សាលារាជធានីភ្នំពេញអនុញ្ញាតឱ្យធ្វើមហាបាតុកម្ម ប៉ុន្តែកំណត់ចំនួនមនុស្ស
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
បន្ទាប់ពីកិច្ចប្រជុំរវាងសាលារាជធានីភ្នំពេញ និងតំណាងគណបក្សសង្គ្រោះជាតិនៅព្រឹកថ្ងៃសុក្រនេះ ជាគោលការណ៍ សាលារាជធានីភ្នំពេញ បានអនុញ្ញាតឱ្យគណបក្សសង្គ្រោះជាតិធ្វើមហាបាតុកម្មរយៈពេលបីថ្ងៃរបស់ខ្លួននៅថ្ងៃទី២៣ដល់ថ្ងៃទី២៥តុលានេះហើយ។ ប៉ុន្តែអាជ្ញាធរអនុញ្ញាតឱ្យមានបាតុករតែ១ម៉ឺននាក់ប៉ុណ្ណោះ ខណៈដែលគណបក្សសង្គ្រោះជាតិ បញ្ជាក់ថាមានមនុស្សចូលរួមពី២ដល់៥ម៉ឺននាក់។ យ៉ាងណាក៏ដោយក្រសួងមហាផ្ទៃគឺជាអ្នកសម្រេច។
សាលារាជធានីភ្នំពេញអនុញ្ញាតិឱ្យលោក សមរង្ស៊ី និងលោកកឹម សុខាដឹកនាំធ្វើមហាបាតុកម្មរយៈពេលបីថ្ងៃនៅទីលានប្រជាធិបតេយ្យហើយ។ ប៉ុន្តែកំណត់ចំនួនមនុស្សត្រឹមតែ១ម៉ឺននាក់ប៉ុណ្ណោះ។ នេះបើតាមលទ្ធផលនៃកិច្ចប្រជុំរវាងតំណាងគណបក្សសង្គ្រោះជាតិ និងសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១៨តុលានេះ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោកហូរ វ៉ាន់ ដែលបានចូលរួមប្រជុំជាមួយសាលារាជធានីភ្នំពេញបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិRFIថា សាលារាជធានីភ្នំពេញបានអនុញ្ញាតឱ្យគណបក្សសង្គ្រោះជាតិ ធ្វើបាតុកម្មរយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥តុលាមែន។ ប៉ុន្តែសាលារាជធានីនៅតែប្រកាន់គោលការណ៍កំណត់ចំនួនអ្នកចូលរួមធ្វើមហាបាតុកម្មដដែល។ ពោលគឺបាតុករមិនត្រូវលើសពី១ម៉ឺននាក់នោះឡើយ ខណៈដែលគណបក្សសង្គ្រោះជាតិបានគ្រោងមានអ្នកចូលរួមរួចរាល់ហើយចន្លោះពី២ទៅ៥ម៉ឺននាក់។ ហើយលោកថា ក្បួនដង្ហែរបស់គណបក្សដើម្បីដាក់ញត្តិទៅកាន់បណ្តាស្ថានទូតក្នុងទីក្រុងភ្នំពេញនោះទៀតសោត ក៏ត្រូវបានអនុញ្ញាតដែរ ប៉ុន្តែចំនួនអ្នកដង្ហែក្បូនត្រូវតែមានចំនួនតិចតួច ដែលខុសឆ្ងាយពីបំណងរបស់គណបក្សសង្គ្រោះជាតិដែលគ្រោងមនុស្ស២ម៉ឺននាក់ដើរដង្ហែក្បួន។
លោក ហូរ វ៉ាន់ អ្នកទទូលបន្ទុកសន្តិសុខរបស់គណបក្សសង្គ្រោះជាតិ បានបន្ថែមថា ក្នុងកិច្ចប្រជុំរយៈពេល២ម៉ោងកន្លះ នៅព្រឹកមិញនេះ គណបក្សសង្គ្រោះជាតិក៏បានស្នើសុំដល់សមត្ថកិច្ច មិនឱ្យមានជនណាម្នាក់ យកអាវុធចូលក្នុងក្បួនបាតុកម្មឡើយ បើទោះបីជាអ្នកនោះជាសមត្ថកិច្ចក៏ដោយ។
សម្រាប់ភាគីសាលារាជធានីភ្នំពេញវិញ លោកឡុង ឌីម៉ង់ ដែលជាអ្នកនាំពាក្យបានលើកហេតុផលថានៃការដាក់លក្ខខណ្ឌថា ទីលានប្រជាធិបតេយ្យអាចដាក់ត្រឹមតែ១ម៉ឺននាក់តែប៉ុណ្ណោះ។ ហើយការដង្ហែក្បួនដែលគណបក្សសង្គ្រោះជាតិស្នើសុំ២ម៉ឺននាក់នោះ គឺមិនអាចអនុញ្ញាតបានឡើយ ព្រោះបញ្ហាសណ្តាប់ធ្នាប់ចរាចរណ៍ ដែលនឹងត្រូវបិទផ្លូវសម្រាប់សម្រួលការធ្វើមហាបាតុកម្ម ខណៈដែលភ្នំពេញកំពុងតែមានបញ្ហាចរាចរណ៍ស្រាប់នោះ។
គួររំលឹកថា ក្នុងលិខិតផ្ញើរជូនសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី១៦តុលានោះ គណបក្សសង្គ្រោះជាតិ ដែលដឹកនាំលោក សម រង្ស៊ី និងលោក កឹម សុខា នឹងចាប់ផ្តើមធ្វើបាតុកម្មពីថ្ងៃទី២៣ដល់ថ្ងៃទី២៥តុលា គឺដើម្បីស្វែងរកយុត្តិធម៌ជូនម្ចាស់ឆ្នោត និងទាមទារឱ្យរដ្ឋាភិបាលកម្ពុជាគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ និងគោលការណ៏ប្រជាធិបតេយ្យសេរីពហុបក្សដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។ នៅក្នុងថ្ងៃមហាបាតុកម្មនោះដែរ ញត្តិទាមទាររបស់គណបក្សសង្គ្រោះជាតិ នឹងត្រូវដង្ហែទៅកាន់អង្គការសហប្រជាជាតិ ស្ថានទូតបារាំង អាមេរិក អង់គ្លេស អូស្ត្រាលី ចិន ជប៉ុន និងឥណ្ឌូនេស៊ី។
គណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយលោក ហូរ វ៉ាន់ និងលោកតំណាងរាស្ត្រឡុង រី នៅតែទទួចសុំធ្វើតាមការគ្រោងទុករបស់ខ្លួនដដែល។ យ៉ាងណាក៏ដោយ ចំពោះចំណុចមិនទាន់ឯកភាពគ្នាលើចំនួនអ្នកចូលរួម និងការដង្ហែក្បួននោះ អាជ្ញាធរសាលារាជធានី ភ្នំពេញនឹងសុំគោលការណ៍សម្រេចពីក្រសួងមហាផ្ទៃ។នេះបើតាមលោកឡុង ឌីម៉ង់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ