អឺរ៉ុប

ធនាគារ​ឯកជន​ទំនងជា​ត្រូវ​ចូលរួម​វិភាគទាន​ក្នុង​ផែនការ​ជួយ​ក្រិក​ចេញពី​វិបត្តិ​បំណុល

លោក​សាកូហ្ស៊ី​ (Sarkozy) និង​លោកស្រី​មែរកិល (Merkel) ជួបគ្នា​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ២០ កក្កដា ២០១១
លោក​សាកូហ្ស៊ី​ (Sarkozy) និង​លោកស្រី​មែរកិល (Merkel) ជួបគ្នា​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ២០ កក្កដា ២០១១ Reuters

ប្រមុខដឹកនាំ​បារាំង​និង​អាល្លឺម៉ង់​បាន​ព្រមព្រៀង​គ្នា កាល​ពី​យប់​ថ្ងៃ​ពុធ ២០ កក្កដា ២០១១ លើ​ផែនការ​ជួយ​សង្រ្គោះ​ប្រទេស​ក្រិក​ ក្នុង​ជំហាន​ទីពីរ។ សំណើរួម​បារាំង-អាល្លឺម៉ង់​នេះ​​ត្រូវ​ដាក់​ជូន​​ប្រទេស​សមាជិក​តំបន់​អឺរ៉ូ​ផ្សេងទៀត​ពិភាក្សា​គ្នា ក្នុង​ជំនួបកំពូល នៅ​ទីក្រុង​ប៊្រុចស៊ែល នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ក្នុង​សំណើ​នេះ​ក៏​មាន​ចំណុច​ពាក់ព័ន្ធ​នឹង​តួនាទី​របស់​ធនាគារ​ឯកជន​ផងដែរ។

ផ្សាយពាណិជ្ជកម្ម

បារាំង​និង​អាល្លឺម៉ង់​បាន​ព្រមព្រៀង​គ្នា​លើ​ជំហរ​រួមមួយ​ជុំវិញ​វិបត្តិ​ក្រិក ក្រោយ​ពី​បាន​ចរចា​គ្នា​អស់រយៈពេល ៧ម៉ោង​រហូតដល់​យប់​ជ្រៅ កាល​ពី​ថ្ងៃ​ពុធ។ នេះ​បើ​យោងតាម​សេចក្តី​ថ្លែងការណ៍​របស់​ប្រធានាធិបតី​បារាំង។ ខ្លឹមសារ​​​លម្អិត​នៃ​ការព្រមព្រៀង​គ្នា​នេះ មិនត្រូវ​បាន​គេ​ប្រកាស​ឲ្យ​ដឹង​នោះទេ ក៏ប៉ុន្តែ ក្នុង​សេចក្តី​ថ្លែងការណ៍ បារាំង​បាន​បញ្ជាក់ថា ផែនការ​នេះ នឹង​មានរួម​បញ្ចូល​ផងដែរ អំពី​ការចូលរួមវិភាគទាន​​របស់​ធនាគារ​ឯកជន​អឺរ៉ុប ក្នុង​កញ្ចប់ថវិកា​ជួយ​ប្រទេស​ក្រិក។

ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​អឺរ៉ូ (ប្រទេស​ទាំង ១៧ ដែល​ចាយ​លុយ​អឺរ៉ូ) ត្រូវ​បើក​ធ្វើ​ជំនួបកំពូល​មួយ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ពិភាក្សា​គ្នា​អំពី​វិបត្តិ​ក្រិក។ លោក​បារ៉ូសូ (José Manuel Barroso) ប្រធាន​គណៈកម្មការ​អឺរ៉ុប​ បាន​មាន​ប្រសាសន៍​ថា វិបត្តិ​ក្រិក​ទាមទារ​ចាំបាច់​នូវ​ដំណោះស្រាយ​​ដ៏​មាន​ប្រសិទ្ធភាព​មួយ។ បើ​មិនដូច្នោះទេ វា​នឹង​ជះ​ឥទ្ធិពល​អវិជ្ជមាន​នៅ​ពេញ​តំបន់​អឺរ៉ុប​ទាំងមូល ហើយ​អាច​រាលដាល​​ទៅ​កាន់​តំបន់​ផ្សេង​ទៀត​ផង។

គួរ​រំឭក​ឡើងវិញ​ថា កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១០ អឺរ៉ុប​បាន​ជួយ​ក្រិក​ម្តងរួចមកហើយ ដោយ​កញ្ចប់​ថវិកា​ចំនួន ១១០​ពាន់​លាន​អឺរ៉ូ។​ ប៉ុន្តែ ជំនួយ​នោះ​មិន​គ្រប់គ្រាន់ ដើម្បី​ជួយ​ក្រិក​ឲ្យ​ចេញ​ផុត​ពី​វិបត្តិ​ប្រាក់​បំណុល​បានទេ។ នៅ​ក្នុង​ការ​អនុម័ត​ផែនការ​ជួយ​ក្រិក ក្នុង​ជំហាន​ទីពីរ ប្រទេស​ក្នុង​តំបន់​អឺរ៉ូ​មាន​ការខ្វែងគំនិត​គ្នា ជាពិសេស ទៅលើ​ការចូលរួម​របស់​វិស័យ​ឯកជន។

​​អាល្លឺម៉ង់​​ទាមទារ​ឲ្យ​អ្នកវិនិយោគ​ឯកជន ជាពិសេស ធនាគារ​ឯកជន ក្នុង​តំបន់​អឺរ៉ូ ចូលរួម​វិភាគទាន​ក្នុង​កញ្ចប់ថវិកា​ថ្មី ដើម្បី​ជួយ​ក្រិក។ សំណើ​នេះ​ត្រូវ​បាន​​ប្រទេស​​បារាំង រួមជាមួយ​នឹង​ធនាគារ​កណ្តាល​សហភាព​អឺរ៉ុប​ ធ្វើការ​ជំទាស់។

ក្រោយ​ពី​មាន​កិច្ចព្រមព្រៀង​រវាង​បារាំង និង​អាល្លឺម៉ង់ កាល​ពី​ថ្ងៃ​ពុធ គេ​រំពឹង​ថា អ្នក​វិនិយោគ​ឯកជន​ទំនង​ជា​ចៀសមិនផុត​ពី​ការ​ចូលរួម​វិភាគទាន ក្នុង​កញ្ចប់​ថវិកា​ជួយ​ក្រិក​លើកនេះ​ទេ។ សំណួរ​ចោទសួរ​ថា តើ​ពួកគេ​នឹង​ត្រូវ​ចូលរួម​វិភាគទាន​ក្នុង​កម្រិត​ណា? ក្នុង​រូបភាព​បែបណា?

កន្លងទៅនេះ ជម្រើ​សមួយ​ចំនួន តែងតែ​ត្រូវ​បាន​គេ​លើក​យក​មកជជែក​គ្នា ជុំវិញ​ការចូលរួម​វិភាគទាន​របស់​វិស័យ​ឯកជន​ក្នុង​កញ្ចប់​ថវិកា​ជួយ​ក្រិក។

ទីមួយ​ គេ​ចង់​ឲ្យ​អ្នកវិនិយោគ​ឯកជន​ដែល​កាន់​សញ្ញាប័ណ្ណ​ក្រិក (មូលបត្រ​បំណុល) ហើយ​ដែល​​សញ្ញាប័ណ្ណ​នេះ​ត្រូវ​ដល់​ឥណប្រតិទាន (​ដល់​កាល​កំណត់សង ឬ​តាមភាសា​អង់គ្លេស Maturity) ត្រូវ​ពន្យារពេល​​សញ្ញាប័ណ្ណ​​នេះ​បន្តទៀត ដោយ​រក្សា​ទុក​លក្ខខណ្ឌ​ឲ្យនៅ​ដដែល (អត្រា​ការប្រាក់ និង​​ឥណប្រតិទាន)។

ទីពីរ អ្នក​វិនិយោគ​ឯកជន​ដែល​កាន់សញ្ញាប័ណ្ណ​ក្រិក ហើយ​ដែល​សញ្ញាប័ណ្ណ​នោះ​មាន​ឥណប្រតិទាន​រយៈពេល​ខ្លី ឬ​រយៈពេល​មធ្យម (មុន​ឆ្នាំ​២០១៩) អ្នក​វិនិយោគ​ទាំងនោះ​ត្រូវ​យក​សញ្ញាប័ណ្ណ​ចាស់ មក​ប្តូរ​នឹង​សញ្ញាប័ណ្ណ​ថ្មី (តាមភាសា​អង់គ្លេស Bond Swap) ដែល​មាន​ឥណប្រតិទាន​​យូរ​ជាង​មុន (៣០​ឆ្នាំ)។

ទីបី គេ​ចង់​បង្កើត​ពន្ធ​ពិសេស​លើ​ធនាគារ​ឯកជន ក្នុង​តំបន់​អឺរ៉ូ។ គេ​រំពឹង​ថា តាមរយៈ​ពន្ធ​នេះ​គេ​នឹង​អាច​ប្រមូល​លុយ​បាន​ប្រមាណ ៥០​ពាន់​លាន​អឺរ៉ូ ក្នុង​រយៈពេល ៥ឆ្នាំ ហើយ​លុយ​នេះ នឹង​ត្រូវ​យក​ទៅ​ដាក់​បញ្ចូល​ក្នុង​កញ្ចប់​ថវិកា ដើម្បី​ជួយ​ក្រិក។

វិភាគទាន​របស់​អ្នកវិនិយោគ​ឯកជន​ទាំងនេះ នឹង​ត្រូវ​យក​ទៅ​បូក​បន្ថែម​នឹង​កញ្ចប់​ថវិកា​របស់​រដ្ឋ​​ក្នុង​តំបន់​អឺរ៉ូ ដែល​គេ​ប៉ាន់​ប្រមាណ​ថា នឹង​មាន​ចំនួន​ពី ៧០ពាន់ ទៅ​១០០​ពាន់លាន​អឺរ៉ូ ដើម្បី​ជួយ​ក្រិក ពីពេលនេះ រហូតដល់​ឆ្នាំ​២០១៤៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI