ចិន-គុយបា

ទស្សនកិច្ច​​នាយករដ្ឋមន្ត្រី​​ចិន​ នៅ​​គុយបា​ ជំរុញ​​ទំនាក់ទំនង​​​ទ្វេភាគី​​​អោយកាន់​​តែប្រសើរ​

នាយករដ្ឋមន្ត្រី​ចិន និង​ប្រធានាធិបតី​គុយបា រ៉ាអ៊ូល កាស្ត្រូ គុយបា ថ្ងៃ២៤កញ្ញា ២០១៦។
នាយករដ្ឋមន្ត្រី​ចិន និង​ប្រធានាធិបតី​គុយបា រ៉ាអ៊ូល កាស្ត្រូ គុយបា ថ្ងៃ២៤កញ្ញា ២០១៦។ Reuters

ក្នុង​ដំណើរទស្សនកិច្ច៤៨ម៉ោង ​នៅគុយបា ថ្ងៃសៅរ៍នេះ​ នាយករដ្ឋមន្ត្រីចិន លី ខឺឈាំង បាន​ជួប​​​ប្រធានាធិបតី​គុយបា ​លោក​រ៉ាអ៊ូល កាស្ត្រូ នៅ​ទីក្រុង​ឡាហាវ៉ាន។ ​​កិច្ចព្រមព្រៀង​ជាង៣០​ត្រូវបាន​​ចុះហត្ថលេខា ​រវាង​​ចិន​និង​គុយបា ដើម្បី​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​អោយកាន់​តែប្រសើរ​ថែមទៀត។​ 

ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​គុយបា រ៉ាអ៊ូល កាស្ត្រូ បាន​ទទួលជួប​លោក​លី ខឺឈាំង នៅ​វិមាន​បដិវត្តន៍​គុយបា នៅ​ទីក្រុង​ឡាហាវាន។ យោងតា​មទូរទស្សន៍​គុយបា ចិន​និង​គុយបា​បានចុះ​ហត្ថលេខា​ លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​​ជាង៣០ ទាក់ទង​កសិកម្ម ឧស្សាហកម្ម ​តម្លៃ​ពន្ធដារ ​បច្ចេកវិទ្យា ព័ត៌មានវិទ្យា ​បរិស្ថាន ​ថាមពល និង​សុខភាព។

នេះជាលើកទី១​ហើយ ​នាយករដ្ឋមន្ត្រី​ចិន​ឈានជើង​​ចូល​គុយបា តាំងពី​ចិននិង​គុយបា​មាន​​​ទំនាក់ទំនាក់​ការទូតនឹងគ្នា​​ ៥៦ឆ្នាំមកនេះ។ ប្រធានាធិបតី​ស៊ី ជីនពីង​ធ្លាប់​មក​គុយបា​រួច​មកហើយ កាលពី​ឆ្នាំ២០១៤។

យោងតាម​នាយករដ្ឋមន្ត្រី​ចិន ចិនត្រៀម​ ​សហប្រតិបត្តិការ​ជាមួយ​គុយបា លើ​ផ្នែក ​ថាមពល​មិន​ចេះរីងស្ងួត ​ហេដ្ឋារចនា​សម្ព័ន្ធ រឺ​ក៏​ម៉ាស៊ីន​សម្រាប់​ផ្នែកកសិកម្ម​ជាដើម។ ចិន​ផ្តល់​ឥណទាន​អោយ​គុយបា​ច្រើនជាងគេ។ ចិន​ជា​​​ដៃគូ​ពាណិជ្ជកម្ម​លំដាប់ទី២​របស់គុយបា បន្ទាប់​ពី​វេណេស៊ុយអេឡា។ ​​ការផ្តោះប្តូរ​រវាង​ប្រទេសទាំង២ គិតក្នុង​៩ខែ​ដំបូង​​ក្នុង​ឆ្នាំ២០១៥ មានជា​ទឹកប្រាក់​​១៦០០លានដុល្លារ គឺ​កើន៥៧ភាគរយ​ ប្រៀប​នឹង​រយៈពេល​ដូចគ្នា នៅឆ្នាំ២០១៤។

នាយក​រដ្ឋមន្ត្រី​ចិន​​​បាន​ពោលពាក្យ​សរសើរ​គុយបា ដែល​បានចូលរួម​​អោយមាន​ស្ថិរភាព​តំបន់។ គួររំលឹក​ថា ​គុយបា​បាន​ខិតទៅ​រកអាមេរិក​វិញ នាចុង​ឆ្នាំ២០១៤ ហើយ​​នៅ​ខែកក្កដា​ឆ្នាំ​២០១៥ គុយបា​និង​អាមេរិក​​​បាន​ភ្ជាប់ទំនាក់ទំនង​ការទូត​​ផ្លូវការ​​​នឹងគ្នា​​ឡើងវិញ។ ​

ដោយឡែក មុនមាន​ទស្សនកិច្ច​នាយករដ្ឋមន្ត្រី​ចិន ​នាយក​រដ្ឋមន្ត្រី​ជប៉ុន ស្ហ៊ីនហ្សូ អាបេ ក៏ទើប​តែ​បាន​ទស្សនកិច្ច​គុយបា ដែរ​ កាលពី​ថ្ងៃព្រហស្បតិ៍​កន្លងទៅ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI