តំាងពីឆ្នំា ១៩៤៩ មក រដ្ឋាភិបាលចិនប៉េកំាង និងចិនតៃប៉ិកត្រៀមជួបគ្នាជាផ្លូវការលើកទី១
ចាប់ពីថ្ងៃអង្គារ ទី១១ រហូតដល់ថ្ងៃសុក្រ ទី១៤ កុម្ភៈសប្តាហ៍នេះ មានថ្នាក់ដឹកនំាជាន់ខ្ពស់ចិនតៃវ៉ាន់មួយរូប គឺលោកវ៉ង អុយឈី ប្រធានក្រុមប្រឹក្សាកិច្ចការនយោបាយចិននៅតៃវ៉ាន់នឹងធ្វើដំណើរទៅកាន់ប្រទេសចិនដីគោកដើម្បីជួបសន្ទនាជាមួយថ្នាក់ដឹកនំាជាន់ខ្ពស់ចិនប៉េកំាងមួយរូប គឺលោកចង ឈឺឈ្វីក ប្រធានការិយាល័យទទួលបន្ទុកកិច្ចការតៃវ៉ាន់។ គម្រោងកិច្ចសន្ទនារវាងថ្នាក់ដឹកនំាជាន់ខ្ពស់ចិនទំាងពីរត្រូវបានគេចាត់ទុកជាកិច្ចសន្ទនាផ្លូវការ និងប្រវត្តិសាស្ត្រលើកទីមួយតំាងពីក្រោយការបិទបញ្ចប់សង្រ្គាមក្នុងឆ្នំា ១៩៤៩។
ចុះផ្សាយនៅថ្ងៃ៖
គម្រោងជំនួបសន្ទនាដោយផ្ទាល់ និងជាផ្លូវការលើកទីមួយរវាងតំណាងរដ្ឋាភិបាលទីក្រុងប៉េកំាង និងទីក្រុងតៃប៉ិក គឺជាលទ្ធផលបានមកពីការខិតខំប្រឹងប្រែងរវាងបងប្អូនបង្កើតគូសត្រូវទំាងពីរអស់រយៈពេលជាច្រើនឆ្នំាកន្លងមកហើយ។ កម្មវត្ថុនៃកិច្ចសន្ទនា គឺដើម្បីព្យាបាលស្នាមរបួសក្នុងសម័យសង្រ្គាមដែលបានពុះចែកចិនជាពីរបំណែកក្នុងឆ្នំា ១៩៤៩ នៅម្ខាង គឺសាធារណរដ្ឋចិន ដែលសព្វថ្ងៃគេនំាគ្នាហៅថាតៃវ៉ាន់ និងនៅម្ខាងទៀត គឺសាធារណរដ្ឋប្រជាមានិតចិន ដែលសព្វថ្ងៃគេនំាគ្នាហៅថា ចិនដីគោក ឬ ចិនប៉េកំាង។
ទោះបីជាតៃវ៉ាន់មានរចនាសម្ព័ន្ធដឹកនំាប្រទេសដាច់ដោយឡែករបស់ខ្លួនមិនចំណុះឲ្យចិនដីគោកតំាងពី ៦៥ឆ្នំាមកហើយក៏ដោយ ក៏ចិនប៉េកំាងនៅតែបន្តចាត់ទុកដែនដីតៃវ៉ាន់ថា ជាខេត្តឧទ្ទាមមួយរបស់ខ្លួន និងដែលខ្លួនមិនញញើតនឹងប្រើកម្លំាងទ័ពវាយលុកទេ ប្រសិនបើចំាបាច់ និងប្រសិនបើតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យដោយខ្លួនឯងនោះ។ ជាទូទៅ ទំនាក់ទំនងរវាងតៃប៉ិក និងប៉េកំាងមិនសូវជារលូនប៉ុន្មានទេ គឺទើបតែនៅក្រោយការជាប់ឆ្នោតប្រធានាធិបតីតៃវ៉ាន់របស់លោក ម៉ា យីងជីវក្នុងឆ្នំា ២០០៨ និងជាប់មួយអណត្តិទៀតក្នុងឆ្នំា ២០១២ ទេ ដែលទំនាក់ទំនងរវាងបងប្អូនបង្កើតគូសត្រូវទំាងពីរហាក់ដូចជាបានធូរស្រាលច្រើន។ នេះក៏ដោយសារថា លោកម៉ា យីងជីវ ជាឥស្សរជននយោបាយម្នាក់ដែលមានទំនោរទៅចិនច្រើនជាងប្រធានាធិបតីតៃវ៉ាន់មុនៗដែលជាអ្នកជាតិនិយមជ្រុល។
តាមពិតទៅ តៃប៉ិក និងប៉េកំាងក៏ធ្លាប់មានទំនាក់ទំនងបើកកិច្ចសហប្រតិបត្តិការរវាងគ្នាដែរ តែមិនបានធ្វើឡើងដោយផ្ទាល់នោះទេ ពោលបានធ្វើឡើងតាមរយៈស្ថាប័ន ឬមួយក៏អង្គការផ្សេងៗ។ ជាក់ស្តែងក្នុងឆ្នំា ២០១០ ភាគីទំាងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបើកឲ្យមានជើងយន្តហោះហោះហើរដោយផ្ទាល់រវាងទីក្រុងប៉េកំាង និងទីក្រុងតៃប៉ិក។ អ្វីដែលគេសង្ឃឹមទុកជាមុននៅក្នុងគម្រោងជំនួបលើកទីមួយជាផ្លូវការ និងដោយផ្ទាល់រវាងតំណាងរដ្ឋាភិបាលទំាងពីរនាពេលនេះ គឺការត្រួសត្រាយផ្លូវឲ្យមានជំនួបផ្លូវការរវាងលោកប្រធានាធិបតីចិន ស៊ី ជីនពីង និងលោកប្រធានាធិបតីតៃវ៉ាន់ ម៉ា យីងជីវ។ តែយ៉ាងណាក៏ដោយ នៅមានផ្លូវវែងឆ្ងាយ និងស្មុគស្មាញច្រើនដើម្បីអាចឲ្យចិនទំាងពីរភ្ជាប់ទំនាក់ទំនងប្រក្រតីរវាងគ្នា ឬមួយក៏ច្របាច់បញ្ចូលគ្នាតែមួយនោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ