តៃវ៉ាន់-ចិន

តៃវ៉ាន់៖នាយករដ្ឋមន្រ្តីបដិសេធ​មិន​បោះបង់ចោល​កិច្ចព្រមព្រៀង​ដោះដូរសេរី​ជាមួយ​ចិន

លោក​នាយករដ្ឋមន្រ្តី​តៃវ៉ាន់ជំាង យីហ័រ (Jiang Yi-huah)
លោក​នាយករដ្ឋមន្រ្តី​តៃវ៉ាន់ជំាង យីហ័រ (Jiang Yi-huah) AFP

នៅ​ថ្ងៃ​សៅរិ៍ ទី២២ មីនា លោក​នាយករដ្ឋមន្រ្តី​តៃវ៉ាន់​ជំាង យីហ័រ (Jiang Yi-huah) បាន​បញ្ជាក់​ថា រដ្ឋាភិបាល​របស់​លោក​នឹង​មិន​បោះបង់​ចោល​កិច្ចព្រមព្រៀង​ដោះដូរ​ដោយ​សេរី​ជាមួយ​ប្រទេស​ចិន​ទេ។ នេះ​ជា​ចម្លើយ​ដែល​លោក​យីហ័រ​តប​ទៅ​នឹង​ការ​ចង់​បាន​របស់​ក្រុមបាតុករ​និស្សិត​តៃវ៉ាន់​ដែល​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដក​ចេញ​វិញ​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន​ដែល​ពួក​គេ​យល់​ថា នឹង​ធ្វើ​ឲ្យ​តៃវ៉ាន់​បាត់​ប្រយោជន៍​យ៉ាង​ច្រើន​ប្រឈម​នឹង​ចិន​កុម្មុយនិស្ត។

ផ្សាយពាណិជ្ជកម្ម

« រដ្ឋាភិបាល​បាន​បញ្ជូន​ឲ្យ​សភា​ពិនិត្យ និង​ឲ្យ​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ដោះដូរ​ដោយ​សេរី​ផ្នែក​សេវា​ចិន តៃវ៉ាន់។ ការ​ធ្វើ​យ៉ាង​នេះ​មក​ពី​រដ្ឋាភិបាល​យល់​ថា នឹង​អាច​ជួយ​បើក​ចំហ​បន្ថែម​នូវ​សេដ្ឋកិច្ច​តៃវ៉ាន់​ទៅ​កាន់​ពិភពលោក​រូបនីយកម្ម ហើយ​រដ្ឋាភិបាល​ក៏​គ្មាន​បំណង​ណា​មួយ​នឹង​បោះបង់​វា​ចោល​ទេ » នេះ​ជា​ការ​ថ្លែង​របស់​លោក​នាយករដ្ឋមន្រ្តី​តៃវ៉ាន់​ជំាង យីហ័រ (Jiang Yi-huah) នៅ​ចំពោះ​មុខ​ហ្វូង​បាតុករ​ដែល​កំពុង​ប្រមូល​ផ្តុំ​គ្នា​យ៉ាង​ច្រើន​កកកុញ​នៅ​ពី​មុខ​រដ្ឋសភា​ជាមួយ​នឹង​សម្រែក​ថា ចុះ​ចេញ​ពី​តំណែង​ទៅ។ តែ​ទន្ទឹម​គ្នា​នេះ លោក​ប្រមុខ​រដ្ឋាភិបាល​តៃវ៉ាន់​បាន​គូសបញ្ជាក់​ថា លោក​ក៏​មិន​យល់​ទាស់​នឹង​ការងារ​របស់​សភា​ក្នុង​ការ​ពិនិត្យ​លើ​កិច្ចព្រមព្រៀង​នោះ​ឲ្យ​បាន​ស៊ីជម្រៅ ដោយ​ធ្វើ​ការ​សិក្សា​លើ​មាត្រា​នីមួយៗ​ឲ្យ​បាន​ម៉ត់ចត់ មុន​នឹង​ឲ្យ​សច្ចាប័ន។

គួរ​ជម្រាប​ជូន​ថា មាន​បាតុករ​តៃវ៉ាន់​ជាង ២០០នាក់​ដែល​ភាគច្រើន​ជា​និស្សិត​បាន​នំា​គ្នា​ចូល​កាន់កាប់​សភា​តំាង​ពី​យប់​ថ្ងៃ​អង្គារ​កន្លង​ទៅ​ដើម្បី​ប្រឆំាង​រារំាង​កុំ​ឲ្យ​សភា​អនុម័ត​លើ​កិច្ចព្រមព្រៀង​ដោះដូរ​សេរី​ជាមួយ​ចិន​កុម្មុយនិស្ត។ អ្វី​ដែល​ក្រុម​បាតុករ​ចង់​បាន គឺ​សុំ​ឲ្យ​មាន​ការ​ព្យួរ​មួយ​រយៈ​សិន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ផ្នែក​សេវា ព្រម​ទំាង​គ្រប់​កិច្ចព្រមព្រៀង​ផ្សេង​ទៀត និង​កិច្ចចរចា​ទំាង​ឡាយ​ណា​ដែល​មាន និង​កំពុង​បន្ត​ជជែក​ជាមួយ​ទីក្រុង​ប៉េកំាង។ សូម​ជម្រាប​ជូន​ថា ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ទីមួយ​របស់​តៃវ៉ាន់ និង​ដែល​សន្ធិសញ្ញា​ពាណិជ្ជកម្ម​រវាង​ប៉េកំាង និង​តៃប៉ិក​ត្រូវ​បាន​ចុះ​ហត្ថលេខា​តំាង​ពី​ឆ្នំា ២០១០ មក​ម្ល៉េះ តែ​សភា​តៃវ់ាន់​នៅ​​ទាន់​បាន​ឲ្យ​សច្ចាប័ន​នៅ​ឡើយ​ទេ។

សន្ធិសញ្ញា​ពាណិជ្ជកម្ម​នោះ​គ្រោង​នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​តៃវ៉ាន់​បើក​សេវាបម្រើ​របស់​ខ្លួន​ចំនួន ៨០សេវា​នៅ​ក្នុង​ប្រទេស​ចិន និង ៦៤សេវា​ផ្សេង​ទៀត​សម្រាប់​ឲ្យ​ក្រុមហ៊ុន​ចិន។ ក្រុមប្រឆំាង​បន្ត​ជំទាស់​ដោយ​យល់​ឃើញ​ថា កិច្ចព្រមព្រៀង​នោះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លំាង​ដល់​សេដ្ឋកិច្ច​តៃវ៉ាន់ និង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​តៃវ៉ាន់​ទទួល​គំនាប​នយោបាយ​ខ្លំាង​ពី​រដ្ឋាភិបាល​ចិន។ តែ​លោក​ប្រធានាធិបតី​តៃវ៉ាន់​ម៉ា យីងជៀវ​ដែល​មាន​ទំនោរ​ខាង​ចិន​បាន​ព្រមាន​ថា ក្នុង​ករណី​ដែល​គ្មាន​ការ​ឲ្យ​សច្ចាប័ន​ពី​សភា​តៃវ៉ាន់​លើ​កិច្ចព្រមព្រៀង​នោះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​លោក​ក្នុង​ការ​ទទួល​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មីៗ​ទៀត​ជា​មួយ​ប្រទេស​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI