ឥណ្ឌូនេស៊ី

គ្រោះរញ្ជួយដី​ដ៏​ខ្លាំង​មួយ​កើតឡើង​នៅ​ឥណ្ឌូនេស៊ី

កន្លែង​កើតមាន​គ្រោះរញ្ជួយដី​ថ្ងៃ​អាទិត្យនេះ
កន្លែង​កើតមាន​គ្រោះរញ្ជួយដី​ថ្ងៃ​អាទិត្យនេះ ©earthquake.usgs.gov

នៅ​ថ្ងៃ​អាទិត្យ​នេះ គ្រោះ​រញ្ជួយដី​ដ៏ខ្លាំង​កម្រិត ៧,២ តាម​មាត្រដ្ឋាន​រិចទ័រ បាន​កើត​មាន​ឡើង នៅ​​កោះ​ស៊ូម៉ាត្រា ប្រទេស​ឥណ្ឌូនេស៊ី។ ក្រោយ​រញ្ជួយដីនេះ គេ​បាន​ប្រកាស​សញ្ញាអាសន្ន​រលកយក្ស (Tsunami)។ ប្រជាជន​ឥណ្ឌូនេស៊ី នៅមិនទាន់​បាត់​ខ្លាច​នៅឡើយទេ ក្រោយ​ពី​មាន​គ្រោះរលកយក្ស​ដ៏សម្បើម​ កាល​ពី​ឆ្នាំ​២០០៤។

ផ្សាយពាណិជ្ជកម្ម

 

គ្រោះរញ្ជួយដី បាន​កើត​​ឡើង នៅ​ថ្ងៃ​អាទិត្យ ម៉ោង ១រសៀល ម៉ោង ក្នុង​​ប្រទេស​ឥណ្ឌូនេស៊ី (ត្រូវនឹង​ម៉ោង ១១​ព្រឹក ម៉ោង​នៅ​ប្រទេសកម្ពុជា)។ រញ្ជួយដីនេះ កើត​ឡើង​​បាតសមុទ្រ ជម្រៅ​ប្រមាណ​ជា ៦១​គីឡូម៉ែត្រ ហើយ​នៅមិនឆ្ងាយ​ប៉ុន្មាន​ ពី​កន្លែង​រញ្ជួយដី​ចាស់ កាល​ពីឆ្នាំ​២០០៤។ កាល​ណោះ គ្រោះរញ្ជួយដី កម្រិត ៩,២ បាន​បង្ក​ជា​រលក​យក្ស សម្លាប់​មនុស្ស​ប្រមាណ​ជា ២២ម៉ឺននាក់។

មន្រ្តីជំនាញ​អាមេរិក​បាន​ឲ្យ​ដឹង​ថា រញ្ជួយដី​នៅថ្ងៃ​អាទិត្យ​នេះ​នឹង​មិន​បណ្តាល​ឲ្យ​មាន​រលកយក្ស​ខ្លាំងក្លា ដូចពេលមុននោះទេ។ ក៏ប៉ុន្តែ រលក​យក្ស​អាចកើតមានឡើង នៅ​ជិតៗ​កន្លែង​រញ្ជួយដីនោះ។ ហេតុដូច្នេះ​ហើយ​ទើប​គេ​បាន​ប្រកាស​អាសន្ន​រលកយក្ស ជាពិសេស សម្រាប់​បណ្តាជន​ នៅលើ​កោះ​ស៊ូម៉ាត្រា។

រហូតមក​ទល់ពេលនេះ គេ​នៅមិនទាន់ដឹង​អំពី​ការ​ខូចខាត ដែល​បង្ក​ដោយ​គ្រោះរញ្ជួយដី​នេះ​ នៅឡើយទេ។ ក៏ប៉ុន្តែ ប្រជាជន​ឥណ្ឌូនេស៊ី ដែល​នៅ​ជិត​កន្លែង​​រញ្ជួយដី​បាន​នាំ​គ្នា​ប្រញាប់​ប្រញាល់​រក​កន្លែង​ជ្រក ជាពិសេស នៅលើ​ទីទួលខ្ពស់ៗ។

ប្រទេស​ឥណ្ឌូនេស៊ី គឺ​ជា​កន្លែង ដែល​សម្បូរ​ទៅដោយ​គ្រោះ​រញ្ជួយដី​​បំផុត។ គ្រោះរញ្ជួយដី ប្រមាណ​ជា ១​ ភាគ ៣ នៃ​គ្រោះរញ្ជួយដី​សរុប​នៅលើ​ពិភពលោក កើត​ឡើង​នៅ​ឥណ្ឌូនេស៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI