អានតួអត្ថបទ
កម្ពុជា-អាស៊ាន

ពីបញ្ហា​​សមុទ្រចិន​​ខាងត្បូង​​មកជា​​ទំនាស់​​ផ្លូវទូត​​ទ្វេភាគី​​

ពីបញ្ហា​សមុទ្រចិន​ខាងត្បូង​មកជា​ទំនាស់​ផ្លូវទូត​ទ្វេភាគី​
ពីបញ្ហា​សមុទ្រចិន​ខាងត្បូង​មកជា​ទំនាស់​ផ្លូវទូត​ទ្វេភាគី​ DR
ដោយ៖ លាង ដឺលុច
២០ នាទី

ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​កំពុង​តែ​រាលដាល​ដល់​ទំនាស់​ផ្លូវ​ទូត​រវាង​កម្ពុជា​និង​ហ្វីលីពីន។ ​កាល​ពី​រសៀល​ថ្ងៃ​អង្គារ​នេះ លោក​កៅ គឹមហួន​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​កម្ពុជា​កោះហៅ​ភារៈធារី​ស្តីទី​នៃ​ស្ថានទូត​ហ្វីលីពីន​ប្រចាំ​កម្ពុជា​ដើម្បី​បង្ហាញ​ការ​តវ៉ា​របស់​កម្ពុជា​ចំពោះ​ហេតុការណ៍​នៃ​ការ​បិទផ្សាយ​កំណត់ទូត​កោះហៅ​ឯកអគ្គរាជទូត​កម្ពុជា​របស់​រដ្ឋាភិបាល​ហ្វីលីពីន​នៅ​លើ​ជញ្ជាំង​ស្ថានទូត​កម្ពុជា​នោះ។ អ្នកនាំពាក្យ​របស់​ក្រសួង​ការបរទេស​កម្ពុជា​ចាត់ទុកថា​នេះ ជា​សកម្មភាព​ពុំគួរគប្បី។

ផ្សាយពាណិជ្ជកម្ម

សង្គ្រាម​ប៉ាកា​រវាង​ហ្វីលីពីន និង​កម្ពុជា​ជុំវិញ​បញ្ហា​សេចក្តី​ថ្លែងការណ៍​រួម​នៃ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន និង​បញ្ហា​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​នោះ ឥឡូវនេះ​កំពុង​រាលដាល​ដល់​ការ​ប៉ះទង្គិច​ផ្នែក​ទំនាក់​ទំនង​ការ​ទូត​រវាង​ហ្វីលីពីន​និង​កម្ពុជា។

 
កាល​ពី​រសៀល​ថ្ងៃ​អង្គារ​នេះ លោក​កៅ គឹមហួន​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​បាន​បង្ហាញ​កំណត់​ទូត​តវ៉ា​មួយ​ទៅ​ភារៈធារី​ស្តីទី​នៃ​ស្ថានទូត​ហ្វីលីពីន​ប្រចាំ​កម្ពុជា ប្រឆាំង​នឹង​ការ​បិទ​ផ្សាយ​ទំព័រ​កាសែត​ដែល​មាន​ចុះ​ផ្សាយ​កំណត់ទូត​រដ្ឋាភិបាល​ហ្វីលីពីន​កោះ​ហៅ​ឯក​អគ្គរាជទូត​កម្ពុជា។ គឺ​ក្រសួង​ការបរទេស​ហ្វីលីពីន​បាន​កោះហៅ​ឯក​អគ្គរាជទូត​កម្ពុជា បន្ទាប់​ពី​​ឯក​អគ្គរាជទូត​ លោក ហើស សិរីធន​បាន​ចុះ​ផ្សាយ​ការ​ឆ្លើយតប​របស់​លោក​ប្រតិកម្ម​ទៅ​នឹង​អត្ថបទ​របស់​លោកស្រី​អនុរដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន​នៅ​លើ​ទំព័រ​កាសែត Philippines Star។

យោង​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា ភារៈធារី​ស្តីទី​នៃ​ស្ថានទូត​ហ្វីលីពីន​នឹង​ផ្ញើរ​កំណត់ទូត​តវ៉ា​របស់​រដ្ឋាភិបាល​កម្ពុជា​នេះ​ទៅ​រដ្ឋាភិបាល​ក្រុង​ម៉ានីល​ភ្លាម។ ការ​ប៉ះ​ទង្គិច​ក្នុង​ទំនាក់​ទំនង​ការទូត​ជាមួយ​ហ្វីលីពីន​ដ៏​កម្រ​នេះ បាន​កើត​មាន​ឡើង​នៅ​ពេល​ដែល​​ហ្វីលីពីន​ក្នុង​នាម​សមាជិក​អាស៊ាន​មួយ និង​កម្ពុជា​ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​នៅ​ពេល​នេះ កំពុង​តែ​មើល​មុខ​គ្នា​មិន​ត្រង់ ដោយសារ​តែ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដែល​ហ្វីលីពីន​គឺ​ជា​ភាគី​ជម្លោះ​ជាមួយ​ចិន។

ការ​មិន​អាច​ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​រួម​នៃ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាស៊ាន​លើក​ទី​៤៥​នៅ​ក្នុង​ខែ​កក្កដា​នេះ បាន​តម្រូវ​អោយ​ហ្វីលីពីន​ធ្វើ​អត្ថាធិប្បាយ​ដាក់​ការ​ទទួល​ខុសត្រូវ​មក​លើ​កម្ពុជា។ ការ​អត្ថាធិប្បាយ​ដែល​ចុងក្រោយ​នេះ​បាន​ធ្វើ​ឡើង​ដោយ​លោកស្រី​អនុរដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន លើ​ទំព័រ​កាសែត​ Philippines Star បាន​បង្ខំ​អោយ​ឯកអគ្គរាជទូត​កម្ពុជា​ប្រតិកម្ម​យ៉ាង​ខ្លាំង​តាម​រយៈ​អត្ថបទ​សរសេរ​មួយ​វិញ​នៅ​លើ​ទំព័រ​កាសែត​ដដែល​នេះ។

អត្ថបទ​ឆ្លើយ​តប​របស់​ឯកអគ្គរាជទូត​កម្ពុជា​ដែល​បាន​វាយប្រហារ​ធ្ងន់ៗ​លើ​ហ្វីលីពីន​តាម​ការ​ជាក់ស្តែង​នេះ​ហើយ ដែល​ធ្វើ​អោយ​ក្រសួង​ការបរទេស​ហ្វីលីពីន​ធ្វើ​កំណត់ទូត​កោះហៅ​ឯកអគ្គរាជទូត​កម្ពុជា។ ​កំណត់ទូត​នេះ​ត្រូវ​បាន​ចុះផ្សាយ​នៅ​លើ​ទំព័រ​មុខ​របស់​កាសែត​ទៀត​ផង។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​អត្ថាធិប្បាយ​ថា សកម្មភាព​បិទ​ផ្សាយ​កំណត់ទូត​កោះហៅ​ឯកអគ្គរាជទូត​កម្ពុជា​នៅ​លើ​ជញ្ជាំង​ស្ថានទូត​កម្ពុជា​នេះ គឺ​ជា​អំពើ​ពុំ​គួរ​គប្បី​មួយ​ក្នុង​នាម​ជា​សមាជិក​អាស៊ាន៕

ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ហ្វីលីពីន​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​ដើម្បី​ប្រតិកម្ម​ទៅ​នឹង​អត្ថបទ​របស់​លោកស្រី​អនុរដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន​នៅ​ក្នុង​កាសែត The Philippines Stars។ នៅ​ពេល​ដែល​លោកស្រី Erlinda Basilio ពិពណ៌នា​ដាក់​ការ​ទទួលខុសត្រូវ​មក​លើ​កម្ពុជា​ក្នុង​នាម​ប្រធាន​អាស៊ាន ដែល​មិន​អាច​ចេញ​បាន​នូវ​សេចក្តី​ថ្លែងការណ៍​រួម​នៃ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នោះ ឯកអគ្គ​រដ្ឋទូត​កម្ពុជា​ប្រចាំ​ប្រទេស​ហ្វីលីពីន លោក​ហើស សិរីធន បាន​ពន្យល់​វិញ​ថា គឺ​ប្រទេស​សមាជិក​អាស៊ាន​ចំនួន​២ ហ្វីលីពីន និង​វៀតណាម​ទេ ដែល​បាន​ប្រកាន់​ជំហរ​រឹងទទឹង មិន​អាច​ចរចារ​បាន​ដើម្បី​អាច​ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​រួម​របស់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ