ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នាយក​រដ្ឋមន្រ្តី​វៀតណាម​បាន​រួចផុត​ពី​ការបោះឆ្នោត​ដកសេចក្តីទុកចិត្ត​របស់​រដ្ឋសភា

សំឡេង ០៦:៤៤
ទិដ្ឋភាព​នៅ​ក្នុង​រដ្ឋសភា​វៀតណាម
ទិដ្ឋភាព​នៅ​ក្នុង​រដ្ឋសភា​វៀតណាម

នៅ​ប្រទេស​វៀតណាម ទីបំផុត ថ្នាក់ដឹកនំាជាន់ខ្ពស់​ទំាង​អស់ ក្នុង​នោះ​មាន​រូប​នាយករដ្ឋមន្រ្តី និង​រូប​ប្រធានាធិបតី​ផង បាន​រួចផុត​ពី​ការ​បោះឆ្នោត​ដក​សេចក្តីទុកចិត្ត​របស់​រដ្ឋសភា​កាល​ពី​ថ្ងៃ​ចន្ទ ទី១០ មិថុនា។ ការ​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​ផ្តល់សេចក្តីទុកចិត្ត​ដល់​ថ្នាក់ដឹកនំាជាន់​ខ្ពស់​ក្នុង​ប្រទេស​វៀតណាម​ពេល​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​មួយ​មិន​ធ្លាប់​មាន ឬ​ដ៏​កម្រ​មាន​នៅ​ក្នុង​ប្រទេស​មួយ​ដែល​ដឹកនំា​ដោយ​គណបក្ស​តែ​មួយ។ តែ​សម្រាប់​ក្រុមអ្នកតានដាន​នយោបាយ​វៀតណាម​វិញ គេ​មិន​មាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​ព្រឹត្តិការណ៍​នេះ​ទេ ព្រោះ​វា​គ្រាន់​តែ​ជា​ឆាកល្ខោន​មួយ​ដើម្បី​ពង្រឹង​បន្ថែម​នូវ​អំណាច​របស់​របបកុម្មុយនិស្ត​តែ​ប៉ុណ្ណោះ។

ផ្សាយពាណិជ្ជកម្ម

មាន​អាយុ ៦៣ឆ្នំា លោក ង្វៀន តាន់ហ្ស៊ុង បាន​ឡើង​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​វៀតណាម កាល​ពី​ឆ្នាំ​២០០៦។ ក្រោយ​មក​ក្នុង​ឆ្នំា ២០១១ លោក​ក៏​ត្រូវ​បាន​រដ្ឋសភា​បោះឆ្នោត​តែងតាំង​​ឲ្យ​បន្ត​ធ្វើ​​ជា​នាយករដ្ឋមន្រ្តី​​មួយ​អាណត្តិ​ថ្មី​ទៀត ដែល​មាន​រយៈពេល ៥ឆ្នាំ។ បើ​គេ​ប្រៀបធៀប​នឹង​រូបនាយករដ្ឋមន្រ្តី​វៀតណាម​មុនៗ លោក ង្វៀន តាន់ហ្ស៊ុង គឺ​ជា​ប្រមុខ​រដ្ឋាភិបាល​ម្នាក់​ដែល​មាន​អំណាច​ខ្លំាង​ជាង​គេ។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ លោក​ក៏​ជា​នាយករដ្ឋមន្រ្តី​ម្នាក់​ដែល​បាន​ទទួលរង​នូវ​ការ​រិះគន់​យ៉ាង​ខ្លំាង​ពី​សមាជិក​នៅ​ក្នុង​បក្សកុម្មុយនិស្ត​គ្នា​ឯង​ដែរ ពិសេស​ពី​លោក​អគ្គលេខាធិការ​បក្សកុម្មុយនិស្ត​ង្វៀន ហ្វ៊ូចុង។

ក្នុង​ឱកាស​កិច្ចប្រជុំ​របស់​គណៈកម្មាធិការមជ្ឈិមបក្ស​កាល​ពី​ខែ​តុលា​ឆ្នំា ២០១២ លោក ង្វៀន តាន់ហ្ស៊ុង​បាន​រួច​ផុត​ពី​ការ​ដាក់​វិន័យ។ ក្រោយ​មក នៅ​ពាក់​កណ្តាល​ខែ​វិច្ឆិកា ឆ្នំា ២០១២ ដដែល មាន​សមាជិក​សភា​ខ្លះ​ថែម​ទំាង​បាន​ទាមទារ​ឲ្យ​លោក ង្វៀន តាន់ហ្ស៊ុង ចុះ​ចេញ​ពី​តំណែង​ទៀត​ផង។ ការ​ទាមទារ​ពេល​នោះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​សុខភាព​សេដ្ឋកិច្ច​វៀតណាម​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ជុំទិស៖ អត្រា​កំណើន​សេដ្ឋកិច្ច​មាន​កម្រិត​ទាប អត្រា​អតិផរណា​កើនឡើង​ខ្លាំង ការវិនិយោគ​ពីបរទេស​មាន​ការ​ធ្លាក់ចុះ និង​ប្រព័ន្ធ​ធនាគារ​កំពុង​ធ្លាក់​ចុះទន់ខ្សោយ។ លើសពី​នេះ ក៏​មាន​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​វៀតណាម​ជា​ច្រើន​រូប​កំពុង​ប្រឈមមុខ​នឹង​រឿង​អាស្រូវ​មួយ​ចំនួន​ដែរ ពិសេស​គឺ​រឿង​អំពើពុករលួយ។

លោក​ង្វៀន តាន់ហ្ស៊ុង​ចេញ​មុខ​ទទួល​កំហុស និង​សុំទោស

កាល​ណោះ និង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់ លោក​ង្វៀន តាន់ហ្ស៊ុង​បាន​ចេញមុខ​​ទទួល​កំហុស និង​ធ្វើការ​សុំទោស​ជា​សាធារណៈ។ ប៉ុន្តែ​ការ​សុំទោស​ជា​សាធារណៈ​របស់​លោក​មិន​បាន​ធ្វើ​ឲ្យ​សមាជិក​សភា​ខ្លះ​ស្ងប់ចិត្ត​ទេ ដោយ​ពួក​គេ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​ង្វៀន តាន់ហ្ស៊ុង​បង្កើត​ចេញ​នូវ​វប្បធម៌​ទទួលខុសត្រូវ​តាមរយៈ​ការ​លាលែង​ពី​តំណែង។ គឺ​ផ្តើម​ចេញ​ពី​មូលហេតុ​នេះ​ហើយ ដែល​សមាជិក​សភា​បាន​ព្រមព្រៀង​គ្នា​កាល​ពី​ដំណាច់​ខែ​វិច្ឆិកា ឆ្នំា ២០១២ បង្កើត​ឲ្យ​មាន​ការ​រៀបចំ​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ប្រចំាឆ្នំា និង​ចំាបាច់​សម្រាប់​សមាជិក​រដ្ឋាភិបាល​គ្រប់​រូប ដោយ​រាប់​បញ្ចូល​រូបនាយករដ្ឋមន្រ្តី និង​រូបប្រធានាធិបតី។

ទទួល​បាន​សំឡេង​ទុកចិត្ត​យ៉ាង​តិច ៥០% ទើប​រួច​ខ្លួន

ដើម្បី​ឲ្យ​សមាជិក​រដ្ឋាភិបាល​ណា​ម្នាក់ ដោយ​រាប់​បញ្ចូល​ទំាង​រូប​លោក​នាយករដ្ឋមន្រ្តី និង​ប្រធានាធិបតី​ផង អាច​រួចខ្លួន​ពី​ការ​បោះឆ្នោត​ដក​សេចក្តី​ទុកចិត្ត​របស់​រដ្ឋសភា សមាជិក​ម្នាក់ៗ​ត្រូវ​តែ​ទទួល​បាន​សំឡេង​គំាទ្រ​ផ្តល់​សេចក្តី​ទុកចិត្ត​យ៉ាង​តិច​បំផុត ៥០%។ ផ្ទុយ​ទៅ​វិញ បើ​មាន​សមាជិក​រដ្ឋាភិបាល​ណា​ម្នាក់​ទទួល​បាន​សម្លេង​ទុកចិត្ត នៅ​ក្រោម ៥០% ក្នុង​រយៈពេល ២ឆ្នំា​ជាប់​គ្នា សមាជិក​រូប​នោះ​ត្រូវ​តែ​ចុះ​ចេញ​ពី​តំណែង។ លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ម្សិលមិញ​បាន​បង្ហាញ​ថា សមាជិក​រដ្ឋាភិបាល​ទំាង ៤៧រូប​សុទ្ធ​តែ​ទទួល​បាន​សម្លេង​ទុកចិត្ត​យ៉ាង​តិច ៥០%។ សម្រាប់​រូបលោក​នាយករដ្ឋមន្រ្តី​ង្វៀន តាន់ហ្ស៊ុង គឺ​ទទួល​បាន​សេចក្តីទុកចិត្ត​រហូត​ដល់​ទៅ ៦៨%។

ឆាក​ល្ខោន​រៀបចំ​ដោយ​រដ្ឋាភិបាល

សម្រាប់​រដ្ឋាភិបាល​ក្រុងហាណូយ និង​គណបក្ស​កុម្មុយនិស្ត នេះ​ពិត​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​មួយ​ដែល​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រទេស​វៀតណាម។ តែ​ក្រុមអ្នកវិភាគ និង​សកម្មជនអ្នកប្រឆំាង​រដ្ឋាភិបាល​វៀតណាម​វិញ ពួក​គេ​មិន​បាន​ភ្ញាក់ផ្អើល​ចំពោះ​ព្រឹត្តិការណ៍​នេះ​ទេ។ សម្រាប់​ពួក​គេ អ្វី​ដែល​រដ្ឋាភិបាល​ក្រុង​ហាណូយ​បាន​រៀប​ចំ​ធ្វើ​ពេល​នេះ វា​គ្រាន់​តែ​ជា​ឆាកល្ខោន​មួយ​រៀបចំ​ទុក​ជា​មុន​ដើម្បី​បិទបំាង​ការពិត​តែ​ប៉ុណ្ណោះ ពិសេស​គឺ​ដើម្បី​កាត់បន្ថយ​កំហឹង​របស់​ប្រជាជន​វៀតណាម​ដែល​កំពុង​ក្តៅក្រហាយ​នឹង​ភាព​អសមត្ថភាព​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច និង​អំពើពុករលួយ​ដែល​កំពុង​ស៊ីរូង​ប្រទេស។ យោង​តាម​ក្រុមអ្នកវិភាគ និង​ក្រុមសកម្មជន​ប្រឆំាង​រដ្ឋាភិបាល ការ​បង្កើត​ឲ្យ​មាន​ការ​បោះឆ្នោត​ផ្តល់សេចក្តី​ទុកចិត្ត​នេះ​ឡើង គឺ​មាន​គោលដៅ​រក្សា និង​ពង្រឹង​អំណាច​រដ្ឋាភិបាល​របស់​គណបក្ស​កុម្មុនិស្ត។

ការ​យល់​ឃើញ​របៀប​នេះ ក៏​វា​មិន​សូវ​ខុស​ទំាង​ស្រុង​ដែរ ព្រោះ​ថា នៅ​ក្នុង​ប្រទេស​មួយ​ដែល​ដឹកនំា​គណបក្ស​តែ​មួយ​ដូច​វៀតណាម និង​ជា​គណបក្ស​កុម្មុយនិស្ត​ទៀត​នោះ អំណាច​ពិត​ប្រាកដ​មិន​មែន​ស្ថិត​ក្នុង​ដៃ​របស់​លោក​នាយករដ្ឋមន្រ្តី​ង្វៀន តាន់ហ្ស៊ុង​ទេ គឺ​ស្ថិត​ក្នុង​កណ្តាប់ដៃ​របស់​គណបក្ស។ ជាក់ស្តែង​នៅ​ក្នុង​​ការ​បោះឆ្នោត​ម្សិលមិញ អ្វីៗ​បាន​សម្រេច​ពី​បក្ស​រួច​ហើយ ព្រោះ​ចូរ​កុំ​ភ្លេច​ថា អ្នកតំណាងរាស្រ្ត​ចំនួន ៩០% គឺ​ជា​សមាជិក​​របស់​បក្ស។ ដូច្នេះ បើ​បក្ស​សម្រេច​យ៉ាង​ម៉េច​ហើយ គឺ​វា​ដូច្នោះ​ឯង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI