អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ុយក្រែន​ស្ថិតនៅ​តែ​មួយជំហាន​ នៃ​ទ្វារ​ឆ្ពោះ​ទៅកាន់​សង្គ្រាមស៊ីវិល?​

សំឡេង ០៥:៣៧
កងទ័ព​អ៊ុយក្រែន នៅ​Kramatorsk​ ភាគខាងកើត​ប្រទេស​
កងទ័ព​អ៊ុយក្រែន នៅ​Kramatorsk​ ភាគខាងកើត​ប្រទេស​ REUTERS/Marko Djurica
ដោយ៖ ព្រំ សឿន សូលីណា
៣៥ នាទី

នៅអ៊ុយក្រែន ​ថ្ងៃ​​​ពុធនេះ រថក្រោះ​​​៣គ្រឿង ​និង​​ឡានកាំម្ញ៉ុង​មួយគ្រឿង​ ​​ដឹក​ជន​ប្រដាប់​អាវុធ​​ច្រើន​នាក់ បាន​​បើកបរ​នៅ​ Kramattorsk ភាគខាងកើត។ គេ​មិនដឹង​ថា រថក្រោះ​ទាំងនេះ​ចេញ​មកពីប្រភព​ណា​​ទេ។ ​ថ្ងៃពុធ​នេះដែរ ​​​ក្រុមប្រដាប់​អាវុធ​​គាំទ្រ​រុស្ស៊ី​បានទទួល​​ការ​​អនុញ្ញាត​​អោយ​ធ្វើការ​​បាញ់​​សម្លាប់។ សកម្មជន​អ៊ុយក្រែន​២នាក់​ត្រូវបាន​ក្រុមប្រដាប់​អាវុធចាប់ខ្លួន។ ​​ប្រធានាធិបតី​រុស្ស៊ីបាន​ប្រាប់​ប្រមុខ​ដឹកនាំ​អាល្លឺម៉ង់​ថា អ៊ុយក្រែន​កំពុង​ស្ថិត​ក្បែរ​​សង្គ្រាម​ស៊ីវិល។ ថ្ងៃ​ពុធ​នេះ​ ​រុស្ស៊ី​សុំអោយ​អាជ្ញាធរ​អ៊ុយក្រែន​ចៀសវាង​ប្រើកម្លាំង​បាយ​ប្រឆាំង​ជនស៊ីវិល។

ផ្សាយពាណិជ្ជកម្ម

មេដឹកនាំ​​រុស្ស៊ី​បង្ហាញ​​ទុទ្ទិដ្ឋិនិយម​​កាន់តែ​ខ្លាំង ចំពោះ​វិបត្តិ​អ៊ុយក្រែន

ពី​​មួយថ្ងៃ​ទៅ​មួយថ្ងៃ មេដឹកនាំ​រុស្ស៊ីកាន់តែ​បង្ហាញ​​ទុទ្ទិដ្ឋិនិយម​ខ្លាំង ចំពោះស្ថានភាព​​​​ភាគ​ខាងកើត​​​អ៊ុយក្រែន។ តាំង​ពី​ថ្ងៃ​អាទិត្យ​មក ​ទាំង​​នាយករដ្ឋមន្ត្រី​​ម៉េតវេដេហ្វ ទាំង​ប្រមុខ​ការទូត​រុស្ស៊ី​ឡាវ្រ៉ូវ ហើយ​នៅ​ថ្ងៃ​ពុធ​នេះទៀត ក៏​មាន​លោក​ពូទីន​ម្នាក់ទៀត ​​ ​បាន​លើកឡើង​​ដូច​​គ្នា​ថា អ៊ុយក្រែន​ស្ថិតក្បែរ​សង្គ្រាម​ស៊ីវិល។ ​​ការ​​លើកឡើង​ដូចៗ​គ្នានេះ​ ​គឺ​ជា​ការព្រមាន​​របស់​រុស្ស៊ី ចំពោះ​សហភាពអឺរ៉ុប និង​អាមេរិក ដែល​នៅតែ​បន្ត​​ប្រទាញ​អ៊ុយក្រែន​ អោយ​ដើរ​ចេញពី​រុស្ស៊ី។ រុស្ស៊ី​​មិនមែន​ត្រឹម​តែ​ព្រមាន​អឺរ៉ុប​និង​អាមេរិក​ ​ពី​សង្គ្រាម​​ស៊ីវិល​ប៉ុណ្ណោះទេ។ ​រុស្ស៊ី​ចង់អោយ​​​​អឺរ៉ុប​និង​អាមេរិកដែល​ចោទ​ថា​រុស្ស៊ី​នៅពីក្រោយ​ខ្នង​ការបះបោរ​នៅ​ភាគខាងកើត​​អ៊ុយក្រែន​នេះ ​ដឹង​ថា បើ​មិនអាច​​​រកដំណោះស្រាយ​​បាន​ឆាប់ ចំពោះវិបត្តិ​នៅពេលនេះទេ អ៊ុយក្រែន​នឹង​ខ្ទេចខ្ទាំ​ឥត​ប្រយោជន៍។ ពិសេស​នៅពេលនេះទៀត ពេល​ដែល​ក្រុមគាំទ្រ​រុស្ស៊ី​ទទួល​ការ​អនុញ្ញាត​អោយ​​បាញ់ប្រហារ​​​សម្លាប់​មនុស្ស​ទៀតនោះ គឺ​ថា​​សង្គ្រាម​នៅ​តែ​មួយចង្អាម​ដៃ​ប៉ុណ្ណោះ។ ​​

រុស្ស៊ី​មិនខ្លាច​នឹង​ប្រឈម​​ទណ្ឌកម្ម​សេដ្ឋកិច្ច រឺ​ក៏​​អាច​ថា រហូត​ដល់​ប្រឈម​នឹង​កងទ័ព​បរទេស​ដែល​​​​ចង់​ចុះ​មកជួយភាគខាងកើត​​​អ៊ុយក្រែន​ ​ប្រឆាំង​សកម្មជន​គាំទ្រ​រុស្ស៊ី​នោះ​ទេ។ ប្រធានាធិបតី​​ពូទីន​ប្រាប់​ប្រមុខ​​ដឹកនាំ​អាល្លឺម៉ង់មែរគែល​​ ពី​បញ្ហា​ថា អ៊ុយក្រែន​នៅក្បែរ​សង្គ្រាម​ស៊ីវិល​ នេះក៏​​​បង្ហាញ​ច្បាស់​​ថា លោក​ពូទីន​ចង់ព្រមាន​អាល្លឺម៉ង់​ផ្ទាល់​​ ​​ចំពោះ​ការដែល​ក្រុមហ៊ុន​ថាមពល​​អាល្លឺម៉ង់​បាន​ប្រកាស​​​ថ្មីៗ​នេះ​ថា ​នឹង​​​យក​​​ឧស្ម័ន​​រុស្ស៊ី​​​​ ​ចេញ​ពី​ភាគ​ខាងលិច​ ដឹកទៅ​​ឆ្ពោះ​ទៅ​អ៊ុយក្រែន។ រុស្ស៊ី​ចង់​អោយ​អាល្លឺម៉ង់​ដឹងថា ​​ឧស្ម័ន​​ដែល​អាល្លឺម៉ង់​​ចង់​ដឹកអោយ​អ៊ុយក្រែន ជា​ឧស្ម័ន​របស់​រុស្ស៊ីជួយអាល្លឺម៉ង់​ ដូច្នេះ ​ចំពេល​មានវិបត្តិ​បែបនេះ ​​អាល្លឺម៉ង់​ចង់​ជួយ​​អោយ​ឧស្ម័ន​រុស្ស៊ី​ទៅ​អ៊ុយក្រែន​​ ​ជា​ទង្វើ​មនុស្ស​ខូច​សុទ្ធសាធ បើទោះ​ជា​ក្រុមហ៊ុន​​អាល្លឺម៉ង់​ធ្លាប់​បាន​ចុះ​កិច្ច​ព្រមព្រៀង​​ផ្តល់​ឧស្ម័ន​​​អោយ​អ៊ុយក្រែន​​ កាលពី​​ឆ្នាំ២០១២ ​​​ក៏ដោយចុះ។​​ រុស្ស៊ី​ថែម​ទាំង​ពន្យុះ​អឺរ៉ុប​និង​អាមេរិក​ ដោយ​​លើកឡើង​ថា បើ​​ក្រុងគៀវ​​រៀបចំ​ការបោះឆ្នោត​ប្រជាមតិ​នៅ​ភាគខាងកើត​អ៊ុយក្រែន ​វា​ជាចំណុច​​វិជ្ជមាន ទោះ​ជា​ការសម្រេច​រៀបចំ​បោះឆ្នោត​ប្រជាមតិ​នេះ ធ្វើឡើង​យឺតពេល​ក៏​ដោយចុះ។


ជំនួប​​ចតុភាគី​រវាងរុស្ស៊ី អាមេរិក អឺរ៉ុប និង​អ៊ុយក្រែន នៅក្រុងហ្សឺណែវ អាចធ្វើឡើង​នៅថ្ងៃ១៧មេសា​ ដូច​​​គ្រោងទុក​

រុស្ស៊ី​បាន​បង្ហាញពី​ការព្រួយបារម្ភ​ចំពោះ​ស្ថានភាព​នៅអ៊ុយក្រែន។ ដូច្នេះ រុស្ស៊ីដឹងច្បាស់​ថា ដើម្បី​ចៀសពីការចោទ​ប្រកាន់​ពីសំណាក់​អឺរ៉ុប​និង​អាមេរិក ថា រុស្ស៊ី​នៅពីក្រោយ​ខ្នង​ ​ចលនាបះបោរ​​​អ៊ុយក្រែន​នោះ ទាល់តែ​​រុស្ស៊ី​ចូលរួម​ការពិភាក្សា​នៅ​ក្រុង​ហ្សឺណែវ​​ស្អែកនេះ។ ​ម្យ៉ាងទៀត អឺរ៉ុប និង​អាមេរិក​ រួមទាំងអ៊ុយក្រែន​ដែរនោះ ទោះ​ចង់​​មិនចង់ ក៏ត្រូវតែ​ចូលរួម​រកអោយ​ឃើញស-ខ្មៅ ថា​តើ​អ្នកណា​ជាអ្នកចង់​បង្ក​សង្គ្រាម​ អ្នកណា​ជា​អ្នកពន្យុះ​អំពើភេរវកម្ម ហើយ​​អ្នកណា​​​ចង់បាន​សន្តិភាព។ ​ប៉ុន្តែ ត្រង់ថា ​រក​បាន​ដំណោះស្រាយ​​រឺយ៉ាងណា​ទៀតនោះ ​យើង​នៅមិនអាច​ដឹង​​​ទេ។ ​នៅពេល​នេះ ចំពេល​​​សង្គ្រាម​ស៊ីវិល​អាចផ្ទុះឡើង នៅ​ភាគខាងកើត​អ៊ុយក្រែន ហើយ​ចំពេល​​កងទ័ព​រុស្ស៊ី​មាន​សន្ធឹកសន្ធាប់​នៅ​តាមព្រំដែន​ជាប់​​អ៊ុយក្រែន​ដែរនោះ យើងឃើញថា ​រុស្ស៊ី​​​មាន​​សក្តានុពល​​​​​ពេញលេញ​ ក្នុង​កិច្ចប្រជុំស្អែក​នេះ។ ​

 
រុស្ស៊ី​កំពុងងាក​រកដៃគូ​គាំទ្រខ្លួន​ប្រឈម​​អាមេរិក និងអឺរ៉ុប ចំពោះ​វិបត្តិអ៊ុយក្រែន​
 
ម្សិលមិញ ប្រមុខការទូត​រុស្ស៊ី​ ស៊ែរហ្កី ឡាវ្រ៉ូវ ​បាន​បំពេញ​ទស្សនកិច្ច​នៅប្រទេស​ចិន ដើម្បី​រៀបចំ​ទុកមុន នូវ​ដំណើរ​ទស្សនកិច្ច​២លើក ​របស់​ប្រធានាធិបតី​ពូទីន នៅចិន​ ​ក្នុង​ឆ្នាំ២០១៤នេះ។ យើងមិនបាច់​ឆ្ងល់​ទេថា​ ចំពោះ​បញ្ហា​អ៊ុយក្រែន បើ​រុស្ស៊ី​មិនអាច​ទទួលបាន​ការគាំទ្រ​ពី​អឺរ៉ុប​​និង​អាមេរិក​ទេនោះ រុស្ស៊ីជា​មហាអំណាច​លេចមុខ​មួយ​ដែរនោះ ​​ក៏​មិន​ខ្លាច​ងាក​​ទៅរក​ដៃគូ​ផ្សេងៗទៀត នៅ​អាស៊ី បែបយ៉ាង​ប្រទេស​មហាអំណាច​ចិន រឺក៏​ឥណ្ឌា​​ដែរ។ កន្លងមក ​ក្នុង​ការ​​បោះឆ្នោត​​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ លើ​​គម្រោង​សេចក្តីសម្រេច​ សុំមិនអោយ​​ទទួលស្គាល់​ការ​បោះឆ្នោត​​ប្រជាមតិ​តំបន់គ្រីមេ ចិន​បាន​បោះឆ្នោត​អនុប្បវាទ។ ចិនក៏​​​បាន​បដិសេធ​មិនសិក្សា​មើល​​ទណ្ឌកម្ម​​​ប្រឆាំង​រុស្ស៊ី​​ដែរ។ កន្លងមក​ អឺរ៉ុប​បាន​ដាក់ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​​រុស្ស៊ី និង​សកម្មជន​អ៊ុយក្រែន​ដែល​​គាំទ្រ​រុស្ស៊ី។​ ​​​អឺរ៉ុបអាច​​នឹង​​ដាក់ទណ្ឌកម្ម​ដល់​កម្រិត​ទី៣​លើ​រុស្ស៊ី​ ទៀត​ ​​ពោល​គឺ​​ចូលដល់​កម្រិត​​​ទណ្ឌកម្ម​​សេដ្ឋកិច្ច​​ ជា​ទណ្ឌកម្ម​ធ្ងន់ដៃ​​តែម្តង។ ​​ដូច្នេះ យើងអាច​ថា ​បើ​​រុស្ស៊ី​ជួបវិបត្តិ​​សេដ្ឋកិច្ច​ដោយសារ​ទណ្ឌកម្ម​ទាំងនេះ​​ ​បើ​​​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​​រុស្ស៊ី​ទទួលចំណូល​​​តិចតួច ដោយសារ​រុស្ស៊ី​បន្ថយ​​​​​ការនាំចេញ​​​ប្រេង​ចេញ​ទៅ​បរទេស នោះ​ចិន​គឺ​ជា​សម្ព័ន្ធមិត្ត​​​យកជាការ​បាន​របស់​រុស្ស៊ី។ ម្យ៉ាងទៀត យើង​ក៏ដឹង​​​ដែរថា ចិន​និង​អាមេរិក​មិនសូវ​ជាត្រូវគ្នា​នោះទេ ដោយសារ​តែ​មួយៗ​សុទ្ធតែ​ជាប្រទេស​មហាអំណាច និង​ចង់​ទទួល​ចំណាត់ថ្នាក់​​លេខ១​ក្នុង​ពិភពលោករៀងខ្លួន។ ដូច្នេះ ចិន​និង​រុស្ស៊ី​រួមគ្នា អាច​នឹងធ្វើអោយ​អាមេរិក បន្ទន់​ជំហរទៅវិញ ចំពោះ​ដំណោះស្រាយ​​វិបត្តិ​អ៊ុយក្រែន។ 

ម្យ៉ាងទៀត ករណី​រុស្ស៊ី​ទទួល​ទណ្ឌកម្ម​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​​ នោះ​ទំនាក់ទំនង​​សេដ្ឋកិច្ចរវាង​រុស្ស៊ី និង​ប្រទេស​ផ្សេងៗទៀត​ក៏អាច​រង​ផល​​ប៉ះពាល់​ផងដែរ។ ជាក់ស្តែង រដ្ឋមន្ត្រី​ការបរទេស​​កោះស្ហ៊ីប បាន​លើកឡើង​ថា ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​នឹង​បំផ្លិចបំផ្លាញ​សេដ្ឋកិច្ច​កោះស្ហ៊ីប។ កោះស្ហ៊ីប​​សំបូរ​សហគ្រាស​រុស្ស៊ី។ រុស្ស៊ី​​មាន​ទ្រព្យ​ធន​នៅទីនោះ​ច្រើន។ កោះ​ស្ហ៊ីប បាន​ទាមទារ​មិនអោយ​​មាន​ការ​អនុវត្តន៍​នូវ​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​​ទេ។

ដូច្នេះ បណ្តា​ប្រទេសជាច្រើន​​​ដែល​មានទំនាក់ទំនង​សេដ្ឋកិច្ច​​ជាមួយ​រុស្ស៊ី មិនអាច​អោបដៃ​បណ្តោយ​អោយ​អាមេរិក​និងអឺរ៉ុបចេញទណ្ឌកម្មកម្រិត​​ធ្ងន់​ប្រឆាំង​រុស្ស៊ី​ទេ ពួកគេ​អាច​នឹង​លូកដៃ​ក្នុង​ដំណោះស្រាយ​​អ៊ុយក្រែន​ ដើម្បីគាំទ្រ​​រុស្ស៊ី ​ក៏ថាបាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ