លោកស៊ីជីនពីងទៅឥណ្ឌូនេស៊ីដើម្បីស្វែងរកថាមពល និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃពុធ ទី២ តុលា លោកប្រធានាធិបតីចិន ស៊ី ជីនពីងបានផ្តើមទស្សនកិច្ចរយៈពេល ២ថ្ងៃក្នុងប្រទេសឥណ្ឌូនេស៊ី។ ឥណ្ឌូនេស៊ីដែលជាទីផ្សារនៃប្រទេសមួយដែលកំពុងមានសេដ្ឋកិច្ចរីកលូតលាស់ និងដែលចិនមិនអាចមើលរំលងបានទេដើម្បីពង្រឹងបន្ថែមនូវកម្លំាងសេដ្ឋកិច្ចរបស់ខ្លួន។
គឺជាមួយនឹងការត្រួតពលដែលលោកប្រធានាធិបតីចិនស៊ី ជីងពីនត្រូវបានលោកប្រធានាធិបតីឥណ្ឌូនេស៊ី Susilo Bambang Yudhoyono ទទួលយ៉ាងអធិកអធមនៅវិមានប្រធានាធិបតី។ លោកស៊ី ជីនពីនត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលឥណ្ឌូនេស៊ីក្នុងទឹកប្រាក់សរុបប្រមាណ ២០ ០០០លានដុល្លារ។ កិច្ចសន្យាដែលផ្តោតសំខាន់លើវិស័យថាមពលដែលចិនត្រូវការដើម្បីយកទៅចិញ្ចឹមបំប៉នសេដ្ឋកិច្ចរបស់ខ្លួន។ ទន្ទឹមគ្នានេះ ចិនក៏កំពុងសម្លឹងឃើញទីផ្សារដ៏ធំរបស់ឥណ្ឌូនេស៊ីដែរ ព្រោះថា ក្នុងនាមជាប្រទេសដែលមានចំនួនប្រជាជនច្រើនលំដាប់ទី៤ក្នុងលោក ឥណ្ឌូនេស៊ីទទួលបានកំណើនសេដ្ឋកិច្ចជាមធ្យមសឹងតែជាប្រចំាប្រមាណជា ៦%ក្នុងមួយឆ្នំា។
គួរជម្រាបជូនថា ចិន គឺជាដៃគូពាណិជ្ជកម្មទីពីររបស់ឥណ្ឌូនេស៊ីបន្ទាប់ពីប្រទេសជប៉ុន។ ទឹកប្រាក់នៃការដោះដូរពាណិជ្ជកម្មរវាងប៉េកំាង និងហ្សាការតាបានកើនឡើងជាលំដាប់ ពី ១៦ ៥០០លានដុល្លារក្នុងឆ្នំា ២០០៥ ដល់ ៦៦ ២០០លានដុល្លារកាលពីឆ្នំា ២០១២ កន្លងទៅ។ ផលិតផលដែលចិនបានទិញពីឥណ្ឌូនេស៊ីច្រើនជាងគេ គឺធ្យូង។ នៅថ្ងៃព្រហស្បតិ៍ ទី៣ តុលានេះ លោកស៊ី ជីនពីងគឺជាប្រមុខរដ្ឋបរទេសទីមួយដែលបានឡើងថ្លែងសុន្ទរកថានៅក្នុងសភាឥណ្ឌូនេស៊ី។
ក្រៅពីបញ្ហាសេដ្ឋកិច្ច លោកប្រមុខរដ្ឋចិនត្រូវលើកយកទៅនិយាយអំពីជម្លោះដណ្តើមទីប្រជុំកោះនៅសមុទ្រចិនខាងត្បូងរវាងចិន និងប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន។ កន្លងមក ទីក្រុងប៉េកំាងបានទាមទារឲ្យមានដំណោះស្រាយបញ្ហានេះ ជាលក្ខណៈឧភតោភាគី តែប្រទេសមួយចំនួនដែលជាប់ពាក់ព័ន្ធ ដូវឲចយ៉ាងវៀតណាម និងហ្វីល្លីពីនចង់ឲ្យដោះស្រាយនៅថ្នាក់តំបន់ ឬមួយក៏ថ្នាក់អន្តរជាតិ។
បន្ទាប់ពីឥណ្ឌូនេស៊ី លោកស៊ី ជីនពីងបន្តដំណើរទស្សនកិច្ចនៅក្នុងប្រទេសម៉ាឡេស៊ីទៀត មុននឹងត្រឡប់ទៅឥណ្ឌូនេស៊ីជាថ្មីដើម្បីចូលរួមជំនួបកំពូល Apec ដែលនឹងបើកសម័យប្រជុំនៅកោះបាលីនាដើមសប្តាហ៍ក្រោយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ