អ៊ីរ៉ង់

ប្រធានាធិបតី​អ៊ីរ៉ង់​ការពារ​សេរីភាព​សារព័ត៌មាន​

ប្រធានាធិបតី​អ៊ីរ៉ង់ លោក ហាសាន រ៉ូហានី
ប្រធានាធិបតី​អ៊ីរ៉ង់ លោក ហាសាន រ៉ូហានី AFP PHOTO/ATTA KENARE

នៅអ៊ីរ៉ង់ ថ្ងៃ​សៅរ៍នេះ ប្រធានាធិបតី​អ៊ីរ៉ង់ ហាសាន រ៉ូហានី បាន​ថ្លែង​សន្ទរកថា​​ការពារ​សេរីភាព​សារព័ត៌មាន ដោយ​បាន​បរិហារ​​​ជាទូទៅ ចំពោះ​ការបិទ​មិនអោយ​​សារព័ត៌មាន​នានា​​បាន​ចុះផ្សាយ​ ក្នុងពេល​កន្លងមក។ ប្រធានាធិបតី​អ៊ីរ៉ង់​ចង់​រិះគន់​ សំដៅ​ចំពោះ​អាជ្ញាធរ​ដែល​បាន​បិទ​ទ្វារ​​សារព័ត៌មាន​​ចំនួន​ពីរ​ មិនអោយ​ដំណើរការ​ ក្នុង​​ប៉ុន្មាន​​ខែ​ចុងក្រោយ​នេះ។

ផ្សាយពាណិជ្ជកម្ម

“បើ​ជន​ណា​ម្នាក់​បង្ក​បទល្មើស គឺ​ត្រូវតែ​ប្រឆាំង​នឹង​ជននោះ ព្រមទាំង​និពន្ធនាយក​សារព័ត៌មាន​ផងដែរ។ ប៉ុន្តែ ហេតុអ្វី​ក៏ចាំបាច់​ដល់​ទៅ​បិទទ្វារសារព័ត៌មាន​​ ធ្វើអោយ​អ្នកសារព័ត៌មាន​និង​បុគ្គលិក​ការងារ​នានា អស់​ការងារធ្វើ​ទៅវិញ?”, នេះ​ជា​ប្រសាសន៍​ដែល​ប្រធានាធិបតី​អ៊ីរ៉ង់ លោក ហាសាន រ៉ូហានី បាន​លើកឡើង នៅថ្ងៃ​សៅរ៍នេះ ដើម្បី​ការពារ​សេរីភាព​សារព័ត៌មាន។ ប្រធានាធិបតី​អ៊ីរ៉ង់​ចង់​បរិហារ​អាជ្ញាធរ​ដែល​បាន​បិទទ្វារ​សារព័ត៌មាន​​ប្រចាំថ្ងៃ​ចំនួន២ មិនអោយ​ដំណើរការ ​ក្នុង​ប៉ុន្មាន​ខែចុងក្រោយ​នេះ។

សារព័ត៌មាន​ទាំង២នោះ មួយ​មាន​​ឈ្មោះថា អាសសេមេន ​និង​មួយទៀត ឈ្មោះថា បាហារ។ សារព័ត៌មាន​បាហារ​ ​​បាន​ចុះផ្សាយ​អត្ថបទ​ ដែល​​គេ​ចាត់ទុកថា ជាអត្ថបទ​ប្រមាថ​សាសនា​អ៊ីស្លាម​និកាយ​ស៊ីអ៊ីត។ រីឯ​សារព័ត៌មាន​​អាសសេមេន វិញ បាន​ចុះផ្សាយ​អត្ថបទ​ប្រមាថ​ច្បាប់​អ៊ីស្លាម នៅ​អ៊ីរ៉ង់។ ហេតុដូច្នេះ​ហើយ អាជ្ញាធរ​អ៊ីរ៉ង់​បាន​បិទទ្វារ​​សារព័ត៌មាន​ទាំង២​លែង​អោយ​ដំណើរការ។

គួរ​បញ្ជាក់​ថា អ្នកអភិរក្ស​និយម​​នានា​ដែល​កាន់​អំណាច​​ផ្នែកយុត្តិធម៌​នៅ​អ៊ីរ៉ង់​នោះ តែង​​រិះគន់​រដ្ឋាភិបាល​​​របស់​ប្រធានាធិបតី​ រ៉ូហានី ថា​​បាន​ប្រកាន់​ជំហរ​បែបសេរី​និយម។ ពិសេស​ថ្មីៗនេះ ពួកគេ​បានរិះគន់​​​​​រដ្ឋមន្ត្រី​វប្បធម៌​ អាលី ចាណាទី ដែល​​​បាន​ប្រកាស​ថា ចង់អោយ​បណ្តាញ​សង្គម​ហ្វេសប៊ុក ដែល​រដ្ឋអំណាច​អ៊ីរ៉ង់​ហាមឃាត់នោះ អាច​ដំណើរការ​បាន​ក្នុង​ប្រទេស។ រដ្ឋមន្ត្រីវប្បធម៌​អ៊ីរ៉ង់​ក៏ចង់​អោយ​សៀវភៅ​មួយចំនួន​ដែល​អាជ្ញាធរហាមឃាត់ ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បាន​បោះពុម្ព​ផ្សាយ​ឡើងវិញ​ផងដែរ។

រដ្ឋាភិបាល​លោក​រ៉ូហានី មាន​លក្ខណៈ​បើកចំហរ​ជាង​រដ្ឋាភិបាល​អតីតប្រធានាធិបតី​ម៉ាមូត អាម៉ាឌីនេចាត។ នៅថ្ងៃ​សៅ​រ៍នេះ ក្នុង​សន្ទរកថា លើកតំកើងសេរីភាព​​សារព័ត៌មាន ប្រធានាធិបតី​​​រ៉ូហានី បាន​លើកឡើង​ដែរ​ថា ក្រុមប្រឆាំង​និង​បណ្តាជន​ដែ​លធ្វើសកម្មភាព​ប្រឆាំង​​រដ្ឋាភិបាល​ មានសិទ្ធិ​បញ្ចេញ​មតិ ប៉ុន្តែ សកម្មជន​​រដ្ឋាភិបាល​​ក៏ត្រូវតែ​ទទួល​បាន​សេរីភាព​និង​សុវត្ថិភាព​សន្តិសុខ​ដូចគ្នាដែរ៕ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI