កម្ពុជា

​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នឹងប្រគល់មេដាយ​មាស​អោយ​ក្រុម​យុវជន​ស្ម័គ្រចិត្ត

លោក​នាយករដ្ឋមន្រ្តី ហ៊ុន​ សែន​ (រូបថតឯកសារ)
លោក​នាយករដ្ឋមន្រ្តី ហ៊ុន​ សែន​ (រូបថតឯកសារ) ©channa/rfi

ថ្លែង​ពី​ស្រុក​គាស់ក្រឡ​ ខេត្ត​បាត់​ដំបង់​ នៅ​ខណៈ​ដែល​ចុះ​ប្រ​គល់​ប័ណ្ណកម្មសិទ្ធិ​សម្គាល់​ដី​ធ្លីជា​លើក​ទី​២​ ដល់​ពលរដ្ឋ​១.៥៩១គ្រួសារ​ ​​​លោក​នាយក​រដ្ឋមន្ត្រីហ៊ុនសែនបាន​ប្រ​កាស​ជា​សាធារណៈ​ថា​ លោក​នឹង​ប្រ​គល់​មេ​ដាយ​មាស​ដល់​​ក្រុម​យុវជន​ស្ម័គ្រ​ចិត្តទាំង​អស់​ព្រម​ទាំង​​មន្ត្រី​ពាក់​ព័ន្ធ​ដែល​បាន​ចូល​រួម​ក្នុង​ការ​វាស់​វែងបែង​ចែក​ធី​ធ្លី​អោយ​ពល​រដ្ឋ​​​តាម​គោល​នយោបាយ​ចាស់​សកម្មភាពថ្មី​លើ​វិស័យ​ដីធ្លីរបស់​រដ្ឋា​ភិបាល​។

ផ្សាយពាណិជ្ជកម្ម

 

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ប្រ​គល់​មេ​ដាយ​មាសដល់​ក្រុម​យុវជន​ស្ម័គ្រ​ចិត្តទាំង​អស់​ព្រម​ទាំង​​មន្ត្រី​ពាក់​ព័ន្ធ​ដែល​បាន​ចូល​រួម​ក្នុង​ការ​វាស់​វែងបែង​ចែក​ដី​ធ្លី​អោយ​ពលរដ្ឋ​តាម​គោលនយោបាយ​ចាស់​សកម្មភាពថ្មី​លើ​វិស័យ​ដីធ្លីរបស់​រដ្ឋា​ភិបាល​​។

លោក​នាយក​រដ្ឋ​មន្ត្រី​​បាន​ថ្លែងយ៉ាង​ដូច្នេះ​ពី​ស្រុក​គាស់​​ក្រឡ ខេត្ត​បាត់​ដំបង​ នៅ​ខណៈដែល​​លោក​ចុះ​ទៅ​ចែក​ប័ណ្ណ​កម្ម​សិទ្ធិ​ជា​លើក​ទី​ពី​រ​ដល់​ពល​រដ្ឋ​​១.៥​៩​១​ គ្រួសារ ដែល​​ទទួល​ប័ណ្ណកម្មសិទ្ធិ ចំនួន ២.១៧៣ប័ណ្ណ លើ​ផ្ទៃដី​សរុប​ចំនួន ១០.​៣០​៥ ហិកតា​។

លោក​នាយក​រដ្ឋ​មន្ត្រី​ បាន​ថ្លែង​ថា​ លោក​នឹង​ប្រគល់​មេ​ដាយ​មាស​ដល់​ក្រុម​យុវជន​ស្ម័​គ្រ​ចិត្ត​ទាំងអស់​ ព្រម​ទាំង​មន្ត្រី​ពាក់​ព័ន្ធ​ទាំង​អស់​ ក្នុង​នោះ​រួម​ទាំង​អ្នក​បើក​បរ​រថយន្ត​ និង​មន្ត្រី​សុខាភិបាល​ផង​ដែរ។​ ហើយ​លោក​នាយក​រដ្ឋ​មន្ត្រី​នឹង​​ធ្វើ​ពិ​ធី​ជប់​លៀង​ដ៏ធំមួយ​ នៅ​ឯ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ​ ដោយ​​​​អនុញ្ញា​អោយ​និស្សិត​នាំ​​ប្រ​ពន្ធ ​មិត្ត​ស្រី ឬ​គូដណ្តឹង​​​មក​ចូល​រួម​នៅ​ក្នុង​កម្ម​វិធី​នោះ​ផង​ដែរ។​

នេះ​ជា​ការ​ចុះ​បែង​​ចែក​ប័ណ្ណ​កម្មសិទ្ធិ​លើក​ទី​២​ហើយ​ បន្ទាប់​ពី​ការ​ចុះ​បែង​ចែកប័ណ្ណ​កម្មសិទ្ធិ​សម្គាល់​ដី​ធ្លី​លើក​ដំបូង​អោយ​ពលរដ្ឋ​ចំនួន​៥៦០​គ្រួសារ​ ដែល​មាន​ប័ណ្ណកម្មសិទ្ធិសម្គាល់​ដីធ្លី ៨៩០ ក្បាលដី ស្ថិត​នៅ​ក្នុង​ឃុំ​ស្រែ​ចារ និង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ​។ តាមការ​អះអាង​របស់​​លោកនាយក​រដ្ឋមន្ត្រី ឥឡូវនេះ ការបិទ​ផ្សាយបាន​ចំនួន ១៨.១៥១ ក្បាល​ដី​ទៅ​ហើយ​។ លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ថ្លែង​​​អង្វរករ​ដល់​ពលរដ្ឋ​ដែល​ទទួល​បាន​កម្មសិទ្ធិ​ទាំង​នោះ​មិន​ត្រូវ​យកដី​​ទៅ​លក់​នោះ​ទេ​តែ​អាច​យក​ទៅ​បញ្ចាំ​បាន​។ ​​

ក្រុម​យុវជន​ស្ម័គ្រចិត្ត​ដែល​មាន​ស្លៀក​សំលៀក​បំពាក់​ឯក​សណ្ឋាន​ទាហាន មាន​ស្លាក​សញ្ញា​ក្រសួង​រៀបចំ​ដែនដី នគរូបនីយ​កម្ម​​និង​​​​សំណង់ បាន​ចាប់​ផ្តើម​​ចេញ​ដំណើរ​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១២​ នៅ​ក្នុង​​ខេត្ត​ចំនួន​១៣​ នៅ​ក្នុង​​ប្រ​ទេស​​​កម្ពុជា ដូច​ជា​ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ ខេត្ត​បាត់ដំបង បន្ទាយមានជ័យ កំពង់ចាម កំពង់ធំ ក្រចេះ ព្រះវិហារ កំពង់ស្ពឺ កំពត រតនគិរី មណ្ឌលគិរី និង​ខេត្ត​ស្ទឹងត្រែង ដែល​យវុជន​ស្ម័គ្រចិត្ត​សរុប​មាន​១១៧៨​នាក់។ ​យុទ្ធនាការ​វាស់វែង​ដី​នេះ អាចនឹង​​ចំណាយ​ពេលចាប់​ពី៦ ទៅ ៨ខែ​ នៅ​លើ​ផ្ទៃ​ដី​ដែល​ត្រូវ​វាស់វែង​ចំនួន ១.២០០.០០០ហិកតានៅ​ទូទាំង​ប្រទេស​ ជូន​​ប្រជា​ពលរដ្ឋ​ចំនួន​៣៥០​.​០០០គ្រួសារ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI