ៊ុយក្រែន ជួបចរចាគ្នា ដើម្បីរកដំណោះស្រាយវិបត្តិ។ កាលពីរសៀលថ្ងៃចន្ទ កងទ័ពអ៊ុយក្រែន បានពង្រាយឧទ្ធម្ភាគចក្រ យន្តហោះចំបាំងជាច្រើនគ្រឿង រួមទាំងអ្នកលោតឆ័ត្រយោងផងដែរ ដើម្បីដណ្តើមយកអាកាសយានដ្ឆានក្រុងដូណេត នៅភាគខាងកើត ពីក្រុមផ្តាច់ទឹកដីនិយមមកវិញ។ ប្រតិបត្តិការយោធានេះបានសម្លាប់មនុស្សជាង៤០នាក់។
កងទ័ពអ៊ុយក្រែនបានប្រាប់ថា នៅថ្ងៃអង្គារនេះ ខ្លួនបានកាន់កាប់អាកាសយានដ្ឋាននេះហើយ។ អាកាសយានដ្ឋានក្រុងដូណេត គឺជាទីតាំងយុទ្ធសាស្ត្រជាច្រកឆ្ពោះទៅភាគខាងកើតអ៊ុយក្រែន។ ក្រុមបះបោរគាំទ្ររុស្ស៊ីបានកាន់កាប់ទីនោះ កាលពីយប់ថ្ងៃអាទិត្យឈានចូលព្រឹកថ្ងៃចន្ទ។
ដោយឡែក នៅក្រុងដូណេតនេះដែរ អង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុបបានប្រាប់ថា បាត់ដំណឹងពីអ្នកសង្កេតការណ៍អន្តរជាតិរបស់ខ្លួនចំនួន៤រូប កាលពីល្ងាចថ្ងៃចន្ទ។ សម្រាប់ការបោះឆ្នោតប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃអាទិត្យកន្លងទៅ អ្នកសង្កេតការណ៍របស់អង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប និងអង្គការអន្តរជាតិផ្សេងៗប្រមាណជាង១ពាន់នាក់ បានចុះទៅបំពេញការងារនៅអ៊ុយក្រែន។
ការបោះឆ្នោតនេះ បានផ្តល់ជោគជ័យអោយដល់មហាសេដ្ឋី ប៉េត្រូ ប៉ូរ៉ូឆិនកូ ជាមួយសម្លេងឆ្នោត៥៤ភាគរយ។ ប្រធានាធិបតីប៉ូរ៉ូឆិនកូ សង្ឃឹមថា អាចនឹងជួបប្រធានាធិបតីរុស្ស៊ីពូទីន នៅខែមិថុនាខាងមុខនេះ។ ប៉ុន្តែ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ស៊ែរហ្កី ឡាវ្រ៉ូវ បានប្រាប់ថា ទស្សនកិច្ចរបស់លោកប៉ូរ៉ូឆិនកូនៅរុស្ស៊ី មិនបានត្រូវផ្នែកការទូតណាមួយលើកយកមកពិភាក្សាទេ។
ដោយឡែក នាយករដ្ឋមន្ត្រីអ៊ុយក្រែន អាសេ អ៊ីយ៉ាតសេនីយុក បានបដិសេធមិនព្រមចរចាជាមួយរុស្ស៊ីទល់មុខគ្នាតែ២ភាគីទេ ប្រសិនបើគ្មានអ្នកអន្តរការីប្រទេសលោកខាងលិចចូលរួម។ រដ្ឋាភិបាលអ៊ុយក្រែនបានសំដែងការខកចិត្តចំពោះផែនការដោះស្រាយជម្លោះឧស្ម័នជាមួយរុស្ស៊ី ដែលសហភាពអឺរ៉ុបបានស្នើដល់អ៊ុយក្រែននិងរុស្ស៊ី។ ផែនការនេះ តម្រូវអោយអ៊ុយក្រែនសងថ្លៃឧស្ម័ន២ពាន់លានដុល្លារទៅក្រុមហ៊ុនឧស្ម័នហ្កាសព្រូមរុស្ស៊ីសម្រាប់ថ្លៃជំពាក់តាំងពីខែវិច្ឆិកាឆ្នាំ២០១៣។ ប្រសិនរុស្ស៊ីនិងអ៊ុយក្រែនយល់ព្រម នៅថ្ងៃសុក្រនេះ នឹងមានការចរចាទាក់ទងការផ្គត់ផ្គង់ឧស្ម័ននៅពេលអនាគត។ ប៉ុន្តែមុននឹងសងបំណុលរុស្ស៊ី អ៊ុយក្រែនទាមទារអោយមានការធានាបញ្ចុះថ្លៃឧស្ម័នដែលលក់អោយអ៊ុយក្រែនជាមុនសិន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ