សហរដ្ឋ​អាមេរិក​

ការ​​តស៊ូ​មតិ​ជា​​​សាធារណៈ​​​​រវាង​​លោកស្រី​​គ្លីនតុន​​និង​​លោក​ត្រាំ​​ ​ប្រព្រឹត្ត​ទៅ​​​យ៉ាង​ផុសផុល​

លោកត្រាំ និង​លោកស្រី​គ្លីនតុន ក្នុង​ការ​តស៊ូ​មតិជាសាធារណៈ​​ នៅ​ញូវយក ថ្ងៃចន្ទ​២៦កញ្ញា ២០១៦។
លោកត្រាំ និង​លោកស្រី​គ្លីនតុន ក្នុង​ការ​តស៊ូ​មតិជាសាធារណៈ​​ នៅ​ញូវយក ថ្ងៃចន្ទ​២៦កញ្ញា ២០១៦។ REUTERS/Carlos Barria

ការជជែក​ សាធារណៈ​លើកទី១ តស៊ូ​មតិ​ រវាង​បេក្ខជន​ប្រធានាធិបតី​អាមេរិក លោកស្រី ហ៊ីលឡារី ​​​គ្លីនតុន​ និង​លោក​ដូណាល់ ត្រាំ ​នៅល្ងាច​​​ថ្ងៃច័ន្ទ​ម្សិលមិញ ​បានប្រព្រឹត្ត​ទៅ​យ៉ាង​ផុសផុល ក្នុង​រយៈពេល​មួយម៉ោងកន្លះ។ ​ជា​ការកត់​សម្គាល់​ លោកស្រី​គ្លីនតុន បាន​ប្រើ​យុទ្ធសាស្ត្រ​​វាយលុក រីឯ​លោក​ត្រាំ​វិញ​បានត្រឹម​តែ​ការពារ។ បេក្ខជន​ទាំង២​បាន​ចៀសវាង​​ពាក្យពចេន៍​អសុរស ក្នុង​ការជជែកដេញដោល​ម្សិលមិញ។

ផ្សាយពាណិជ្ជកម្ម

ក្នុង​ការ​ដេញដោល​មតិ​ជាសាធារណៈ​ លើកទី១ លោកស្រី​គ្លីនតុន ជា​បេក្ខនារី​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី មកពី​បក្ស​កាន់អំណាច បាន​វាយលុក​ឥតសំចៃ​មាត់​ទៅលើ​លោក​ដូណាល់ ត្រាំ មក​ពី​បក្ស​សាធារណរដ្ឋ ធ្វើអោ​យលោក​ត្រាំ បានត្រឹម​តែ​ការពារខ្លួន។

លោកស្រី​គ្លីនតុន បាន​​​ប្រើពាក្យពេចន៍​វាយប្រហារ​​​​​​កិច្ចការ​រកស៊ី​​​​របស់​​ក្រុមហ៊ុន​​​តូចៗ​ដែល​ជា​កម្មសិទ្ធិ​​​​របស់​លោក​ត្រាំ។ ពេល​លោក​ដូណាល់ ត្រាំ ​​បដិសេធ​មិន​ប្រកាស​ពី​ការបង់ពន្ធ​របស់​លោក ជាសាធារណៈ​ លោកស្រី​គ្លីនតុន ចោទ​សួរឡើងថា តើ​លោក​មានអ្វី​លាក់បាំង​ចំពោះ​ពលរដ្ឋអាមេរិក?

លោកត្រាំបានវាយ​​បកទៅ​លោកស្រី​គ្លីនតុន​វិញ ចំពោះ​កិច្ចព្រមព្រៀង​​ពាណិជ្ជកម្ម ដែល​លោកស្រី​​គ្លីនតុន​គាំទ្រ តែ​​​ប្រជាជន​អាមេរិកវិញ​​មិនពេញចិត្ត។

“លោកស្រី​​គ្លីនតុន​ធ្វើការ​​៣០ឆ្នាំមកហើយ ហេតុអ្វីក៏​គាត់​មិនធ្វើអោយ​កិច្ចព្រមព្រៀង​នេះ​បាន​​ប្រសើរ​ឡើង? គាត់​​គួរតែធ្វើតាំង​ពីរាប់​ឆ្នាំ​មកហើយ​ មិនមែន​ទើបនឹង​មកចង់​ធ្វើ​ ​​នៅ​ពេល​​​​យើង​បង្កើត​អោយ​មាន​ចលនាប្រឆាំង​​​ឡើងបែបហ្នឹង​ទេ”។

លោកត្រាំ​ក៏ឆ្លៀត​លើកឡើង​ថា មិនសូវទុកចិត្ត​លោកស្រី​គ្លិនតុន​ ចំពោះ​យុទ្ធនាការ​ប្រឆាំង​ក្រុមជីហាត​រដ្ឋអ៊ីស្លាម​ដែរ។

គួរកត់សម្គាល់ម្សិលមិញ​​ដែរ ​​​​លោកស្រី​គ្លីនតុន​​​​​បានវាយប្រហារ​​ចំពោះ​ការ​​​ប្រកាន៉ពូជសាសន៍​របស់​លោកត្រាំ។ លោកស្រី​លើកឡើងថា ៖ “ដូណាល់​បាន​ចាប់ផ្តើម​ការងារ ដោយ​ជាប់ពាក់ព័ន្ធ​ក្តីក្តាំ​​​ ទាក់ទង​នឹង​ការរើសអើង​ពូជសាសន៍។ ដូច្នេះ គាត់​ពិតជា​ធ្លាប់មាន​​ប្រវត្តិ​យូរ​ហើយ​ថា មាន​ចរឹត​ប្រកាន់ពូជសាសន៍”។ ​​

គួររំលឹក​ថា នៅពាក់កណ្តាល​ខែកញ្ញានេះ លោក​ត្រាំ បានសម្រេចចិត្ត​ទទួលស្គាល់ថា លោក​អូបាម៉ា ពិតជា​បានកើត​ក្នុងទឹកដីសហរដ្ឋអាមេរិក​មែន។​ ម្សិលមិញ ក្នុង​ការ​និយាយ​ទៅ​លោក​ត្រាំ ​លោកស្រី​គ្លីនតុន បាន​ប្រើត្រឹម​ពាក្យ​ថា ដូណាល់ ដោយ​ចៀសការ​ប្រើត្រកូល​។ លោកស្រី​ដូចជា​ចង់​​បញ្ជាក់ថា ធ្លាប៉ធ្វើ​ជាមិត្ត​ នឹង​លោកត្រាំ កាលពី​មុនមក។

​គេមើលឃើញថា ​លោកស្រីគ្លីនតុន​មានប្រៀប​ជាងលោក​ត្រាំ ក្នុង​ការ​ជជែក​តស៊ូ​មតិ ​​ល្ងាច​មិញនេះ​។ យោងតាម​ការស្ទាបស្ទង់​មតិ ក្នុងចំណោម​មនុស្ស​ដែល​​​តាមដាន​មើល​ការ​ដេញដោល​​រវាង​បេក្ខជន​ប្រធានាធិបតី​ទាំង២​ មាន​មនុស្ស​៦២ភាគរយ គិតថា លោកស្រី​គ្លីនតុន​ជាអ្នកឈ្នះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI