តុលាការសាលាឧទ្ធរណ៍បើកសវនាការករណីលោក ឈូក បណ្ឌិត នៅរសៀលថ្ងៃទី៣១តុលា
សំណុំរឿងក្តី អតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត បាញ់ស្ត្រីកម្មករកាត់ដេរ ៣នាក់ ឲ្យរងរបួសធ្ងន់ស្ទើរតែស្លាប់ នឹងត្រូវតុលាការសាលាឧទ្ធរណ៍បើកសវនាការជំនុំជម្រះឡើងវិញ នារសៀលម៉ោង ២ ថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា។ ក្រុមមេធាវីរបស់លោក ឈូក បណ្ឌិត បានប្តឹងប្រឆាំងនឹងការសម្រេចរបស់តុលាការខេត្តស្វាយរៀង ដែលបានផ្តន្ទាទោសកំបាំងមុខ ដាក់ពន្ធនាគារ ១ឆ្នាំកន្លះ លើលោក ឈូក បណ្ឌិត ពីបទបង្ករបួសស្នាមដោយអចេតនា។ ចំណែកក្រុមជនរងគ្រោះ បានប្តឹងតវ៉ា ប្រឆាំងនឹងការផ្តល់សំណង។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សវនាការ នៅតុលាការសាលាឧទ្ធរណ៍ នារសៀលម៉ោង ២ រសៀលថ្ងៃទី៣១តុលា លើសំណុំរឿងក្តីលោក ឈូក បណ្ឌិត នឹងត្រូវធ្វើឡើងជាសាធារណៈ បើកឲ្យមហាជនចូលរួមតាមដាន។ ក្រុមស្ត្រីកម្មករ ៣នាក់ រងគ្រោះ ក្នុងអំពើបាញ់ប្រហារ បង្កឡើងដោយអតីតអភិបាលក្រុង បាវិត លោក ឈូក បណ្ឌិត នឹងចូលរួមក្នុងសវនាការ។ ចំណែកលោក ឈូក បណ្ឌិត បាត់ដំណឹងសូន្យឈឹង មិនដឹងស្លាប់ឬរស់ ខណៈដែលប៉ូលិសតាមរកមិនឃើញ។
លោក ជិន លីដា មេធាវីការពារក្រុមស្ត្រីរងគ្រោះ បានឲ្យដឹងថា មេធាវីនិងជនរងគ្រោះបានទទួលដីកា កាលពីសប្តាហ៍មុន ពីតុលាការសាលាឧទ្ធរណ៍ ឲ្យចូលរួមសវនាការ នារសៀលថ្ងៃទី៣១តុលា។
តាមលោកមេធាវី សំណុំរឿងក្តីលោក ឈូក បណ្ឌិត បាញ់ស្ត្រីកម្មករ ត្រូវបានប្តឹងជំទាស់ ដោយខាងលោកឈូក បណ្ឌិត ដែលមិនសុខចិត្តនឹងការសម្រេចផ្តន្ទាទោសកំបាំងមុខ ដាក់ពន្ធនាគារលើលោកឈូក បណ្ឌិត ១ ឆ្នាំកន្លះ។ រីឯប៉ូលិសម្នាក់ទៀត លោក ស ចាន់ថា ក៏មិនសុខចិត្តនឹងការសម្រេចក្តីរបស់តុលាការ ដែលផ្តន្ទាទោសរូបលោក ដាក់ពន្ធនាគារ ៦ខែ ក្នុងរឿងកាន់កាប់អាវុធខុសច្បាប់។ ចំណែកក្រុមស្ត្រីកម្មកររងគ្រោះ ៣ នាក់ ក៏បានប្តឹងជំទាស់នឹងការសម្រេចរបស់តុលាការខេត្តស្វាយរៀង ដែលតម្រូវឲ្យលោក ឈូក បណ្ឌិត បង់ប្រាក់សងជំងឺចិត្តតិចតួច ដល់កម្មករទាំងបី ត្រឹមតែពី ៨លានរៀល ទៅ២០លានរៀល ខណៈដែលក្រុមស្ត្រីកម្មកររងគ្រោះ ទាមទារប្រាក់សំណង រហូតដល់ពី ៤០០០០ដុល្លារ ទៅ ៤៥០០០ ដុល្លារ។
ក្នុងដីកាសម្រេច កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ ចៅក្រមតុលាការខេត្តស្វាយរៀង បានចេញដីកា បញ្ជាឲ្យប៉ូលិសតាមចាប់ខ្លួនលោក ឈូក បណ្ឌិត យកមកដាក់ពន្ធនាគារ ពីបទបាញ់ឲ្យរបួសស្ត្រីកម្មករកាត់ដេរ ៣នាក់ ឲ្យរងរបួសធ្ងន់ ក្នុងព្រឹត្តិការណ៍តវ៉ា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២។
សកម្មជនសិទ្ធិមនុស្ស លោក មឿន តុលា បានបញ្ជាក់ថា ការសម្រេចផ្តន្ទាទោស លើលោក ឈូក បណ្ឌិត ត្រឹមតែ ១ឆ្នាំកន្លះ គឺស្រាលពេក ព្រោះលោកឈូក បណ្ឌិត បានដកកាំភ្លើងបាញ់កម្មករ មិនមែនជារឿងអចេតនាទេ។ មួយទៀត ទោះជាលោក ឈូក បណ្ឌិត ប្តឹងឧទ្ធរណ៍ ក៏មិនអាចលុបចោលដីកាតាមចាប់ខ្លួន លោក ឈូក បណ្ឌិត យកមកដាក់ពន្ធនាគារទេ។
យ៉ាងណាក៏ដោយ សកម្មជនសិទ្ធិមនុស្ស និងជនរងគ្រោះ រង់ចាំមើលតុលាការឧទ្ធរណ៍កាត់ក្តីលើករណីលោក ឈូក បណ្ឌិត នៅថ្ងៃទី៣១តុលា ដើម្បីឆ្លើយតបទៅនឹងការប្រកាសរបស់រដ្ឋាភិបាលអាណត្តិថ្មី ចំពោះការកែទម្រង់ស៊ីជម្រៅ លើប្រព័ន្ធច្បាប់ និងតុលាការ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ